ធនាគារ​ ABA​ សហការ​ជាមួយ​ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ អេ​ទី​កា​ ពង្រីក​វិសាលភាព​សេវា​ធានា​រ៉ាប់រង​ទូទៅ​តាម​ឌី​ជី​ថ​ល​ ដើម្បី​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ងាយស្រួល​ទទួល​

25/Jun/2026

aba x etiqa 2026 khaba x etiqa 2026 kh
aba x etiqa 2026 kh-1aba x etiqa 2026 kh-1
aba x etiqa 2026 kh-2aba x etiqa 2026 kh-2
aba x etiqa 2026 kh-3aba x etiqa 2026 kh-3
aba x etiqa 2026 kh-4aba x etiqa 2026 kh-4

រាជធានី​ភ្នំពេញ​ —​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​របស់​កម្ពុជា​ និង​មាន​អតិថិជន​ក្នុង​ដៃ​ប្រមាណ​ 5​ លាន​នាក់​ នា​ថ្ងៃនេះ​ បាន​ប្រកា​សភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ អេ​ទី​កា​ (EGIC)​ ដែល​ជា​សមាជិក​នៃ​សម្ពន្ធ​អេ​ទី​កា​អាស៊ាន​ ដើម្បី​ពង្រីក​វិសាលភាព​សេវា​ធានា​រ៉ាប់រង​ទូទៅ​កាន់តែ​ទូលំទូលាយ​ទូ​ទាំង​ប្រទេស​។​ ដំណាក់កាល​ដំបូង​នៃ​កិច្ចសហការ​នេះ​ នឹង​ផ្តោត​លើ​ការ​ផ្ដល់​សេវា​ធានា​រ៉ាប់រង​ជូន​ម្ចាស់​អចលនទ្រព្យ​ ម្ចាស់​យានយន្ដ​ និង​អ្នក​ធ្វើ​ដំណើរ​។​

​កិច្ច​សហប្រតិបត្តិការ​នេះ​ នឹង​ធ្វើការ​រួម​បញ្ចូល​ផ្លែ​ត​ហ្វ​ម​សេវា​ធនាគារ​ឌី​ជី​ថ​ល​ឈានមុខ​ក្នុង​ទីផ្សារ​របស់​ ABA​ ជាមួយនឹង​ជំនាញកា​របស់​ អេ​ទី​កា​ ក្នុង​ការ​ផ្តល់​នូវ​សេវា​ធានា​រ៉ាប់រង​ទូទៅ​ ប្រកបដោយ​ភាព​ងាយស្រួល​ និង​ជាទី​ទុកចិត្ត​។​

​ភាព​ជា​ដៃគូ​នេះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ តាម​រយៈ​ពិធី​ចុះហត្ថលេខា​ក្រោម​អធិបតីភាព​លោកស្រី​ តាន់​ លី​ន​ណា​ អគ្គ​នាយិកា​រង​នៃ​និយតករ​ធានា​រ៉ាប់រង​កម្ពុជា​ និង​មានការ​ចូលរួម​ពី​តំណាង​ជាន់ខ្ពស់​មក​ពី​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Etiqa​។​

​ចាប់ផ្តើម​ជាមួយ​ធានា​រ៉ាប់រង​អគ្គិភ័យ​ ហើយ​បន្ដ​ទៅ​ដល់​ធានា​រ៉ាប់រង​លើ​យានយន្ដ​ និង​ធានា​រ៉ាប់រង​លើ​ការ​ធ្វើ​ដំណើរ​

​ភាព​ជា​ដៃគូ​នេះ​ ចាប់ផ្តើម​ដោយ​ការ​ដាក់​ដំណើរការ​សេវា​ធានា​រ៉ាប់រង​អគ្គិភ័យ​ ស្រប​ទៅ​តាម​ការ​អភិវឌ្ឍ​ទីក្រុង​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​ និង​ការ​កើនឡើង​នៃ​តម្រូវការ​សម្រាប់​ការ​ការពារ​ទ្រព្យសម្បត្តិ​ពេញលេញ​។​ ផលិតផល​នេះ​ សម្រាប់​ទាំង​អតិថិជន​កម្ចី​ និង​អតិថិជន​មិន​មាន​កម្ចី​ តាម​រយៈ​បណ្តាញ​លក់​ដ៏​ទូលំទូលាយ​របស់​ ABA​ ទូ​ទាំង​ប្រទេស​។​

​នៅ​ក្នុង​ដំណាក់កាល​បន្ទាប់​ ធានា​រ៉ាប់រង​លើ​យានយន្ដ​ និង​ធានា​រ៉ាប់រង​លើ​ការ​ធ្វើ​ដំណើរ​ នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ស្រប​ទៅ​តាម​ការ​រស់នៅ​ដ៏​សកម្ម​រស់​រវើក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ត្រូវការ​ការ​ការពារ​លើ​យានជំនិះ​ និង​ការ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​។​

