ធនាគារ ABA ចាប់ដៃគូសហការជាមួយធនាគារ Woori
28/Sep/2017
ធនាគារ ABA បានចាប់ដៃគូទំនាក់ទំនងជាមួយធនាគារ Woori ដើម្បីពង្រឹងសេវាផ្ទេរប្រាក់ទៅ និងមកពីប្រទេសកូរ៉េខាងត្បូង។ ចាប់ពីពេលនេះតទៅ អតិថិជនរបស់ ABA ទាំងអស់នឹងអាចរីករាយជាមួយបណ្តាញផ្ទេរប្រាក់ដែលលឿនរហ័ស មានសុវត្ថិភាពខ្ពស់រវាងប្រទេសកម្ពុជានិងប្រទេសកូរ៉េក្នុងតម្លៃសមរម្យ។
លោក Zhiger Atchabarov នាយកប្រតិបត្តិការអន្តរជាតិរបស់ធនាគារ ABA បានមានប្រសាសន៍ថា៖ “ធនាគារ ABA បានបើកគណនីជារូបិយប័ណ្ណវុន (KRW) និងដុល្លារអាមេរិក (USD) ជាមួយធនាគារ Woori ដើម្បីផ្តល់ជម្រើសបន្ថែមសម្រាប់អតិថិជនរបស់យើង ដែលមានតម្រូវការអាជីវកម្មឬ សេវាបុគ្គលទាក់ទងជាមួយប្រទេសកូរ៉េខាងត្បូង។” លោកក៏បានបន្ថែមទៀតថា៖” អតិថិជនរបស់យើងមានតម្រូវការកាន់តែច្រើនក្នុងការផ្ញើប្រាក់ទៅ និងមកពីប្រទេសកូរ៉េខាងត្បូង ដូច្នេះការចាប់ដៃគូរសហការជាមួយធនាគារ Woori គឺជាការចាំបាច់បំផុតសម្រាប់បំពេញនូវតម្រូវការនេះ។”
កិច្ចព្រមព្រៀងជាដៃគូជាមួយធនាគារដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានបង្ហាញឲ្យឃើញពីការទទួលស្គាល់ចំពោះកិត្តិនាម និងទំនុកចិត្តរបស់ធនាគារ ABA ពីអន្តរជាតិនិងទូទាំងតំបន់។ ចំពោះតារាងនៃបណ្តាញដៃគូរបស់ធនាគារ ABA ផ្សេងៗទៀត សូមចូលទៅកាន់ ទំព័រនេះ។
អំពីធនាគារ Woori
ធនាគារ Woori ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនWoori Financial Group ។ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1899 ឥឡូវនេះធនាគារមានផ្តល់ពហុសេវាកម្មដល់អាជីវកម្ម, សេវាបុគ្គល, សេវាវិនិយោគធនាគារជូនដល់អតិថិជនប្រមាណ 21 លាននាក់ ជាមួយសាខាក្នុងស្រុកប្រមាណ 1,000 កន្លែង និងសាខាក្រៅប្រទេសជាង200កន្លែងទូទាំង 25ប្រទេសដែលរួមមាន ប្រទេសអូស្ត្រាលី, ចិន, ហុងកុង, សិង្ហបុរី, ឥណ្ឌា, អង់គ្លេស, សហរដ្ឋអាមេរិក, ឥណ្ឌូនេស៊ី, និងប្រទេសវៀតណាម។ ធនាគារ Woori ទទួលបានចំណាត់ថ្នាក់ឥណទានពីស្ថាប័នអន្តរជាតិដូចជា ‘Aa2’, ‘AA’ និង ‘AA-‘ ពី Moody’s, Standard & Poor’s (S&P) និងស្ថាប័នFitch ។