ABA ទទួលវិញ្ញាបនបត្រ PCI DSS បញ្ជាក់អំពីការប្ដេជ្ញារបស់ខ្លួន ចំពោះសុវត្ថិភាពនៃប្រតិបត្តិការអនឡាញ
31/Jul/2023
ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានទទួលវិញ្ញាបនបត្រ បទដ្ឋានសន្ដិសុខទិន្នន័យឧស្សាហកម្មកាតទូទាត់ (PCI DSS)។ សមិទ្ធផលនេះ បង្ហាញពីការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ធនាគារ ABA ក្នុងការផ្ដល់ជូននូវសុវត្ថិភាពកម្រិតខ្ពស់បំផុត សម្រាប់ប្រតិបត្តិការអនឡាញ និងការពារទិន្នន័យសម្ងាត់របស់ម្ចាស់កាត។
ពិធីប្រគល់ជាផ្លូវការនូវវិញ្ញាបនបត្រអនុលោមភាពនេះ ត្រូវបានធ្វើឡើងនៅឯការិយាល័យកណ្ដាលធនាគារ ABA នៅថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2023 ក្រោមវត្តមានរបស់លោក Gilbert Chu នាយកប្រតិបត្តិការ LGMS ដែលជាអ្នកជំនាញវាយតម្លៃសុវត្ថិភាពរបស់ ក្រុមប្រឹក្សាបទដ្ឋានសន្ដិសុខទិន្នន័យឧស្សាហកម្មកាតទូទាត់ (PCI SSC)។
វិញ្ញាបនបត្រ PCI DSS បង្ហាញពីការប្ដេជ្ញាចិត្តរបស់ធនាគារ ABA ក្នុងការការពារសុវត្ថិភាពទិន្នន័យរបស់អតិថិជន សំដៅរក្សាបាននូវបរិយាកាសទូទាត់ដ៏មានសុវត្ថិភាព។ ការទទួលស្គាល់នេះ ធ្វើឲ្យ ABA ស្ថិតនៅក្នុងចំណោមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុអន្ដរជាតិលំដាប់អេលីត ដែលប្ដេជ្ញាអនុវត្តគោលការណ៍នៃកិច្ចការពារព័ត៌មានម្ចាស់កាត។
ដោយឆ្លងកាត់ការធ្វើសវនកម្មយ៉ាងហ្មត់ចត់ ដោយអ្នកជំនាញវាយតម្លៃសុវត្ថិភាព (QSA) បានបង្ហាញថា ប្រព័ន្ធ គោលនយោបាយ និងនីតិវិធីរបស់ធនាគារ ABA អនុលោមយ៉ាងគត់មត់ និងពេញលេញ ជាមួយលក្ខខណ្ឌតម្រូវដ៏តឹងរ៉ឹងរបស់ PCI DSS។ ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនដំណោះស្រាយសន្ដិសុខបច្ចេកវិទ្យា ដ៏ល្បីល្បាញជុំវិញសកលលោក ដែលនេះ បានបញ្ជាក់ពីវិធានការសុវត្ថិភាពគួរជាទីទុកចិត្តបំផុតរបស់ធនាគារ ABA។
លោក Galymzhan Temirov នាយកព័ត៌មានរបស់ធនាគារ ABA បានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះសមិទ្ធផលនេះថា “ការទទួលបានវិញ្ញាបនបត្រ PCI DSS គឺជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ ABA ក្នុងការផ្ដល់នូវសេវាហិរញ្ញវត្ថុដ៏មានសុវត្ថិភាព។ ធនាគារយើងបានវិនិយោគយ៉ាងច្រើនទៅក្នុងបច្ចេកវិទ្យាទំនើប និងវិធានការសុវត្ថិភាពរឹងមាំ ដើម្បីការពារទិន្នន័យរបស់អតិថិជនយើង”។
ការអនុលោមតាម PCI DSS នេះ ធានានូវសុវត្ថិភាព ភាពសម្ងាត់ ភាពរឹងមាំមិនអាចរំលោភបំពាន និងវត្តមានភាពទិន្នន័យរបស់ម្ចាស់កាត។ ការប្តេជ្ញាចិត្តរបស់ធនាគារ ABA ក្នុងការប្រកាន់ខ្ជាប់នូវស្តង់ដារទាំងនេះ ធានានូវបទពិសោធទិញទំនិញអនឡាញ និងសេវាធនាគារប្រកបដោយរលូន និងសុវត្ថិភាពរបស់អតិថិជន។
លោក Gilbert Chu នាយកប្រតិបត្តិការ LGMS មានប្រសាសន៍ថា “យើងខ្ញុំមានមោទនភាពចំពោះធនាគារ ABA សម្រាប់ការទទួលបានវិញ្ញាបនបត្រ បទដ្ឋានសន្ដិសុខទិន្នន័យឧស្សាហកម្មកាតទូទាត់ (PCI DSS)។ លិខិតនេះ បង្ហាញពីការរួមបញ្ចូលដ៏មានឥទ្ធិពលមួយរវាង ការប្ដេជ្ញាចិត្តឥតងាករេរបស់ធនាគារ និងជំនាញការរបស់ LGMS ក្នុងនាមជាអ្នកវាយតម្លៃសុវត្ថិភាព។ នៅ LGMS យើងមានសេចក្ដីសោមនស្សយ៉ាងក្រៃលែង ដែលបានចូលរួមចំណែកក្នុងដំណើរការវាយតម្លៃនេះ ដោយផ្ដល់នូវអ្នកជំនាញបច្ចេកទេស ដើម្បីជួយធនាគារសម្រេចគោលដៅរបស់គេ”។
ABA បាននឹងកំពុងបន្ដនាំមុខលើនវានុវត្តន៍សេវាធនាគារ ដោយផ្តល់ជូននូវដំណោះស្រាយដ៏ល្អប្រសើរ ដូចជាកម្មវិធីធនាគារចល័តរបស់ខ្លួន និងសេវាទូទាត់ឌីជីថលយ៉ាងសម្បូរបែប។
តាមរយៈការទទួលបានវិញ្ញាបនបត្រ PCI DSS ធនាគារ ABA បង្ហាញជាថ្មីនូវជំហររបស់ខ្លួន ក្នុងនាមជាធនាគារឈានមុខក្នុងឧស្សាហកម្មហិរញ្ញវត្ថុ និងជាដៃគូជាទីទុកចិត្ត សម្រាប់អតិថិជនជារូបវន្ដបុគ្គល និងជាអាជីវកម្ម ដែលស្វែងរកសេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព។ អតិថិជនអាចជឿជាក់លើការប្តេជ្ញាចិត្តរបស់ធនាគារ ABA ក្នុងការការពារព័ត៌មានសំខាន់របស់ពួកគេ ដោយបង្កើតបរិយាកាសសេវាធនាគារគួរជាទីទុកចិត្តបំផុត។
ធនាគារ ABA នឹងបន្ដផ្តល់អាទិភាពលើនវានុវត្តន៍ សេវាកម្មផ្តោតលើអតិថិជនជាចម្បង និងវិធានការសន្តិសុខបច្ចេកវិទ្យាដ៏រឹងមាំ ដោយកសាងលើសមិទ្ធផលដ៏សំខាន់នេះ៕