ធនាគារ ABA បើកសម្ពោធសាខាទីប្រាំតាមបណ្តាខេត្ត ដើម្បីផ្តល់ជូនសេវាកម្មពេញលេញនៅកម្ពុជា

25/Nov/2013

កាលពីថ្ងៃសៅរ៍ ទី 23 ខែវិច្ឆិកា ឆ្នាំ 2013 ធនាគារ ABA បានបើកសម្ពោធសាខា ក្រុងតាខ្មៅដែលមានទីតាំងស្ថិតនៅកែងផ្លូវ 107 និង 21 នៅក្បែររង្វង់មូលក្រុងតា ខ្មៅជាមួយនឹងពិធីផ្ដល់អាជ្ញាប័ណ្ណផ្លូវការ   និងកាត់ខ្សែបូរក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលរងខេត្តកណ្តាល និងលោក រ័ត្ន សុវណ្ណនរ:   តំណាងធនាគារជាតិកម្ពុជា ។

សាខាក្រុងតាខ្មៅរបស់ធនាគារ ABA  គឺជាសាខាទីប្រាំរបស់ធនាគារ ABA នៅតាមបណ្តាខេត្តក្រៅពីរាជធានីភ្នំពេញ។ សាខានេះនឹងបំពេញតម្រូវការអាជីវកម្មដែលរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងខេត្តកណ្តាល តាមរយៈការផ្តល់ជូនសេវាហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ និងសម្បូរបែប ព្រមទាំងផលិតផលសេវាកម្មធនាគារជាច្រើនរួមមាន ប្រាក់បញ្ញើ កម្ចី ការផ្ញើប្រាក់ ប័ណ្ណទូទាត់ និងសេវាកម្មជាច្រើនទៀត។

ការបើកសាខាក្រុងតាខ្មៅបានបញ្ជាក់ជាថ្មី  នូវការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ និងពង្រឹងសហគមន៍តាមរយៈផ្តល់នូវសេវាធនាគារប្រកបដោយគុណភាពខ្ពស់ជូនប្រជាពលរដ្ឋក្នុងខេត្តនេះ។ វាក៏បញ្ជាក់ពីគុណតម្លៃស្នូលរបស់ធនាគារក្នុងការផ្តល់នូវ "ភាពជាដៃគូដែលលោកអ្នកអាចជឿទុកចិត្ត" ។ 

បច្ចុប្បន្ននេះ ធនាគារ ABA មានសាខាចំនួន 12 នៅរាជធានីភ្នំពេញខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តកណ្តាល។