ធនាគារ ABA ក្លាយជាអ្នកឧបត្ថម្ភ Diamond នៃវេទិកាជំនួបសហគ្រិនហ្រ្វង់កូហ្វូន (REF) 2026
16/Nov/2026
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានចូលរួមជាអ្នកឧបត្ថម្ភធំ (Diamond Sponsor) នៃវេទិកាជំនួបសហគ្រិនហ្រ្វង់កូហ្វូន (Rencontre des Entrepreneurs Francophones - REF) 2026 ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រការតភ្ជាប់ធុរកិច្ចអន្តរជាតិ ការវិនិយោគ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា អាស៊ីអាគ្នេយ៍ និងប្រទេសនានាក្នុងសហគមន៍ហ្វ្រង់កូហ្វូន។
ក្រោមគោលគំនិត «ហ្វ្រង់កូហ្វូនសេដ្ឋកិច្ចជាក់ស្តែង» (Concrete Economic Francophonie) វេទិកានេះមានគោលបំណងជំរុញឱ្យទំនាក់ទំនងការទូតដ៏រឹងមាំក្នុងសហគមន៍ហ្វ្រង់កូហ្វូន ប្រែក្លាយទៅជាកាលានុវត្តភាពសេដ្ឋកិច្ចជាក់ស្តែង និងជាកម្លាំងជំរុញកំណើនវិស័យឯកជនប្រកបដោយប្រសិទ្ធភាព។ កម្មវិធីនេះផ្តោតលើការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ការផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ ការលើកកម្ពស់នវានុវត្តន៍ និងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
វេទិកាជំនួបសហគ្រិនហ្រ្វង់កូហ្វូន 2026 ត្រូវបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា (CCC) សហការជាមួយ សម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូនី (Alliance des Patronats Francophones - APF) និងបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី 13 ដល់ 15 ខែវិច្ឆិកា ឆ្នាំ 2026។ ព្រឹត្តិការណ៍នេះបានបង្កើតនូវស្នាដៃថ្មីមួយក្នុងប្រវត្តិសាស្ត្រ ដោយនេះគឺជាលើកដំបូងដែល វេទិកាជំនួបសហគ្រិនហ្រ្វង់កូហ្វូន ត្រូវបានរៀបចំឡើងនៅតំបន់អាស៊ីអាគ្នេយ៍។
វេទិកាជំនួបសហគ្រិនហ្រ្វង់កូហ្វូន 2026 បានប្រមូលផ្តុំថ្នាក់ដឹកនាំធុរកិច្ច វិនិយោគិន សហគ្រិន និងអ្នករៀបចំគោលនយោបាយជាង 1,000 នាក់ មកពីជាង 30 ប្រទេស ជុំវិញពិភពលោក ដោយបង្កើតបានជាវេទិកាដ៏សកម្មសម្រាប់ការផ្លាស់ប្តូរយោបល់ ការកសាងភាពជាដៃគូ និងការស្វែងរកឱកាសធុរកិច្ចឆ្លងព្រំដែន។
ក្នុងនាមជាអ្នកឧបត្ថម្ភធំ Diamond Sponsor ធនាគារ ABA បានគាំទ្រវេទិកាដែលជួយពង្រឹងកិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងជំរុញការតភ្ជាប់ និងការចូលរួមប្រកបដោយអត្ថន័យរវាងអាជីវកម្មមកពីវិស័យ និងទីផ្សារផ្សេងៗគ្នា។ ការចូលរួមនេះស្របតាមបេសកកម្មរបស់ធនាគារ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងជួយអាជីវកម្មឱ្យចាប់យកឱកាសកាន់តែទូលំទូលាយ ទាំងក្នុងស្រុក និងនៅលើទីផ្សារអន្តរជាតិ តាមរយៈដំណោះស្រាយធនាគារសាជីវកម្ម និងសេវាហិរញ្ញប្បទានពាណិជ្ជកម្មដ៏ទូលំទូលាយរបស់ខ្លួន។
តាមរយៈការចូលរួមក្នុង វេទិកាជំនួបសហគ្រិនហ្រ្វង់កូហ្វូន 2026 ធនាគារ ABA បានបន្តលើកកម្ពស់សហគ្រិនភាព គាំទ្រពាណិជ្ជកម្មអន្តរជាតិ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចដែលជួយបង្កើតឱកាសថ្មីៗសម្រាប់អាជីវកម្មកម្ពុជា និងដៃគូអន្តរជាតិ។ ដោយផ្អែកលើការយល់ដឹងច្បាស់លាស់អំពីទីផ្សារកម្ពុជា និងសមត្ថភាពតភ្ជាប់ទៅកាន់បណ្តាញធនាគារអន្តរជាតិ ធនាគារ ABA បន្តដើរតួនាទីជាដៃគូហិរញ្ញវត្ថុដ៏គួរឲ្យទុកចិត្ត ក្នុងការគាំទ្រកំណើនអាជីវកម្ម និងការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងសេដ្ឋកិច្ចសកល។







