ធនាគារ ABA ធ្វើការផ្លាស់ប្តូរឡូហ្គោថ្មី
25/Jan/2017
ធនាគារ ABA ដែលជាធនាគារ មួយក្នុងចំណោមធនាគារពាណិជ្ជដែលឈានមុខគេក្នុងប្រទេសកម្ពុជា បានដាក់សម្ពោធជាផ្លូវការនៅថ្ងៃនេះ នូវគំរូឡូហ្គោថ្មីរបស់ខ្លួនដែលបញ្ជាក់ពីសមាជិកភាពក្នុងសម្ព័ន្ធពាណិជ្ជកម្មរបស់ធនាគារជាតិកាណាដា។ អង្គពិធី បានប្រារព្ធឡើងនៅសាខាវិមានឯករាជ្យ ដោយមានការចូលរួមជាកិត្តិយសដោយ លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA និងលោក Louis Vachon នាយកប្រតិបត្តិរបស់ធនាគារជាតិកាណាដា។
ការផ្លាស់ប្តូរឡូហ្គោនេះ សបញ្ជាក់ឲ្យឃើញនូវជោគជ័យដ៏សម្បើមមួយទៀត របស់ធនាគារ ABA ក្នុងនាមជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារជាតិកាណាដា ដែលបានក្លាយជាម្ចាស់ភាគទុនិកដ៏ធំបំផុតរបស់ធនាគារ ABA ក្នុងឆ្នាំ2016។ ដោយមានការគាំទ្រពីម្ចាស់ភាគហ៊ុនដែលមានរឹងមាំ ធនាគារ ABA មានឱកាសបន្ថែមក្នុងការក្តោបយកទីផ្សារ ដែលមានបរិយាកាសប្រកួតប្រជែងខ្ពស់ និងទទួលបានបទពិសោធន៍ដ៏ឆ្នើមពីធនាគារជាតិកាណាដាដែលមានគ្រឹះយ៉ាងស្តុកស្តម្ភក្នុងវិស័យធនាគារអស់រយៈកាលជាង 150 ឆ្នាំ។
លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA បានមានប្រសាសន៍ថា៖ ឡូហ្គោថ្មីនេះនឹងបញ្ជាក់ពីជំហរដ៏រឹងមាំរបស់យើង ភាពច្នៃប្រឌិតខ្ពស់ កិតិ្តនាមល្បីល្បាញរបស់យើងក្នុងទីផ្សារ និងការបង្កើនទំនុកចិត្តខ្ពស់ដល់អតិថិជន។ លើសពីនេះទៅទៀត ឡូហ្គោថ្មីនេះសបញ្ជាក់ឲ្យឃើញថា ធនាគារ ABA មានការគាំទ្រយ៉ាងរឹងមាំពីស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុដ៏ធំជាងគេក្នុងទ្វីបអាមេរិចខាងជើង។
លោក Louis Vachon នាយកប្រតិបត្តិធនាគារជាតិកាណាដាបានមានប្រសាសន៍ថា៖ លោកពិតជាមានការរីករាយណាស់ដែលបានចូលរួមក្នុងការដាក់សម្ពោធ ឡូហ្គោធនាគារ ABA ថ្មី ដែលជានិមិត្តរូបនៃការបេ្តជ្ញាចិត្តរបស់ធនាគារជាតិកាណាដាក្នុងទីផ្សារប្រទេសកម្ពុជា។ ថ្ងៃនេះ ជាមួយការដាក់សម្ពោធឡូហ្គោថ្មី យើងមានមោទនៈភាពក្នុងការប្រកាសជាសាធារណៈថា ធនាគារ ABA គឺជាផ្នែកមួយដ៏សំខាន់នៃសម្ព័ន្ធពាណិជ្ជកម្មរបស់ធនាគារជាតិកាណាដា។ យើងជឿជាក់ថាជំនាញ បទពិសោធន៍ និងបណ្តាញអាជីវកម្មរបស់យើង នឹងចូលរួមក្នុងដំណើរជោគជ័យនេះបន្តទៅមុខទៀតជាក់ជាមិនខាន។
ជាមួយនឹងការផ្លាស់ប្តូរឡូហ្គោថ្មីនេះ ធនាគារ ABA នឹងបន្តអនុវត្តន៍នូវយុទ្ធសាស្ត្ររបស់ខ្លួន គឺស្របតាមពាក្យស្លោក “ដៃគូដែលលោកអ្នកទុកចិត្តបំផុត” និងបន្តការប្តេជ្ញាចិត្តរបស់ធនាគារជាតិកាណដា ក្នុងការជួយគាំទ្រដល់សហគ្រិន និងអាជីវកម្ម ការផ្តល់សេវាកម្មប្រកបដោយស្តង់ដារខ្ពស់ និងបន្ត ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុបែបឌីជីថលដល់ប្រជាជនកម្ពុជាទាំងមូល។