ធនាគារ ABA ទទួលបានការវិនិយោគបន្ថែមចំនួន ២០លានដុល្លារពី ធនាគារជាតិនៃកាណាដា
23/Jan/2015
ធនាគារ ABA និង ធនាគារជាតិនៃកាណាដាថ្ងៃនេះ បានប្រកាសអំពី កិច្ចព្រមព្រៀង វិនិយោគបន្ថែម ដែលមាន ចំនួនទឹកប្រាក់ ២០.០០០.០០០ ដុល្លារអាមេរិក។ នៅពេលបញ្ចប់ប្រតិបត្តិការនេះ ធនាគារជាតិនៃកាណាដា នឹងបង្កើនភាគហ៊ុនរបស់ខ្លួន នៅក្នុងធនាគារ ABA ចាប់ពី ៣០% ទៅ ៤២%។ ប្រតិបត្តិការនេះ គឺអាស្រ័យលើការអនុម័ត របស់ធនាគារជាតិនៃកាណាដា។
សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកមិញនេះ ក្នុងសន្និសីទសារព័ត៌មានរួមមួយ ដែលបានរៀបចំឡើង នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភោគីត្រា ផងដែរ។ ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំកំពូល របស់ធនាគារទាំងពីរ។
នៅក្នុងព្រឹត្តិការណ៍នេះដែរ ថ្នាក់ដឹកនាំកំពូលផ្នែកប្រតិបត្តិរបស់ធនាគារ ABA និងធនាគារជាតិនៃកាណាដា ក៏បានផ្លាស់ប្ដូរទស្សនាទាន គន្លឹះគ្នាទៅវិញទៅមក ដោយផ្ដោតជាសំខាន់ លើការពង្រឹងចំណងអាជីវកម្មបន្ថែមទៀត រវាងធនាគារទាំងពីរផងដែរ។
ជាពិសេស លោក Damir Karassayev ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ABA បានមានប្រសាសន៍ថា “ABA ពីមុនគ្រាន់តែជាធនាគារទោលមួយ ដែលមានបុគ្គលិកតែ ៣៥នាក់ប៉ុណ្ណោះ។ ការផ្លាស់ប្តូរស៊ីជម្រៅ ក្នុងផ្នែកយុទ្ធសាស្ត្រ ដែលបានផ្តួចផ្តើមឡើងនៅឆ្នាំ២០០៨ និង ២០០៩ បានធ្វើឲ្យយើងមាន លទ្ធភាពអភិវឌ្ឍ ឆ្ពោះទៅមុខជាប្រចាំ។ យើងបានចំណាយពេល ជាច្រើនឆ្នាំដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ពង្រីកបណ្តាញសាខា និង ទទួលបានការទុកចិត្ត ពីសាធារណជន។ ថ្ងៃនេះធនាគាររបស់យើង ពិតជាកំពុងស្ថិតនៅលើ មាគ៌ាឆ្ពោះទៅរកការរីកចម្រើនតាមរយៈ ការសម្រេចបានកាន់តែប្រសើរនូវអត្រាកំណើន នៅក្នុងវិស័យធនាគារ។ យើងមានគម្រោងបើកសាខាថ្មីៗចំនួនប្រាំបីបន្ថែមទៀត នៅក្នុងឆ្នាំនេះផងដែរ ហើយនឹងបង្កើនចំនួនសាខាជាបណ្ដើរៗ រហូតដល់បានចំនួន ៤០សាខានៅឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីធានាគោលជំហរជាតួអង្គដ៏រឹងមាំមួយ របស់ធនាគារនៅថ្នាក់ជាតិ។ ការរីកចម្រើននេះនឹងមិនអាចទៅរួចឡើយ ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការ ជាមួយធនាគារជាដៃគូ និងការគាំទ្រ ពីសំណាក់ធនាគារជាតិនៃកាណាដា។ បច្ចុប្បន្ន យើងកំពុង បើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ អំពីភាពជាដៃគូរបស់យើងជាមួយ ធនាគារជាតិនៃកាណាដា”។
លោក Louis Vachon ជាប្រធាន និង នាយកប្រតិបត្តិរបស់ធនាគារជាតិនៃកាណាដា បានមានប្រសាសន៍ថា “ធនាគារ ជាតិនៃកាណាដា មានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយជាដៃគូដ៏សំខាន់មួយ របស់ធនាគារABA។ យើងជឿជាក់ថាជំនាញ បទពិសោធន៍ និង បណ្តាញអាជីវកម្មរបស់យើង នឹងចូលរួមចំណែក ក្នុងការ អភិវឌ្ឍ ផ្នែកពាណិជ្ជកម្ម និង យុទ្ធសាស្ត្រ របស់ធនាគារទាំងពីរ។” លោកបានមានប្រសាសន៍បន្ថែមទៀតថា “រចនាសម្ព័ន្ធ និងការគ្រប់គ្រងដ៏រឹងមាំ ព្រមទាំងគំរូអាជីវកម្ម និងស្តង់ដារអភិបាលកិច្ចរបស់ធនាគារ ABA គួបផ្សំនឹងជំនាញ ឯកទេស និង ការយល់ដឹងអំពីទីផ្សារក្នុងស្រុក បានច្បាស់លាស់របស់ធនាគារនេះ បានរួមចំណែកជាកត្តាជំរុញ ឲ្យយើង សម្រេចចិត្ត ធ្វើការវិនិយោគ នៅក្នុងធនាគារនេះ។ លើសពីនេះទៀត ធនាគារ ABA ក៏បានចែករំលែក ការប្តេជ្ញារបស់ ធនាគារជាតិ នៃកាណាដា ក្នុងការបម្រើសេវា និង ជួយដល់អតិថិជន ទាំងអស់នៅក្នុងចំណែក សហគ្រាសខ្នាតតូច និងមធ្យមផងដែរ។”
ធនាគារជាតិនៃកាណាដាមានភាគហ៊ុនរបស់ធនាគារ ABA ចំនួន៣០%នៅក្នុងឆ្នាំ២០១៤។ ការបន្ថែម ចុងក្រោយ ចំនួន ២០លានដុល្លារនេះមានគោលបំណងផ្ដល់មូលដ្ឋានមូលធនបន្ថែមដែលចាំបាច់ដើម្បីរក្សាភាពរីកចម្រើន របស់ធនាគារ ABA ដើម្បីគាំទ្រការពង្រីកសាខារបស់ខ្លួន និងដើម្បីបង្កើតការផ្ដល់ប្រាក់កម្ចីដល់វិស័យឯកជន ដែលកំពុងមាន ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាផងដែរ។