ធនាគារ ABA បានឧបត្ថមសម្រាប់គម្រោងកិច្ចសហការរៀបចំចងក្រងទិន្នន័យឌីជីថលផ្សព្វផ្សាយគោលនយោបាយ ច្បាប់ និងលខិតបទដ្ឋានគតិយុត្តវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
05/Jul/2024
ធនាគារ ABA ដែលជាធនាគារផ្តល់សេវាដំណោះស្រាយហិរញ្ញវត្ថុឌីជីថលឈានមុខនៅកម្ពុជា បានចូលរួមគាំទ្រ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចងក្រងទិន្នន័យឌីជីថលផ្សព្វផ្សាយគោលនយោបាយ ច្បាប់ និងលខិតបទដ្ឋានគតិយុត្ត ក្នុងគេហទំព័របណ្ណាល័យច្បាប់ឌីជីថលរបស់ក្រសួង។
នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី ប្រព័ន្ធផ្ទេរកម្មសិទ្ធិ បង្កើត/លុបហ៊ីប៉ូតែក បណ្ណាល័យអេឡិចត្រូនិក និងប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុង។ កម្មវិធីទាំងនេះ មានការសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយ បណ្ណាល័យច្បាប់ឌីជីថលអាចចូលបានតាមរយៈគេហទំព័រ https://elibrary.mlmupc.gov.kh។
ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទាំងនេះ មានការចូលរួមក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ លោកស្រី ធាម រមណីយ នាយិកាទំនាក់ទំនងគូភាគី - ប្រធានគ្រប់គ្រងតំបន់ ABA ជាអ្នកតំណាងធនាគារ និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតគេហទំព័របណ្ណាល័យច្បាប់ឌីជីថលឡើងក្នុងគោលបំណង ចងក្រងទិន្នន័យលិខិតបទដ្ឋានគតិយុត្តក្នុងក្របខណ្ឌវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណងនៅកន្លែងតែមួយ។ ទិន្នន័យក្នុងគេហទំព័រនេះរួមមានលិខិតបទដ្ឋានគតិយុត្ត ជាច្រើនចាប់ពី គោលនយោបាយ ព្រះរាជក្រឹត្យ រហូតទៅដល់ អនុក្រឹត្យ សេចក្តីសម្រេច សេចក្តីប្រកាសព័ត៌មាន និងឯកសារផ្សេងៗ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ការស្រាវជ្រាវនិងសិក្សារបស់សាធារណជន។
ក្នុងនាមជាធនាគារពាណិជ្ជធំបំផុត ABA ចូលរួមគាំទ្រយ៉ាងសកម្មនូវកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបន្ថែមទៀត។ ការប្តេជ្ញាចិត្តដ៏មុតមាំនេះបានរួមបញ្ចូលនូវគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជាច្រើន ដូចជាយុទ្ធសាស្ត្របញ្ចាកោណ ដោយ ABA គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគោលដៅយុទ្ធសាស្ត្រនេះ និងបញ្ជាក់ការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការរួមចំណែកដល់ការសម្រេចគោលដៅរបស់រដ្ឋាភិបាល៕






