ធនាគារ ABA បន្ដនាំមុខ ជាធនាគារកម្ពុជាឆ្នើមជាងគេក្នុងឆ្នាំ 2025 ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ
23/Apr/2026

ធនាគារ ABA បានចេញផ្សាយលទ្ធផលហិរញ្ញវត្ថុសវនកម្មរួចសម្រាប់ឆ្នាំ 2025 ដោយបន្ដនាំមុខក្នុងទីផ្សារ ក្នុងនាមធនាគារពាណិជ្ជឈានមុខនៅកម្ពុជា តាមរយៈសមិទ្ធផលដ៏ល្អប្រសើរនៅគ្រប់សូចនាករហិរញ្ញវត្ថុសំខាន់ៗ។ តួយ៉ាង ទ្រព្យសកម្មសរុបរបស់ធនាគារសម្រេចឈានដល់ 16.2 ពាន់លានដុល្លារអាមេរិក កើនបាន 17% ធៀបនឹងឆ្នាំមុន។
លទ្ធផលដ៏លេចធ្លោរបស់ធនាគារ ឆ្លុះបញ្ចាំងពីភាពរឹងមាំជាលំដាប់ កំណើនប្រកបដោយវិន័យ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈពង្រឹងទំនុកចិត្តបន្ថែមទៀតនៅក្នុងវិស័យធនាគារកម្ពុជា។
កំណើននៃប្រាក់បញ្ញើ និងកម្ចី
ប្រាក់បញ្ញើរបស់អតិថិជនកើនបាន 17% ធៀបនឹងឆ្នាំមុន ដែលសម្រេចឈានដល់ជិត 13ពាន់លានដុល្លារ។ កំណើននេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលជឿជាក់លើ ABA ក្នុងការការពារប្រាក់សន្សំរបស់ពួកគាត់ និងគ្រប់គ្រងសកម្មភាពហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគាត់។
មូលដ្ឋានប្រាក់បញ្ញើដ៏រឹងមាំ ផ្ដល់លទ្ធភាពបន្ថែមដល់ធនាគារក្នុងការពង្រីកការផ្តល់កម្ចីជូនអតិថិជន និងគាំទ្រសកម្មភាពសេដ្ឋកិច្ចនានានៅទូទាំងប្រទេស។
ផលបត្រកម្ចីដុលរបស់ ABA សម្រេចឈានដល់ 9.6 ពាន់លានដុល្លារ ដោយទទួលបានកំណើន 11%។ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់រូបវន្ដបុគ្គល សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្មធំៗ ABA បន្ដគាំទ្រដល់ការពង្រីកអាជីវកម្ម ការបង្កើតឱកាសការងារ និងការវិនិយោគនៅទូទាំងប្រទេសកម្ពុជា។ ក្នុងរយៈពេលពេញមួយឆ្នាំ ABA បានពង្រីកបរិមាណប្រាក់កម្ចីថ្មីជិត 1ពាន់លានដុល្លារ ដោយគាំទ្រដល់អតិថិជន និងបណ្ដាអាជីវកម្មទូទាំងប្រទេស។
ក្រៅពីការផ្តល់ប្រាក់កម្ចីបែបប្រពៃណី ABA បានគាំទ្រយ៉ាងសកម្មលើគម្រោងជាតិធំៗតាមរយៈការផ្តល់ហិរញ្ញប្បទានមានរចនាសម្ពន្ធច្បាស់លាស់។
ធនាគារបានក្លាយជាអ្នកវិនិយោគធំជាងគេនៅក្នុងគម្រោងសញ្ញាបណ្ណបៃតងដំបូងបង្អស់នៅកម្ពុជា ដោយបានផ្តល់ហិរញ្ញប្បទានដល់រោងចក្រថាមពលពន្លឺព្រះអាទិត្យដែលមានកម្លាំង 60មេហ្គាវ៉ាត់។
ធនាគារក៏បានក្លាយជាអ្នកវិនិយោគធំជាងគេ នៃសញ្ញាបណ្ណកសិកម្មដំបូងគេបង្អស់របស់កម្ពុជា ដែលគាំទ្រដល់ការពង្រីកការដាំដុះដំណាំហូបផ្លែបម្រើដល់ការនាំចេញ និងពង្រឹងខ្សែសង្វាក់កសិកម្មរបស់ប្រទេស។
ប្រតិបត្តិការទាំងនេះគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ ABA ក្នុងការគាំទ្រដល់ការវិនិយោគធំៗមានតម្លៃរាប់លានដុល្លារនៅគ្រប់វិស័យសំខាន់ៗ រួមមានថាមពល កសិកម្ម និងហេដ្ឋារចនាសម្ពន្ធ ដោយពង្រឹងតួនាទីរបស់ខ្លួនជាដៃគូហិរញ្ញវត្ថុរយៈពេលវែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
កំណើនរឹងមាំនៃទ្រព្យសកម្ម និងសាច់ប្រាក់ខ្ពស់
