ធនាគារ ABA គាំទ្រកម្មវិធីផ្គត់ផ្គង់អាហារ និងសម្ភារសិក្សារបស់ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE)
14/Sep/2026
ធនាគារ ABA បន្តការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រការអប់រំ និងសុខុមាលភាពរបស់កុមារ និងយុវជនកម្ពុជាដោយឧបត្ថម្ភថវិកាចំនួន 3,000 ដុល្លារអាមេរិក សម្រាប់កម្មវិធីផ្គត់ផ្គង់អាហារ និងសម្ភារសិក្សារបស់ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE)។
គំនិតផ្តួចផ្តើមនេះ មានគោលបំណងគាំទ្រកុមារខ្វះលទ្ធភាព ជាមួយអាហារដែលមានជីវជាតិគ្រប់គ្រាន់ និងសម្ភារសិក្សាចាំបាច់នានាដូចជា កាតាប សៀវភៅសរសេរ ខ្មៅដៃ ប៊ិច និងឯកសណ្ឋាន ដែលមានសារៈសំខាន់សម្រាប់ពួកគាត់ផ្ដោតលើការសិក្សា ក្នុងដំណើរឆ្ពោះទៅរកអនាគតដ៏រឹងមាំ។
កាលពីថ្ងៃទី10 ខែកញ្ញា កន្លងទៅថ្មីៗនេះ ក្រុមការងារ ABA ដឹកនាំដោយលោកស្រី លី វិទ្យា នាយិកាធនធានមនុស្ស បានអញ្ជើញចុះទៅអង្គការ PSE ផ្ទាល់ ដើម្បីប្រគល់ប្រាក់ឧបត្ថម្ភ និងផ្ដល់អាហារ ថ្ងៃត្រង់ដល់សិស្សានុសិស្សនៅទីនោះ។ ការចុះទស្សនកិច្ចនេះ បានផ្តល់ឱកាសឲ្យក្រុមការងារយល់ដឹងបន្ថែមអំពីកិច្ចការ និងសកម្មភាពប្រចាំរបស់អង្គការ PSE ព្រមទាំងបានជួបសំណេះសំណាលផ្ទាល់ជាមួយសិស្សានុសិស្ស ដើម្បីជ្រាបអំពីអត្ថប្រយោជន៍ជាក់ស្ដែងដែលសិស្សានុសិស្សទទួលបានតាមរយៈកម្មវិធីនេះ។
លោកស្រី លី វិទ្យា មានប្រសាសន៍ថា “នៅធនាគារ ABA ការគាំទ្រសហគមន៍ប្រកបដោយអត្ថន័យ ផ្តើមចេញពីការយល់ច្បាស់ពីតម្រូវការជាក់ស្ដែង និងឆ្លើយតបទៅនឹងតម្រូវការទាំងនោះ។ យើងខ្ញុំ សូមកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមរបស់ PSE ក្នុងការផ្តល់អាហារដែលមានជីវជាតិគ្រប់គ្រាន់ ដើម្បីពង្រឹងសុខភាព និងសុខុមាលភាពរបស់សិស្សានុសិស្ស និងផ្តល់នូវការអប់រំដែលសមស្របទៅនឹងទេពកោសល្យ និងសមត្ថភាពរបស់សិស្សម្នាក់ៗ”
លោកស្រីក៏បានបន្ដផងដែរថា “តាមរយៈការឧបត្ថម្ភនេះ ABA មានមោទនភាពក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ PSE និងសង្ឃឹមថា ការរួមចំណែកដ៏ស្ដួចស្ដើងនេះ អាចជួយឲ្យសិស្សានុសិស្សទទួលបានសម្ភារសិក្សាចាំបាច់ និងអាហារដែលមានជីវជាតិគ្រប់គ្រាន់។ យើងខ្ញុំជឿជាក់ថា ធនធានទាំងនេះ ពិតជាសំខាន់សម្រាប់ដំណើរសិក្សារបស់ពួកគាត់ ដែលនឹងជួយឲ្យពួកគាត់ទទួលបានចំណេះដឹង អភិវឌ្ឍសក្តានុពលរបស់ខ្លួន និងសម្រេចបំណងរបស់ខ្លួន ដោយភាពជឿជាក់”។
បង្កើតឡើងក្នុងឆ្នាំ 1996 អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ជាអង្គការក្រៅរដ្ឋាភិបាល ដែលមានបេសកកម្មជួយដល់កុមារក្រីក្រនៅកម្ពុជា។ តាមរយៈការអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការថែទាំ សុខភាព និងការគាំទ្រផ្នែកសង្គម អង្គការ PSE ផ្ដល់នូវឱកាស និងធនធានចាំបាច់ដែលកុមារត្រូវការសម្រាប់កសាងអនាគតដ៏ប្រសើររបស់ពួកគេ។
ការរួមចំណែកនេះ ឆ្លុះបញ្ចាំងពីការបន្តគាំទ្ររបស់ ABA ចំពោះគំនិតផ្ដួចផ្ដើមដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍ និងបង្កើតនូវបរិយាកាសដែលអាចឲ្យកុមារសិក្សារៀនសូត្រ និងរីកចម្រើន។







