​ធនាគារ​ ABA​ គាំទ្រ​មន្ទីរពេទ្យ​កុមារ​អង្គរ​ ដើម្បី​ពង្រឹង​សេវា​សុខភាព​កុមារ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​

19/Aug/2024

aba angkor hospital children khaba angkor hospital children kh
aba angkor hospital children kh-1aba angkor hospital children kh-1
aba angkor hospital children kh-2aba angkor hospital children kh-2
aba angkor hospital children kh-3aba angkor hospital children kh-3

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​1 បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU)​ ជាមួយ​ មន្ទីរពេទ្យ​កុមារ​អង្គរ​ (AHC)​ ដើម្បី​បរិច្ចាគ​ថវិកា​ចំនួន​ 60​ 000​ ដុល្លា​អា​មេ​រិ​ក​ សំដៅ​គាំទ្រ​ការ​ប្តេជ្ញា​ចិត្ត​ របស់​មន្ទីរពេទ្យ​ ក្នុង​ការ​យកចិត្តទុកដាក់​លើ​សុខភាព​ និង​សុខុមាលភាព​កុមារ​នៅ​កម្ពុជា​។

​ពិធី​ចុះហត្ថលេខា​លើ​ អនុស្សរណៈ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ ការិយាល័យ​កណ្តាល​របស់​ធនាគារ​ ABA​ នា​ថ្ងៃ​ទី​16​ ខែសីហា​ ឆ្នាំ​2024​ ក្រោម​វត្តមាន​របស់​ វេជ្ជបណ្ឌិត​ ងួ​ន​ ច័ន្ទ​ភក្ត្រា​ នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ​ លោក​ Igor​ Zimarev​ នាយក​ទីផ្សារ​ និង​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម​ នៃ​ធនាគារ​ ABA​ រួម​ទាំង​តំណាង​ជាន់ខ្ពស់​របស់​ស្ថាប័ន​ទាំង​ពីរ​។​ ​

ក្រោម​កិច្ចសហការ​ដែល​មាន​រយៈពេល​ 3​ ឆ្នាំ​នេះ​ ធនាគារ​ ABA​ នឹង​ផ្តល់​ថវិកា​ចំនួន​ 20​ 000​ ដុល្លារ​អា​មេ​រិ​ក​ ក្នុង​មួយ​ឆ្នាំ​ ជូន​ដល់​គម្រោង​ Endowment​ Fund​ របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​។​ ការ​គាំទ្រ​នេះ​ នឹង​ធានា​ផ្តល់​នូវ​មូលនិធិ​គ្រប់គ្រាន់​ សម្រាប់​រយៈពេល​វែង​ដល់​មន្ទីរពេទ្យ​ ដើម្បី​ជួយ​សម្រួល​ និង​ពង្រីក​សេវា​សុខភាព​ ជូន​ដល់​កុមារ​ឲ្យ​កាន់តែ​មានគុណ​ភាព​ខ្ពស់​ ទៅ​ថ្ងៃ​អនាគត​។

​ជំនួយ​ហិរញ្ញវត្ថុ​នេះ​ នឹង​អាច​ជួយ​បង្កើន​សេវា​ព្យាបាល​ និង​សេវា​ទាំ​សុខភាព​ដល់​កុមារ​គ្រប់​រូប​ គ្រប់​ស្ថានភាព​គ្រួសារ​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ ​

លោក​ Igor​ Zimarev​ នាយក​ទីផ្សារ​ និង​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម​ នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​ នៅ​ធនាគារ​ ABA​ មាន​សេចក្តី​សោមនស្ស​ ក្នុង​ការ​ចូលរួម​បរិច្ចាគ​ទឹកប្រាក់​ចំនួន​ 60​ 000​ ដុល្លា​អា​មេ​រិ​ក​ ជូន​ដល់​ គម្រោង​ Endowment​ Fund​ របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ដើម្បី​គាំទ្រ​ការងារ​ដ៏​សំខាន់​របស់​មន្ទីរពេទ្យ​។​ កិច្ចសហការ​នេះ​មិន​ត្រឹមតែ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ទេ​ គឺជា​ការ​ចូលរួម​ចំណែក​ក្នុង​ដំណើរ​ជីវិត​កាន់តែ​ប្រសើរ​របស់​កុមារ​ក្នុង​សហគមន៍​យើង​។​ យើងខ្ញុំ​ជឿជាក់​ថា​ កុមារ​គ្រប់​រូប​គួរ​ទទួល​បានការ​ថែទាំ​សុខភាព​ ដែល​មានគុណ​ភាព​ខ្ពស់​ ហើយ​យើងខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​គាំទ្រ​ការងារ​ដ៏​សំខាន់​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​។