ទ្រព្យសកម្មសម្រេចឈានដល់ 16.2 ពាន់ដុល្លារអាមេរិក ស្មើនឹងកំណើន 17.3% ធៀបនឹងឆ្នាំទៅ។ លទ្ធផលនេះ ឆ្លុះបញ្ចាំងពីកំណើនធុរកិច្ច និងការគ្រប់គ្រងតុល្យការសមតុល្យយ៉ាងប្រុងប្រយ័ត្ន។
ធនាគាររក្សាជំហរសន្ទនីយភាពរឹងមាំ ដោយមានសាច់ប្រាក់ និងសមតុល្យប្រមាណ 2.8ពាន់លានដុល្លារ រក្សាទុកជាមួយធនាគារជាតិនៃកម្ពុជា។ តួលេខនេះ ផ្តល់នូវរនាំងរឹងមាំ និងធានាបាននូវសមត្ថភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចនានារបស់ខ្លួនគ្រប់ពេលវេលា។
មូលដ្ឋានមូលធនរឹងមាំ និងការគាំទ្រពីភាគហ៊ុនិក
ABA ទទួលបានប្រាក់ចំណេញសុទ្ធ 377.5លានដុល្លារអាមេរិកក្នុងឆ្នាំ 2025 កើនក្នុងអត្រា 26% ធៀបនឹងឆ្នាំមុន។ ចំណូលទាំងនេះ ត្រូវបានវិនិយោគឡើងវិញទៅក្នុងមូលធនរបស់ធនាគារ ដោយពង្រឹងជំហរទីផ្សារ និងគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់ខ្លួន។
ត្រឹមដំណាច់ឆ្នាំ 2025 មូលធនរបស់ភាគហ៊ុនិក កើនដល់ 2.7ពាន់លានដុល្លារអាមេរិក ពោលគឺកើនក្នុងអត្រា 16% ពីឆ្នាំ2024 ដោយបង្ហាញពីសមត្ថភាពរបស់ធនាគារក្នុងការបន្ដរីកចម្រើនក្នុងទិដ្ឋភាពវិនិយោគដែលកំពុងវិវត្តទៅមុខជាលំដាប់។
ការពង្រីកមូលធន ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ភាគហ៊ុនិក ABA ចំពោះសេដ្ឋកិច្ចជាតិ និងផ្ដល់លទ្ធភាពបន្ថែមដល់ធនាគារ ក្នុងការប្រើប្រាស់ធនធានទាំងនោះ ដើម្បីវិនិយោគលើនវានុវត្តន៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរបស់ខ្លួន។
ការបន្ដរួមចំណែកក្នុងសេដ្ឋកិច្ចជាតិតាមរយៈការបង់ពន្ធ
នៅក្នុងឆ្នាំ 2025 ABA បានបង់ពន្ធជូនរដ្ឋចំនួន 131 លានដុល្លារអាមេរិក។ ការរួមចំណែកទាំងនេះ គាំទ្រដល់វិស័យអាទិភាពនានារបស់ជាតិ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសេវាសាធារណៈនានា។
ចាប់តាំងពីឆ្នាំ 2009 ធនាគារ ABA បានរួមចំណែកបង់ពន្ធជូនរដ្ឋសរុបប្រមាណ 588 លានដុល្លារអាមេរិក និងបន្ដទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ។
ការវិនិយោគលើធនធានមនុស្ស
កំណើនដ៏លេចធ្លោរបស់ ABA ក្នុងឆ្នាំ 2025 មិនមែនសម្រេចបានដោយសារកត្តា ហិរញ្ញវត្ថុរឹងមាំ និងបច្ចេកវិទ្យាទំនើបតែម្យ៉ាងទេ គឺក៏រួមចំណែកផងដែរ តាមរយៈការបន្ដផ្ដោតលើការអភិវឌ្ឍសមត្ថភាពបុគ្គលិករបស់ខ្លួន។
ជាមួយការងារជាង 10,300 កន្លែង ដែលបានបង្កើតឡើង ធនាគារផ្តល់អាទិភាពលើការអភិវឌ្ឍទេពកោសល្យ សមត្ថភាព និងលើកកម្ពស់វប្បធម៌នៃការអនុវត្តការងារជាមួយលទ្ធផលខ្ពស់នៅក្នុងអង្គភាព។
តាមរយៈការបណ្ដុះបណ្ដាលជាបន្តបន្ទាប់ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ABA ធានាថា បុគ្គលិករបស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញតម្រូវការដ៏សម្បូរបែបរបស់អតិថិជន ស្របទៅតាមបរិយាកាសហិរញ្ញវត្ថុដែលបន្ដវិវត្តទៅមុខជាលំដាប់។