​ទិញ​តាម​ឌី​ជី​ថ​ល​ បាន​ធានា​រ៉ាប់រង​ភ្លាមៗ​ ស្នើ​សំណង​ –​ គឺ​គ្រប់យ៉ាង​ ចុច​តែ​តាម​ ABA​ Mobile

​ចំណុច​ពិសេស​នៃ​ភាព​ជា​ដៃគូ​នេះ​ គឺ​បទ​ពិសោធ​សេវា​ធានា​រ៉ាប់រង​ឌី​ជី​ថ​ល​ទាំងស្រុង​ប្រកប​ ដោយ​ភាព​ងាយស្រួល​។​ តាម​រយៈ​ការ​ចេញ​បណ្ណ​សន្យា​រ៉ាប់រង​ភ្លាមៗ​ ផលិតផល​ថ្មី​នេះ​ នឹង​ធានា​បាន​ថា​ អតិថិជន​ទទួល​បានការ​ការពារ​ភ្លាមៗ​ ក្រោយ​ពី​ធ្វើការ​ទិញ​ដោយ​ជោគជ័យ​លើ​ ABA​ Mobile​ ។​ តាម​កម្មវិធី​ ABA​ Mobile​ អតិថិជន​អាច​

  • ទិញ​ធានា​រ៉ាប់រង​
  • ទទួល​បាន​បណ្ណ​សន្យា​រ៉ាប់រង​ភ្លាមៗ​
  • ដាក់​ស្នើ​សំណង​
  • ទទួល​បានការ​ប្រឹក្សា​ពី​ផ្នែក​គាំទ្រ​អតិថិជន​

​សន្ធានកម្ម​នេះ​ ប្រើប្រាស់​ប្រជាប្រិយភាព​យ៉ាង​ទូលំទូលាយ​ និង​កេរ្ដិ៍ឈ្មោះ​រឹង​មាំ​ជាទី​ទុកចិត្ត​របស់​ ABA​ Mobile​ ក្នុង​នាម​ជា​ផ្លែ​ត​ហ្វ​ម​ធនាគារ​ និង​សេវា​ទូទាត់​ឌី​ជី​ថ​ល​ឈានមុខ​របស់​កម្ពុជា​ ដោយ​ផ្តល់​ជូន​អតិថិជន​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ ទាំង​សេវា​ធនាគារ​ និង​សេវា​ធានា​រ៉ាប់រង​ នៅ​កន្លែង​តែ​មួយ​។​

​លោក​ Zhiger​ Atchabarov​ នាយក​ប្រតិបត្តិ​រង​ និង​ជានា​យក​ប្រតិបត្តិការ​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​ជាមួយ​ភាព​ជា​ដៃគូ​នេះ​ ធនាគារ​ ABA​ កំពុង​បោះ​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅ​កាន់​វឌ្ឍនភាព​ថ្មី​ក្នុង​ការ​ប្រែ​ក្លាយជា​អេកូ​ស៊ី​ស្ទែ​ម​ហិរញ្ញវត្ថុ​មាន​សន្ធានកម្ម​ពេញលេញ​។​ សេវា​ធានា​រ៉ាប់រង​ទូទៅ​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ដែល​បំពេញបន្ថែម​ដល់​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ​”​។​

​តាម​រយៈ​កិច្ចសហការ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ អេ​ទី​កា​ យើង​នឹង​ធ្វើ​ឲ្យ​សេវា​ធានា​រ៉ាប់រង​កាន់តែ​ទូលំទូលាយ​ ដែល​អតិថិជន​ងាយស្រួល​ទទួល​បាន​ ហើយ​មាន​ប្រយោជន៍​ជាក់ស្ដែង​សម្រាប់​ពួក​គាត់​ –​ ដោយ​ដាក់​បញ្ចូល​សេវា​ធានា​រ៉ាប់រង​នេះ​ដោយ​ផ្ទាល់​ទៅ​ក្នុង​ ABA​ Mobile​ ជា​អេប​ដែល​អតិថិជន​កំពុង​ប្រើប្រាស់​សម្រាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ស្រាប់​។​ វត្តមាន​សេវា​ធានា​រ៉ាប់រង​ ក្នុង​ ABA​ Mobile​ មិន​ត្រឹមតែ​អាច​ឲ្យ​យើងខ្ញុំ​ផ្ដល់​សេវា​ធនាគារ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ជា​ការ​ផ្ដល់​នូវ​ការ​ការពារ​ហិរញ្ញវត្ថុ​យ៉ាង​ពេញលេញ​ នៅ​កន្លែង​តែ​មួយ​ ជាមួយ​បទ​ពិសោធ​ដ៏​រលូន​ស្រួល​”​។​

