ធនាគារ ABA គាំទ្រអង្គការ ទឹកចិត្តម្តាយ ដើម្បីជួយស្ត្រីដែលងាយរងគ្រោះ
11/Jun/2018
ដើម្បីប្រកាន់ខ្ជាប់នូវគោលការណ៍វិភាគទានសង្គមរបស់ខ្លួន និងរួមចំណែកក្នុងការពង្រឹងសមត្ថភាពស្ត្រីកម្ពុជា ធនាគារ ABA មានមោទនភាពក្នុងការសហការរៀបចំកម្មវិធីប្រមូលថវិកាដែលមានឈ្មោះថា “Heart of the Party” ជាមួយអង្គការទឹកចិត្តម្តាយកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីគាំទ្រដល់ស្ត្រីមេម៉ាយដែលងាយរងគ្រោះ និងកូនដែលទើបនឹងកើតរបស់ពួកគេ។
កម្មវិធីនេះមានគោលបំណងប្រមូលថវិកាឲ្យបានចំនួន ៨,០០០ ដុល្លារ ដែលចំនួននេះអាចជួយឧបត្ថម្ភដល់ការថែទាំស្ត្រីចំនួន១២នាក់ ក្នុងរយៈពេល១ឆ្នាំពេញ ដើម្បីធានាថាពួកគេនឹងពពោះដោយជោគជ័យ សម្រាលកូនដោយសុវត្ថិភាព ក៏ដូចជាការថែទាំក្រោយសម្រាលដល់កូនដែលទើបនឹងកើតថែមទៀតផង។
ចូលរួមមានមតិក្នុងកម្មវិធីនេះ លោកស្រី ធៀម រមនី ប្រធានសាខាថ្នាក់តំបន់របស់ធនាគារ ABA បានមានប្រសាសន៍ថា “នាងខ្ញុំរីករាយមែនទែនដែលមានវត្តមាននៅទីនេះក្នុងនាមជាតំណាងឲ្យធនាគារ ABA ដើម្បីបុព្វហេតុដ៏ល្អមួយនេះ ហើយ ABA ក៏មានកិត្តិយសដែលបានរួមចំណែកក្នុងការផ្តួចផ្តើមដើម្បីជួយដល់ប្រជាជនខ្មែរដែលជួបប្រទះផលវិបាកបែបនេះ”។ លោកស្រីក៏បានបន្តទៀតថា “ក្នុងនាមជាមាតាម្នាក់ដែរ ខ្ញុំដឹងថាការពពោះ និងការធ្វើជាម្តាយគេ វាពិបាកយ៉ាងណា។ ដូច្នេះ ខ្ញុំសង្ឃឹមថា ថវិកាដែលប្រមូលបាននេះ នឹងអាចបង្កឲ្យមានឥទ្ធិពលខ្លាំង ជាពិសេសនៅពេលដែលស្ត្រីដែលយើងបានជួយ ក្លាយទៅជាបុគ្គលដែលមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងជាពលរដ្ឋសកម្មនៅថ្ងៃអនាគត”។
ជាមួយភាពជោគជ័យដ៏ត្រចះត្រចង់ កម្មវិធី “Heart of the Party” បានសម្រេចលទ្ធផលលើសអ្វីដែលស្មានទុក ដោយប្រមូលថវិកាបានជាង ៨,០០០ ដុល្លារ តាមរយៈការលក់សំបុត្រចូលរួមកម្មវិធី ការចាប់ឆ្នោតផ្សងសំណាង និងការដេញថ្លៃជាសម្ងាត់ ដែលទើបតែបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ។
អំពីអង្គការទឹកចិត្តម្តាយ៖
អង្គការទឹកចិត្តម្តាយ គឺជាអង្គការមិនរកប្រាក់ចំណេញដែលធ្វើការដើម្បីជួយដល់ស្ត្រីមេម៉ាយងាយរងគ្រោះ ជាពិសេសស្ត្រីៗដែលមានវ័យក្មេង និងជាម្តាយលើកដំបូង ដើម្បីធានាឲ្យពួកគេមានការពពោះ ការសម្រាលកូន និងការថែទាំក្រោយសម្រាលប្រកបដោយសុវត្ថិភាព។ អង្គការនេះផ្តល់ឲ្យស្ត្រីនូវការផ្តល់ប្រឹក្សាយោបល់ សន្ធានកម្មនៅតាមសហគមន៍ សេវាជំនួយនានា និងការថែទាំវេជ្ជសាស្ត្រក្នុងអំឡុងពេលពពោះ ព្រមទាំងអប់រំពួកគេជាជម្រើសទាំងឡាយដែលពួកគេអាចទទួលបាន។ អង្គការទឹកចិត្តម្តាយបន្តគាំទ្រស្ត្រីៗងាយរងគ្រោះទាំងនោះរហូតដល់ពួកគេឈានដល់ភាពជាម្តាយ តាមរយៈការពង្រឹងសមត្ថភាពដល់ពួកគេដើម្បីឲ្យពួកគេក្លាយជាជនឯករាជ្យ ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវហិរញ្ញវត្ថុ។