​”​វេជ្ជបណ្ឌិត​ ងួ​ន​ ច័ន្ទ​ភក្ត្រា​ នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ​ មាន​ប្រសាសន៍​ថា​ “​តំណាង​ឲ្យ​មន្ទីរពេទ្យ​កុមារ​អង្គរ​ ខ្ញុំ​ពិតជា​មាន​សេចក្តី​រំភើប​រីករាយ​ជាមួយ​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ រវាង​មន្ទីរពេទ្យ​យើង​ និង​ធនាគារ​ ABA​ ក្នុង​នាម​ជា​ដៃគូ​ដែល​តែងតែ​ផ្ដល់​ការ​គាំទ្រ​។​ អនុស្សរណៈ​នេះ​ នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ដែល​អនុញ្ញាត​ឲ្យ​មន្ទីរពេទ្យ​កុមារ​អង្គរ​ បន្ត​ផ្តល់​ការ​ពិនិត្យ​ ព្យាបាល​ និង​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​ខ្ពស់​បាន​កាន់តែ​ច្រើន​ និង​ក្នុង​រយៈពេល​វែង​ ដល់​កុមារ​ពី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​ដែល​មក​ទទួល​សេវា​សុខភាព​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។​” ​

កន្លង​មក​ធនាគារ​ ABA​ បាន​សហការ​គាំទ្រ​មន្ទីរពេទ្យ​កុមារ​អង្គរ​ជា​ច្រើន​គម្រោង​រួច​មក​ហើយ​។​ ក្រៅពី​ជំនួយ​ហិរញ្ញវត្ថុ​ ABA​ បាន​បញ្ចូល​មុខងារ​បរិច្ចាគ​តាម​ ABA​ Mobile​ ដែល​បង្កើន​ភាព​ងាយស្រួល​ដល់​អតិថិជន​ ABA​ ក្នុង​ការ​បរិច្ចាគ​ជូន​ដល់​មន្ទីរពេទ្យ​។

​តាម​រយៈ​ការ​គាំទ្រ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ABA​ មិន​ត្រឹមតែ​រួមចំណែក​ជួយ​ដល់​តម្រូវការ​បន្ទាន់​ផ្នែក​ថែទាំ​សុខភាព​របស់​កុមារ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​កាយវិការ​នេះ​ ក៏​ជា​ការ​វិនិយោគ​លើ​សេវា​ថែទាំ​សុខភាព​កុមារ​រយៈពេល​វែង​ផង​ដែរ​ ដែល​សម​ស្រប​ទៅ​នឹង​គោលការណ៍​ទំនួល​ខុស​ត្រូវ​សង្គម​ (CSR)​ របស់​ធនាគារ​៕

​អំពី​មន្ទីរពេទ្យ​កុមារ​អង្គរ​
មន្ទីរពេទ្យ​កុមារ​អង្គរ​ គឺជា​អង្គភាព​សុខភាព​មិន​ស្វែងរក​ប្រាក់​ចំណេញ​ ដែល​ផ្តល់​សេវា​សុខភាព​កុមារ​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប​។​ ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​ មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ជួយ​សង្គ្រោះ​ជីវិត​កុមារ​រាប់​លាន​នាក់​ ផ្តល់​ការ​អប់រំ​បង្ការ​សុខភាព​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ សាលារៀន​ មណ្ឌល​សុខភាព​ និង​ អប់រំ​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ​ដល់​មន្ត្រី​សុខាភិបាល​ និស្សិត​វេជ្ជសាស្ត្រ​ គិលានុបដ្ឋាក​ និង​ឆ្មប​។​ ជា​ទូទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ ទទួល​ពិនិត្យ​ ព្យាបាល​ ថែទាំ​កុមារ​ប្រមាណ​ ៣០០​ ទៅ​៤០០​នាក់​ ក្នុង​មួយ​ថ្ងៃៗ​ និង​ត្រូវការ​ជំនួយ​ ប្រមាណ​ ៦​លាន​ដុល្លារ​ ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ដំណើរការ​មន្ទីរពេទ្យ​ និង​សកម្មភាព​អប់រំ​នានា​។​ ​ព័ត៌មាន​លម្អិត​៖​ www.angkorhospital.org

1ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ 2021-2023 ។