ធនាគារ ABA ទទួលបាន វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ប្រាំលើកជាប់គ្នា

19/Nov/2026

aba 5 gold tax dt kh

ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា និងជាប់ជាសហគ្រាសបង់ពន្ធច្រើនជាងគេនៅកម្ពុជា បានទទួល វិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ប្រាំឆ្នាំជាប់គ្នា ពី អគ្គនាយកដ្ឋានពន្ធដារ (GDT) សម្រាប់ ឆ្នាំជាប់ពន្ធ 2025 ដល់ 2026។

ការទទួលស្គាល់នេះឆ្លុះបញ្ចាំងពីការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ធនាគារយ៉ាងខ្ជាប់ខ្ជួន ស្របតាមតាមបទប្បញ្ញត្តិពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា។ ការទទួលបានវិញ្ញាបនបត្រនេះ បានគួសបញ្ជាក់ពីភាពរឹងមាំនៃអភិបាលកិច្ចពន្ធសាជីវកម្មល្អ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងការប្តេជ្ញាចិត្តឥតងាករេរបស់ ABA ក្នុងការប្រកបអាជីវកម្មប្រកបដោយតម្លាភាព និងទំនួលខុសត្រូវខ្ពស់។

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ធនាគារ ABA បានរួមចំណែកយ៉ាងសំខាន់ដល់ថវិការជាតិតាមរយៈការបង់ពន្ធជូនរដ្ឋ។ ក្នុងអំឡុងឆ្នាំ ២០១៦ ដល់ ២០២៦ ធនាគារបានបង់ពន្ធប្រមាណ 634 លានដុល្លារអាមេរិក ជូនរ ដែលបានចូលរួមគាំទ្រដល់ការវិនិយោគសាធារណៈ និងការអនុវត្តអាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈចាំបាច់នានាសម្រាប់ប្រជាពលរដ្ឋ។

ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ធនាគារ ABA យល់ឃើញថា ការរួមចំណែករបស់ខ្លួនមិនត្រឹមតែផ្តល់សេវាធនាគារប៉ុណ្ណោះទេ។ តាមរយៈការប្រកបអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ការអនុលោមតាមកាតព្វកិច្ចសារពើពន្ធជាប្រចាំ និងការរួមចំណែកដល់ហិរញ្ញវត្ថុសាធារណៈ ធនាគារ ABA នៅតែបន្តប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងវិបុលភាពយូរអង្វែងរបស់ប្រទេសជាតិ។