ធនាគារ ABA ផ្តល់ជំនួយស្បៀង បណ្តោះអាសន្នជូនជនរងគ្រោះ ដោយសារទឹកជំនន់តាមរយៈសមាគមធនាគារនៅកម្ពុជា
20/Oct/2020
ធនាគារ ABA ជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា សហការជាមួយសមាគមធនាគារនៅកម្ពុជា (ABC) បានបរិច្ចាគស្បៀងអាហារបណ្តោះអាសន្ន ដើម្បីជួយក្រុមគ្រួសាររងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ។ ជាសរុប ធនាគារបានប្រគល់អង្ករ 4 តោន ត្រីខកំប៉ុង 4,000 កំប៉ុង មីកំប៉ុង 4,000 កំប៉ុង និងទឹកចំនួន 4,000 លីត្រ។
ការបរិច្ចាគនេះធ្វើឡើងតាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី និងទទួលដោយឯកឧត្តម សេង ធៀង នាយករងនៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី 19 តុលា 2020។
ដោយអនុវត្តតាមគុណតម្លៃសាជីវកម្ម ធនាគារ ABA បានប្តេជ្ញាពេញទំហឹងក្នុងការជួយដល់សហគមន៍ក្នុងស្រុក និងធ្វើការរួមចំណែកវិជ្ជមានដល់ប្រទេសកម្ពុជា។ ឥឡូវនេះ បេះដូងរបស់យើងនៅជាមួយប្រជាជនដែលជីវិតរបស់ពួកគាត់ប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនេះ។
ព្យុះដ៏ធ្ងន់ធ្ងរនេះដែលកំពុងកើតឡើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យបាត់បង់ជីវិត និងបង្ខំឲ្យប្រជាជនរាប់រយពាន់ផ្លាស់ទីលំនៅដោយសារតែកម្រិតទឹកជំនន់កើនឡើង។ ជំនន់ទឹកភ្លៀងក៏បានបង្កការខូចខាតលំនៅដ្ឋាន ហេដ្ឋានរចនាសម្ព័ន្ធ និងដីកសិកម្មផងដែរ។
យើងសូមរំលឹកដល់សាធារណៈឲ្យរក្សាសុវត្ថិភាព និងប្រុងប្រយ័ត្ន ខណៈពេលកំពុងថែទាំអ្នកដទៃ ជាពិសេសកុមារ និងមនុស្សចាស់ ព្រមទាំងដឹងពីទីទួលសុវត្ថិភាពដែលណែនាំដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។