ធនាគារ ABA គាំទ្រគម្រោង “ទៅរៀន ដើម្បីអនាគតខ្ញុំ” របស់ JCI
10/Jul/2018
ដើម្បីប្រណិបត្តិគោលការណ៍វិភាគទានសង្គមរបស់ខ្លួន ក៏ដូចជារួមចំណែកក្នុងការពង្រឹងការអប់រំនៅតាមទីជនបទនៃប្រទេសកម្ពុជា ធនាគារ ABA មានមោទនភាពក្នុងការចូលរួមជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ ហៅកាត់ថា JCI ដើម្បីរៀបចំគម្រោង “ទៅរៀនដើម្បីអនាគតខ្ញុំ” ឬ Bag to School នៅសាលាបឋមសិក្សាអណ្តូងស្វាយ ក្នុងស្រុកក្រ-គ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី01 ខែកក្កដា ឆ្នាំ 2018 កន្លងទៅនេះ។
គម្រោង “ទៅរៀនដើម្បីអនាគតខ្ញុំ” ត្រូវបានរៀបចំធ្វើឡើងអស់រយៈពេល៦ឆ្នាំជាប់ៗគ្នា ហើយឆ្នាំនេះ ធនាគារ ABA មានក្តីរីករាយដោយបានចូលរួមចំណែកគាំទ្របុព្វហេតុជួយសង្គមមួយនេះ ជាលើកដំបូង។
ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី លោក ឈូ ខេងលី ប្រធានសាខាធនាគារ ABA ប្រចាំខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា “យើងទាំងអស់គ្នានៅធនាគារ ABA មានក្តីសោមនស្សរីករាយដែលមានវត្តមាននៅថ្ងៃនេះ រួមជាមួយអ្នកឧបត្ថម្ភកម្មវិធី ក៏ដូចជាក្រុមការងាររបស់ JCI ដើម្បីផ្តល់សម្ភារៈសិក្សា សម្ពោធបើកឲ្យប្រើបរិក្ខារសាលា និងដាំដើមឈើក្នុងសាលាបឋមសិក្សាអណ្តូងស្វាយ”។
លោកបន្ថែមថា “យើងសង្ឃឹមថាការរួមចំណែកនេះ នឹងដើរតួជាឈ្នាន់ដើម្បីឲ្យកុមារា-កុមារីដែលមានវត្តមាននៅថ្ងៃនេះ និងក្មេងៗជំនាន់ក្រោយៗទៀត មានជាគំនិតចេះប៉ងប្រាថ្នាចង់បានខ្ពស់ មានអនាគតប្រសើរឡើង និងអភិវឌ្ឍជីវិតរបស់ពួកគេ”។
សម្ភារៈសិក្សាសម្រាប់ការសិក្សាពេញមួយឆ្នាំ ត្រូវបានផ្តល់ជូនសិស្សានុសិស្សចំនួន 230 នាក់ មកពីសាលាបឋមសិក្សាចំនួន 2 គឺសាលាអណ្តូងស្វាយ និងរលាភស្រងាំ។ លើសពីនេះ បរិក្ខារសាលាដូចជា អណ្តូងស្នប់ តារាងបាល់ទះ ច្រកទ្វារសាលា និងដងទង់ជាតិថ្មីៗសន្លាងដែលទើបតែសាងសង់រួច រួមជាមួយដើមឈើប្រមាណ 5-6 ដើមដែលបានដាំក្នុងបរិវេណសាលា ក៏ត្រូវបានសម្ពោធដាក់ឲ្យប្រើនាឱកាសនោះផងដែរ។
កម្មវិធីនេះ ត្រូវបានបញ្ចប់ទៅដោយសកម្មភាពកម្សាន្តនានាដូចជា ការប្រកួតអំនាន ល្បែងល្បងប្រាជ្ញា ការប្រកួតបាល់ទះ និងសកម្មភាពនានាផ្សេងទៀត ដើម្បីជំរុញឲ្យសិស្សានុសិស្សចូលរួម ក៏ដូចជាសង្កត់ធ្ងន់បន្ថែមទៀតពីសារៈសំខាន់នៃកិច្ចធ្វើការជាក្រុម។
អំពីគម្រោង “ទៅរៀនដើម្បីអនាគតខ្ញុំ”
“ទៅរៀនដើម្បីអនាគតខ្ញុំ” គឺជាគម្រោងដែលបានផ្តួចផ្តើមឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិសិង្ហបុរី សាខា Marina និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការអប់រំកម្រិតបឋមនៅតាមទីជនបទនៃកម្ពុជា។ “ទៅរៀនដើម្បីអនាគតខ្ញុំ” ប្រមូលថវិកា និងសម្ភារៈនានា ដើម្បីផ្តល់ជូនទៅដល់សិស្សានុសិស្សដែលនៅទីជនបទ។ នៅក្នុងឆ្នាំ 2018 គម្រោង “ទៅរៀនដើម្បីអនាគតខ្ញុំ” មានគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សអាចទទួលបានសម្ភារៈសិក្សា មានថ្នាក់រៀនត្រឹមត្រូវ ប្រកបដោយបរិយាកាសសិក្សាល្អបំព្រង និងសម្ភារៈបណ្ណាល័យគ្រប់គ្រាន់ល្អ ដែលទាំងអស់នេះអាចជួយបង្កើនការលើកទឹកចិត្តឲ្យសិស្សចង់រៀន និងក្របយកចំណេះដឹងប្រកបដោយប្រសិទ្ធភាពខ្ពស់។ រួមជាមួយសកម្មភាពដែលមានអត្ថន័យ សិស្សានុសិស្សនឹងរីករាយ ក៏ដូចជាទទួលបានការជំរុញទឹកចិត្តឲ្យស្រឡាញ់សាលារៀន និងការសិក្សារៀនសូត្រ។
អំពីសភាយុវពាណិជ្ជករអន្តរជាតិ
សភាយុវពាណិជ្ជករអន្តរជាតិ (JCI) គឺជាអង្គការមិនរកប្រាក់ចំណេញដែលអនុវត្តសកម្មភាពការងារដោយពលរដ្ឋសកម្មដែលមានវ័យពី18 ដល់ 40 ឆ្នាំពីសហគមន៍ប្រមាណ 5,000កន្លែង និងពី 100 ជាងប្រទេសនៅជុំវិញពិភពលោក ដែលចូលរួម និងប្តេជ្ញាចិត្តធ្វើយ៉ាងណាបង្កឥទ្ធិពលជាវិជ្ជមានដល់សហគមន៍របស់ពួកគេ។ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ ត្រូវបានបង្កើតឡើងនៅថ្ងៃទី 06 ខែមីនា ឆ្នាំ 2011 នៅពេលដែល JCI ត្រូវបាននាំមកប្រទេសកម្ពុជាជាលើកដំបូង ហើយ JCI កម្ពុជា សាខាភ្នំពេញ គឺជាសាខាទី 1 នៃ JCI កម្ពុជា ដែលបំពេញភារកិច្ច លើកទឹកចិត្តយុវជនខ្មែរឲ្យក្លាយជាពលរដ្ឋសកម្ម ស្វែងរកភាពជាអ្នកដឹកនាំ ក៏ដូចជាធ្វើឲ្យមានការផ្លាស់ប្តូរបែបវិជ្ជមាននៅក្នុងសង្គម។