ធនាគារ ABA គាំទ្រសហគ្រិនភាពក្នុងស្រុក តាមរយៈកម្មវិធីពិព័រណ៍ផលិតផលខ្មែរលើកទី 2 របស់ ស.ស.យ.ក.
13/Nov/2026
ធនាគារ ABA មានមោទនភាពចូលរួមក្នុងកម្មវិធី ពិព័រណ៍ផលិតផលខ្មែរលើកទី 2 ក្នុងនាមជា Gold Sponsor ដែលគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ខ្លួនទៅលើការគាំទ្រសហគ្រិនភាពក្នុងស្រុក លើកកម្ពស់ផលិតផលផលិតក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចជាតិ។
រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមប្រធានបទ “ខ្មែរធ្វើបាន” កម្មវិធីពិព័រណ៍រយៈពេល 3 ថ្ងៃនេះ បានប្រព្រឹត្តឡើងនៅថ្ងៃទី6-8 ខែវិច្ឆិកា ដែលប្រមូលផ្តុំប្រមាណជាង 200 ស្តង់ ដែលបង្ហាញអំពីផលិតផលខ្មែរពីទូទាំងប្រទេស។
ពិធីបើកម្មវិធី ក៏បានអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជំទាវទី1 នៃព្រះរាជាណាចក្រកម្ពុជា អមដោយអ្នកតំណាងពីស្ថាប័នរដ្ឋាភិបាល ដៃគូឧបត្ថម្ភនានា និងភ្ញៀវកិត្តិយសផ្សេងៗផងដែរ។
ជាផ្នែកមួយនៃកម្មវិធី ABA ក៏បានរាក់ទាក់អតិថិជននៅបញ្ជររបស់ខ្លួនផ្ទាល់ ដែលពួកគេអាចស្វែងយល់អំពីផលិតផល និងសេវាកម្មរបស់ធនាគារ និងលេងហ្គេមដើម្បីឈ្នះយករង្វាន់ជាច្រើនផងដែរ។
តាមរយៈការឧបត្ថម្ភនេះ ABA បានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ផលិតផលខ្មែរ និងគាំទ្រអាជីវកម្ម និងសហគ្រិនជាមួយដំណោះស្រាយធនាគារដែលជួយពួកគេក្នុងការទទួលបានដើមទុន បង្កើនប្រតិបត្តិការ និងពង្រីកទៅកាន់ឆាកអន្តរជាតិ។







