ធនាគារ ABA ឧបត្ថម្ភសន្និបាតបញ្ញវន្ត ពិភពលោកឆ្នាំ 2017
21/Nov/2017
ធនាគារ ABA ឧបត្ថម្ភសន្និបាតបញ្ញវន្តពិភពលោកឆ្នាំ 2017 ស្របតាមគោលការណ៍គាំទ្រវិស័យអប់រំ និងលើកទឹកចិត្តផ្នែកធុរៈកិច្ច ធនាគារ ABA បានចូលរួមសន្និបាតបញ្ញវន្តពិភពលោកលើកទីបីដោយ ឧបត្ថម្ភជា Gold sponsor ដែលរៀបចំឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ។ ព្រឹត្តិការណ៍បានប្រព្រឹត្តឡើង ថ្ងៃ17-18 ខែ វិច្ឆិកា ឆ្នាំ2017 ដែលមានអ្នកចូលរួមប្រមាណ 500 នាក់ និងមានការបើកសន្និបាតដោយ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី ក្រសួងការបរទេសនិងទំនាក់ទំនងអន្តរជាតិ។
សន្និបាតនេះត្រូវបានរៀបចំដោយ IDP Education Cambodia ដោយឡែកសន្និបាតបញ្ញវន្តពិភពលោកឆ្នាំ 2017 ផ្តោតលើចំណុចគោលៗចំនួន 3 ការពិភាក្សាធុរៈកិច្ចអន្តរជាតិ និងសន្និបាតអប់រំ ពិពរណ៍អប់រំអន្តរជាតិផ្នែកការសិក្សា និង ការជួបជុំពិសារអាហារពេលល្ងាចសម្រាប់និស្សិតបញ្ញវន្តបញ្ចប់ការសិក្សានៅក្រៅប្រទេស។ ការពិភាក្សាធុរៈកិច្ចអន្តរជាតិបានជជែកលើប្រធានបទសំខាន់ៗ ដូចជា វិស័យកសិកម្មបែបជំនួញ វិស័យទំនាក់ទំនងធុរៈកិច្ចក្នុងសម័យឌីជីថល ការដឹកនាំប្រកបដោយភាពច្នៃប្រឌិត និងប្រធានបទផ្សេងៗទៀត។
សន្និបាតប្រចាំឆ្នាំនេះបានពាំនាំបញ្ញវន្តបញ្ចប់ការសិក្សាមកពីប្រទេសផ្សេងៗ ដូចជា កម្ពុជា អូស្ត្រាលី កាណាដា ញូហ្សែឡែន ចិន ម៉ាឡេស៊ី សង្ហិបុរី និងបណ្តាប្រទេសជាច្រើនទៀត ដើម្បីជួបសំណេះសំណាល ផ្តល់មតិយោបល់និងជជែកជាមួយអ្នកជំនាញ អ្នកធ្វើការសម្រេចចិត្ត និងថ្នាក់ដឹកនាំ តំណាងពីរដ្ឋាភិបាល ស្ថាប័នឯកជន និងសង្គមស៊ីវិល។
ថ្លែងក្នុងឪកាសនេះផងដែរ កញ្ញា លឹម ស៊ាងហេង ប្រធានទំនាក់ទំនងសាធារណៈរបស់ធនាគារ ABA បានលើកឡើងថា៖ ”នេះជាលើកទីពីរហើយដែលធនាគារ ABA បាន ឧបត្ថម្ភសន្និបាតបញ្ញវន្តពិភពលោក ហើយយើងមានភាពរីករាយក្នុងការចូលរួមព្រឹត្តិការណ៍អន្តរជាតិបែបនេះពីព្រោះវាបានដើរតួនាទីយ៉ាងចំបងក្នុងការបង្កើតនូវឪកាសជំនួញថ្មីជាច្រើន។ សន្និបាតបញ្ញវន្តពិភពលោកក៏បានផ្តល់នូវបរិយាកាសសម្រាប់ បញ្ញវន្តបញ្ចប់ការសិក្សាទូទាំងពិភពលោកមកជួបជុំនិង តំណាងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងស្ថានទូត នាយក អគ្គនាយកប្រតិបត្តិ និងបុគ្គលិកជាន់ខ្ពស់ដែលបានជួបនឹងចែករំលែក មតិយោបល់ក្នុងវិស័យអប់រំ អាជីពការងារ និងការបង្កើតអាជីវកម្ម ដែលសុតទ្ធតែមានសារៈសំខាន់ក្នុងការចូលរួមចំណែក និងពង្រឹងអាជីវកម្មក្នុងប្រទេសកម្ពុជា។”
អំពីសន្និបាតបញ្ញវន្តពិភពលោក
សន្និបាតបញ្ញវន្តពិភពលោកត្រូវបានរៀបចំឡើងដោយ IDP Education ដែលជាស្ថាប័នអន្តរជាតិកម្រិតពិភពលោកក្នុងការផ្តល់សេវាកម្មអប់រំ ដ៏ធំមួយក្នុងពិភពលោកដល់សិស្សនិស្សិតអន្តរជាតិ។សន្និបាតបញ្ញវន្តពិភពលោក មានគោលបំណងផ្សារភ្ជាប់ ការសិក្សា ចំណេះដឹង និងផ្តល់ការលើកទឹកចិត្តខ្ពស់ដល់ សិស្សនិស្សិតជំនាន់ក្រោយ និងផ្តល់ជាសក្តានុពលដែលការសិក្សានៅក្រៅប្រទេសអាចជាយានក្នុងការបង្កើត អាជីព ជម្រើសនៃការងារ ប្រវត្តិជោគជ័យរបស់សិស្សជំនាន់មុនៗ និងផ្តល់ព័ត៍មានពីកម្ពុជាទៅដល់ពិភពលោក។ សន្និបាតនេះផងដែរ ក៏ជាការសន្ទនាជាន់ខ្ពស់សម្រាប់ការជជែក និងពិភាក្សាជាមួយថ្នាក់ដឹកនាំ អ្នកជំនួញ និងស្ថាប័នសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។