ការបន្ដផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍមាគ៌ាអាជីពការងារច្បាស់លាស់ ធនាគារគាំទ្រទាំងការរីកចម្រើនផ្នែកបុគ្គល និងផ្នែកវិជ្ជាជីវៈ។ បុគ្គលិកពេញដោយសមត្ថភាព រួមផ្សំជាមួយនឹងបច្ចេកវិទ្យាទំនើប បានជំរុញឲ្យ ABA អាចបន្តឈានមុននៅក្នុងទីផ្សារ និងកំណត់ស្តង់ដារថ្មីនៅក្នុងវិស័យធនាគារ។
ការពង្រីកលទ្ធភាពចូលប្រើសេវាធនាគារទូទាំងប្រទេស
ABA បន្ដពង្រីកបណ្ដាញរបស់ខ្លួន ដោយប្រតិបត្តិការសាខាសរុបចំនួន 104 និងគាំទ្រដោយម៉ាស៊ីនស្វ័យសេវាជាង 1,900 ទូទាំងប្រទេស។
ការពង្រីកដ៏ទូលំទូលាយនេះ ពង្រឹងលទ្ធភាពចូលប្រើសេវាហិរញ្ញវត្ថុទំនើបនៅទូទាំងប្រទេសកម្ពុជា ពិសេសនៅតាមបណ្ដាខេត្ត។ កិច្ចខិតខំប្រឹងប្រែងពង្រីកបណ្ដាញរូបវន្ដ គួបផ្សំនឹងផ្លែតហ្វមឌីជីថលរបស់ខ្លួន ABA ធានាថា អតិថិជនអាចប្រើប្រាស់សេវាធនាគារយ៉ាងងាយស្រួល និងសុវត្ថិភាពគ្រប់ពេលវេលា។
ការរួមចំណែកដល់ប្រយោជន៍សង្គម
ក្រៅពីប្រតិបត្តិការធុរកិច្ច ABA បានបន្តរួមចំណែកយ៉ាងសកម្មដល់កិច្ចការសង្គម តាមរយៈគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់ធនាគារផ្ទាល់ លើការគាំទ្រសកម្មភាពមនុស្សធម៌ ការអប់រំ និងការអភិវឌ្ឍសហគមន៍។
ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៅតាមព្រំដែន ABA បានរួមចំណែកថវិកា 1លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់សហគមន៍ក្នុងគ្រាលំបាក។
ធនាគារក៏បានផ្ដល់ការគាំទ្រផ្ទាល់ដល់ទីតាំងរងគ្រោះជាក់ស្ដែង ដោយរៀបចំរថយន្ដដឹកទំនិញមនុស្សធម៌ ដើម្បីដឹកជញ្ជូនគ្រឿងឧបភោគបរិភោគដល់គ្រួសារភៀសសឹកនៅតាមបណ្តាខេត្តដែលរងគ្រោះ។ ការឆ្លើយតបយ៉ាងរហ័សនេះ បានជួយសម្រាលបន្ទុកចំពោះតម្រូវការបន្ទាន់ និងបានបង្ហាញពីសមត្ថភាពរបស់ ABA ក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងអំឡុងពេលមានអាសន្នណាមួយ។
ទន្ទឹមនឹងនេះ ABA បានបន្តវិនិយោគលើការអភិវឌ្ឍសង្គមរយៈពេលវែងតាមរយៈការជួសជុលកែលម្អសាលារៀន និងឧបករណ៍បរិក្ខារគាំពារកុមារ និងការបង្កើនលទ្ធភាពទទួលបានការអប់រំសម្រាប់កុមារងាយរងគ្រោះ។
គំនិតផ្តួចផ្តើមទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ABA ក្នុងការគាំទ្រការអភិវឌ្ឍសង្គមកម្ពុជា មិនត្រឹមតែតាមរយៈការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈការវិនិយោគនៅក្នុងសហគមន៍ និងមនុស្សជំនាន់ក្រោយផងដែរ។
ឆ្ពោះទៅមុខ
លទ្ធផលហិរញ្ញវត្ថុឆ្នាំ 2025 របស់ ABA ឆ្លុះបញ្ចាំងពីមូលដ្ឋានដ៏រឹងមាំ និងយុទ្ធសាស្ដ្ររយៈវែងរបស់ធនាគារ ខណៈពង្រឹងទំនុកចិត្តបន្ថែមក្នុងប្រព័ន្ធធនាគារកម្ពុជា។
ជាមួយមូលដ្ឋានដើមទុនរឹងមាំ, សន្ទនីយភាពខ្ពស់ និងការបន្តវិនិយោគលើនវានុវត្តន៍ និងហេដ្ឋារចនាសម្ពន្ធ ABA នៅតែមានមូលដ្ឋានល្អប្រសើរ ដើម្បីគាំទ្រដល់អតិថិជន អាជីវកម្ម និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ។
ខណៈដែលកម្ពុជាបន្តក្នុងមាគ៌ាវឌ្ឍនភាព ABA នឹងបន្ដផ្ដោតលើការផ្តល់សេវាហិរញ្ញវត្ថុជាទីទុកចិត្ត, ការជំរុញសេវាធនាគារឌីជីថល និងការរួមចំណែកដល់អនាគតហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាព។

