ធនាគារ ABA ពង្រឹងសេវាសុវត្ថិភាពជាមួយនឹងការវាយតម្លៃឯករាជ្យនៃកម្មវិធីសុវត្ថិភាពអតិថិជន Swift
11/Aug/2025

ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា មានមោទនភាព សូមប្រកាសអំពីការបញ្ចប់ការវាយតម្លៃឯករាជ្យដោយជោគជ័យ នៃកម្មវិធីសុវត្ថិភាពអតិថិជន Swift (CSP)។ សមិទ្ធផលនេះ គូសបញ្ចាក់ពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ ABA ទៅលើឧត្តមភាពនៃស្តង់ដារសុវត្ថិភាព និងពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏មានសុវត្ថិភាពបំផុតប្រចាំប្រទេស។
វាយតម្លៃដោយ AGES ដែលជាស្ថាប័នវាយតម្លៃ Swift ដ៏ល្បីល្បាញក្នុងប្រទេសសិង្ហបុរី ធនាគារ ABA ត្រូវបានទទួលការវាយតម្លៃផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធទូទាត់ Swift, នីតិវិធី, និងការគ្រប់គ្រងសុវត្ថិភាពរបស់ធនាគារ ។
ក្រោមការពិនិត្យ និងវិនិច្ឆ័យយ៉ាងហ្មត់ចត់ ការសម្រេចបាននេះ បញ្ជាក់ពីការអនុលោមយ៉ាងពេញលេញជាមួយនឹងតម្រូវការចាំបាច់នៃគោលការណ៍សុវត្ថិភាពរបស់ Swift។ អតិថិជនអាចធានាបាននូវសុវត្ថិភាព ទៅលើការផ្ទេរប្រាក់អន្តរជាតិ ដោយហេដ្ឋារចនាសម្ព័ន្ធទូទាត់ពាក់ព័ន្ធនឹង Swift របស់ធនាគារ មានការការពារយ៉ាងរឹងមាំពីហានិភ័យសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណែត (cyber) ។
លោកស្រី ហៀន ប៉ូលីនដា អគ្គនាយិការង និងជានាយិកាធុរកិច្ចអន្តរជាតិនៃធនាគារ ABA មានប្រសាសន៍ថា “សុវត្ថិភាពមិនគ្រាន់តែជាការអនុលោមចាំបាច់ប៉ុណ្ណោះទេ – វាជាមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តក្នុងវិស័យធនាគារ។ យើងខ្ញុំ ពីធនាគារ ABA មានមោទនភាពដែលបានបញ្ចប់នូវការវាយតម្លៃឯករាជ្យនៃកម្មវិធីសុវត្ថិភាពអតិថិជន Swift ដោយជោគជ័យ ដែលបន្តជំរុញការខិតខំប្រឹងប្រែងរបស់យើង ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត ជូនដល់អតិថិជនគ្រប់រូប។”
សម្លឹងទៅមុខ ABA នឹងបន្តវិនិយោគលើគោលការណ៍សុវត្ថិភាពទំនើប និងកំណត់ស្តង់ដាគំរូសម្រាប់ការការពារទិន្នន័យអតិថិជន ក្នុងវិស័យហិរញ្ញវត្ថុ។

