ធនាគារ ABA បើកទ្វារស្វាគមន៍ អ្នកចាប់អារម្មណ៍ផ្នែកឌីជីថល និងធុរកិច្ចថ្មី
06/Dec/2019
ធនាគារ ABA បានចូលរួម Startup Day ជាមួយនឹងក្រុមហ៊ុន 30 ដ៏ទៃទៀត ដើម្បីស្វាគមន៍អ្នកដែលមានចំណាប់អារម្មណ៍ផ្នែកឌីជីថល និងធុរកិច្ចថ្មី ឲ្យមកទស្សនកិច្ចនៅការិយាល័យរបស់ខ្លួនកាលពីថ្ងៃទី6 ខែធ្នូ។ រៀបចំឡើងដោយ Startup Jungle ជាក្រុមបណ្តាញអ្នកបច្ចេកវិទ្យា ដែលប្រមូលផ្តុំអ្នកចាប់ផ្តើមធុរកិច្ចថ្មី អ្នកបង្កើតផលិតផលដែលជោគជ័យ និងវិស្វករសម្រាប់វគ្គបណ្តុះបណ្តាលនិងការចែករំលែក ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដល់អ្នកទស្សនកិច្ច បានជួបផ្ទាល់ជាមួយនឹងក្រុមការងារ ដែលនៅពីក្រោយភាពជោគជ័យនៃផលិតផល និងសេវាឌីជីថលរបស់ធនាគារ ABA ។
អ្នកទស្សនកិច្ចទាំងអស់ ដែលរួមមាននិស្សិតមកពីសាកលវិទ្យាល័យ អ្នកអាជីពផ្នែកឌីជីថល និងអ្នកតំណាងធុរកិច្ចថ្មីផ្សេងៗ បានមកធ្វើទស្សនកិច្ចនៅក្នុងអង្គភាពធនាគារឌីជីថលរបស់ធនាគារ ABA។ ពួកគេត្រូវបានទទួលស្វាគមន៍ដោយលោក Zokhir Rosulov នាយកអង្គភាពឌីជីថលរបស់ធនាគារ ABA ដែលបានចែករំលែកពីដំណើរនៃការអភិវឌ្ឍរបស់ ABA Mobile ធនាគារអនឡាញ និងប្រព័ន្ធទូទាត់ប្រាក់អនឡាញ PayWay ទៅដល់អ្នកចូលរួមទាំងអស់។ នៅចុងបញ្ចប់ ពួកគេក៏មានឱកាសជួបជជែកជាមួយសមាជិកផ្សេងៗរបស់ក្រុមការងារឌីជីថលផងដែរ។
កញ្ញា សួង ចរណៃ ជាភ្ញៀវម្នាក់និងជាអ្នកអភិវឌ្ឍកម្មវិធីទូរស័ព្ទឯករាជ្យ បាននិយាយថា “ខ្ញុំបានជ្រើសរើសមកធ្វើទស្សនកិច្ចនៅធនាគារ ABA ព្រោះ ABA Mobile មានការរីកចម្រើនយ៉ាងឆាប់រហ័សនៅលើទីផ្សារ មុខងាររបស់វាមានលក្ខណៈពិសេស និងដំណើរការលឿន។ នោះហើយជាមូលហេតុដែលខ្ញុំចង់ជួបក្រុមដែលនៅពីក្រោយវា។ ពេលមកដល់ ហើយមើលឃើញបរិយាកាសការងារល្អប្រសើរបែបនេះ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានមកដល់ទីនេះ”។
ភ្ញៀវម្នាក់ទៀតឈ្មោះ គឹម សុផល ជាអតីតប្រធានផ្នែកអភិវឌ្ឍផលិតផលនៅក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Agribuddy ក៏បានចែករំលែកនូវបទពិសោធន៍ស្រដៀងគ្នាផងដែរ។ គាត់បានជ្រើសរើសមកទស្សនកិច្ចនៅធនាគារ ABA ដោយសារតែប្រជាប្រិយភាពនៃផលិតផលឌីជីថលរបស់ ABA នៅក្នុងទីផ្សារ។ “ ខ្ញុំគិតថាធនាគារ ABA គឺជាអ្នកនាំមុខខាងធនាគារឌីជីថលដែលជំរុញទីផ្សារនៅក្នុងវិស័យនេះ។ អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតនោះ គឺការអភិវឌ្ឍឌីជីថលត្រូវបានធ្វើឡើងនៅខាងក្នុង ដោយគំនិតច្នៃប្រឌិតរបស់ប្រជាជនកម្ពុជា ហើយនេះជាអ្វីដែលយើងគួរមានមោទនភាពបំផុត។ ខ្ញុំក៏ចូលចិត្តបរិយាកាសការងារនៅទីនេះ ព្រោះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានផាសុកភាព ហើយខ្ញុំជឿថាវាជាកត្តាដែលជំរុញផលិតភាពការងាររបស់បុគ្គលិកនៅទីនេះ” គាត់បានកត់សម្គាល់។