​អ្នកស្រី​ Rozan​ Asmath​ អគ្គ​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ អេ​ទី​កា​ មាន​ប្រសាសន៍​ “​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ អេ​ទី​កា​ មាន​សេចក្ដី​រីករាយ​យ៉ាង​ក្រៃ​លែង​ ដែល​បាន​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ដ្រ​ជាមួយ​ធនាគារ​ ABA​ ដើម្បី​សម្រួល​ដល់​ការ​ទទួល​បាន​ធានា​រ៉ាប់រង​ទូទៅ​តាម​បណ្ដា​សាខា​ ABA​ និង​នៅ​ក្នុង​កម្មវិធី​ធនាគារ​លើ​ទូរស័ព្ទ​ដៃ​ ABA​ Mobile​។​ ការ​ដាក់​បញ្ចូល​ផលិតផល​ និង​សេវា​ធានា​រ៉ាប់រង​ទូទៅ​របស់​ អេ​ទី​កា​ ទៅ​ក្នុង​ ABA​ Mobile​ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​រួម​របស់​ស្ថាប័ន​ទាំង​ពីរ​ សំដៅ​ផ្ដល់​នូវ​ដំណោះស្រាយ​គាំពារ​នានា​យ៉ាង​រលូន​ស្រួល​ និង​សាមញ្ញ​ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រើប្រាស់​ប្រកបដោយ​ទំនុក​”​។​

​ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ អេ​ទី​កា​ ដែល​ជា​ស្ថាប័ន​ផ្តល់​សេវា​ធានា​រ៉ាប់រង​នៅ​តំបន់​អាស៊ាន​ ក្រោម​សម្ពន្ធ​មេ​យ​ប៊ែ​ង​ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ អេ​ទី​កា​ ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ការពារ​ដ៏​ទូលំទូលាយ​សម្រាប់​បុគ្គល​ និង​អាជីវកម្ម​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ​ ABA​ នេះ​ គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុង​ចំណោម​គំនិត​ផ្តួចផ្តើម​ជា​ច្រើន​ ដែល​មាន​គោលបំណង​ពង្រីក​វត្តមាន​របស់​យើង​ និង​ជំរុញ​ផលិតផល​ន​វា​នុ​វត្ត​ ដើម្បី​គាំទ្រ​ដល់​ទិដ្ឋភាព​សេវា​ធានា​រ៉ាប់រង​របស់​ប្រទេស​កម្ពុជា​ដែល​បន្ដ​រីក​ចម្រើន​ទៅ​មុខជា​លំដាប់​។​

​ការ​បង្កើន​វិសាលភាព​ និង​លទ្ធភាព​ទទួល​បាន​សេវា​ធានា​រ៉ាប់រង​របស់​កម្ពុជា​

​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ អេ​ទី​កា​ បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​ ចំពោះ​ការ​ពង្រឹង​ភាព​ធន់​នៃ​ហិរញ្ញវត្ថុ​ និង​ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ធានា​រ៉ាប់រង​ជាទី​ទុកចិត្ត​ និង​មានគុណ​ភាព​ខ្ពស់​។​ កិច្ចសហការ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ បាន​កំណត់​នូវ​ស្ដង់ដារ​ថ្មី​មួយ​សម្រាប់​ភាព​ងាយស្រួល​ លទ្ធភាព​ចូល​ប្រើ​សេវា​ឌី​ជី​ថ​ល​ និង​បទ​ពិសោធ​របស់​អតិថិជន​នៅ​ក្នុង​ទិដ្ឋភាព​វិស័យ​ធានា​រ៉ាប់រង​ទូទៅ​របស់​កម្ពុជា​។​

​អំពី​ ABA
ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​បំផុត​របស់​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម​សរុប​ ប្រាក់​បញ្ញើ​ ប្រាក់​កម្ចី​ និង​ប្រាក់​ចំណេញ​ យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ​ 2021-2025​។​ ​ធនាគារ​ ABA​ មាន​ 106​ សាខា​,​ ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ចំនួន​ 45​ កន្លែង​,​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 1,900​ នៅ​ទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ អនុញ្ញាត​ឲ្យ​អតិថិជន​ជាង​ 6​ លាន​នាក់​ ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​នេះ​។​ អតិថិជន​របស់​ធនាគារ​ រួម​មាន​សាជីវកម្ម​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ អាជីវកម្ម​មីក្រូ​ និង​រូបវន្ដបុគ្គល​។​