ធនាគារ ABA ឧបត្ថម្ភគណៈប្រតិភូកម្ពុជា ដឹកនាំដោយ ធនាគារជាតិនៃកម្ពុជា ចូលរួមក្នុង វេទិកាបរិយាបន្នបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេស Rwanda
27/Jun/2023
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេ1 និងជាធនាគារឌីជីថលឈានមុខមួយនៅប្រទេសកម្ពុជា មានមោទនភាពដែលបានក្លាយជាអ្នកឧបត្ថម្ភ (platinum sponsor) ជូនគណៈប្រតិភូកម្ពុជា ដឹកនាំដោយធនាគារជាតិនៃកម្ពុជា ឆ្ពោះទៅកាន់ប្រទេស Rwanda ចូលរួមក្នុង វេទិកាបរិយាបន្នបច្ចេកវិទ្យាហិរញ្ញវត្ថុ ពីថ្ងៃ 20-22 ខែមិថុនា ឆ្នាំ 2023។
វេទិកាបរិយាបន្នបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រជុំដោយអ្នកបង្កើតគោលនយោបាយ សហគ្រិន វិនិយោគិន ក្រុមហ៊ុនសាជីវកម្ម បណ្ដាអង្គការ និងមូលនិធី ដើម្បីស្វែងរកយុទ្ធសាស្ត្រជំរុញដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រកបដោយ បរិយាបន្ន និងចីរភាព។ ក្នុងនាមជាអ្នកឧបត្ថម្ភ (platinum sponsor) ជូនគណៈប្រតិភូកម្ពុជា ធនាគារ ABA ទទួលស្គាល់នូវគុណតម្លៃដ៏ធំធេងនៃវេទិកានេះ ក្នុងការសហការ និងចែករំលែកចំណេះដឹងជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីជំរុញឲ្យវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែបោះជំហានទៅមុខ។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា “យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះវេទិកាបែបនេះ ហើយមានមោទនភាពដែលបានចូលរួមជាអ្នកឧបត្ថម្ភ ជូនគណៈប្រតិភូកម្ពុជា ទីកាន់ប្រទេស Rwanda សម្រាប់ វេទិកាបរិយាបន្នបច្ចេកវិទ្យាហិរញ្ញវត្ថុ” ។
“តាមរយៈឌីជីថលូបនីយកម្ម និងនវានុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ យើងខ្ញុំកំពុងកែប្រែមុខមាត់នៃឧស្សាហកម្មធនាគារ និងផ្តល់ជូនអតិថិជននូវសេវាហិរញ្ញវត្ថុដែលងាយស្រួល អាចប្រើប្រាស់បាន និងមានសុវត្ថិភាព។ យើងខ្ញុំ ត្រៀមរួចជាស្រេចក្នុងការចូលរួម និងបង្កើតភាពជាដៃគូ ជាមួយភាគីពាក់ព័ន្ធនានាដែលមានគោលគំនិត និងចក្ខុវិស័យដូចគ្នា នៅក្នុងវេទិកានេះ ដែលនឹងជំរុញការអភិវឌ្ឍ និងការរីកចម្រើននៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា” ។
នៅធនាគារ ABA យើងខ្ញុំប្តេជ្ញាជំរុញដល់ទិដ្ឋភាពបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កម្ពុជា និងនាំយកគំនិតច្នៃប្រឌិតប្រកដោយនវានុវត្តទៅក្នុងវិស័យធនាគារ។ តាមរយៈផលិតផល និងសេវាធនាគារឌីជីថលរបស់ ABA យើងខ្ញុំបានអនុញ្ញាតឲ្យអតិថិជនអាចប្រើសេវាហិរញ្ញវត្ថុបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជាលទ្ធផល យើងខ្ញុំបានឃើញនូវកំណើនដ៏គួរឲ្យកត់សម្គាល់ នៃចំនួនអតិថិជនរបស់យើង ជាពិសេសក្នុងចំណោមប្រជាពលរដ្ឋពេញវ័យរបស់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋដែលមិនទាន់មានគណនីធនាគារ។
សម្រាប់ព័ត៌មានបន្ថែមអំពីវេទិកានេះ សូមចូលទៅកាន់វិបសាយផ្លូវការ www.inclusivefintechforum.com ។
1 ធនាគារ ABA ជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើ ទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ នេះបើយោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។