ធនាគារ​ ABA​ ត្រូវ​បាន​ទទួលស្គាល់​ជា​ធនាគារ​លេខ​ 1​ របស់​កម្ពុជា​ ក្នុង​បញ្ជី​ធនាគារ​ឆ្នើម​របស់​ពិភពលោក​ ឆ្នាំ​2026​ ពី​ទស្សនាវដ្តី​ Forbes

11/Sep/2026

aba top performing kh-1aba top performing kh-1

ធនាគារ​ ABA​ ត្រូវ​បាន​ទទួលស្គាល់​ជា​ធនាគារ​លេខ​ 1​ របស់​កម្ពុជា​ នៅ​ក្នុង​ការ​វាយតម្លៃ​ ធនាគារ​ឆ្នើម​លំដាប់​ពិភពលោក​ ឆ្នាំ​2026​ (World’s​ Top​ Performing​ Banks​ 2026​ Ranking)​ លើក​ដំបូង​ របស់​ទស្សនាវដ្តី​ Forbes​ ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ​ 31​ ទូ​ទាំង​ពិភពលោក​ នៅ​ក្នុង​ប្រភេទ​ ធនាគារ​ខ្នាត​មធ្យម​កម្រិត​ទាប​ (Lower​ Mid-size​ Banks)​ និង​ស្ថិត​ក្នុង​ចំណោម​ស្ថាប័ន​ធនាគារ​ដែល​មាន​ប្រតិបត្តិការ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​។​

​ការ​ទទួលស្គាល់​នេះ​ គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​សម្រាប់​ធនាគារ​ ABA​ និង​ជា​ស្តង់ដារ​សកល​សម្រាប់​វាស់​ស្ទង់​ភាពរឹងមាំ​ ភាព​ធន់​ និង​គុណភាព​នៃ​លទ្ធផល​ហិរញ្ញវត្ថុ​របស់​ធនាគារ​។​ ​ចំណាត់ថ្នាក់​ធនាគារ​ឆ្នើម​លំដាប់​ពិភពលោក​ ត្រូវ​បាន​រៀបចំ​ដោយ​ទស្សនាវដ្តី​ Forbes​ សហការ​ជាមួយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ Statista​ ដោយ​ផ្អែក​ទៅ​លើ​ទិន្នន័យ​ហិរញ្ញវត្ថុ​ជាក់ស្ដែង​ និង​វាយតម្លៃ​លើ​ 4​ ចំណុច​៖

  • ​ប្រាក់​ចំណេញ​
  • ការ​រីក​ចម្រើន​ និង​គុណភាព​ប្រាក់​ចំណូល​
  • ដើមទុន​ និង​ភាព​ធន់​នៃ​ការ​ផ្ដល់​ហិរញ្ញប្បទាន​
  • គុណភាព​ទ្រព្យសកម្ម​ និង​ប្រសិទ្ធភាព​ប្រតិបត្តិការ​។​

​ដើម្បី​ធានា​នូវ​ការ​វាយតម្លៃ​បាន​ត្រឹមត្រូវ​រវាង​ធនាគារ​ដែល​មាន​ទំហំ​ខុសៗ​គ្នា​ គ្រឹះស្ថាន​នីមួយៗ​ត្រូវ​បាន​បែងចែក​ជា​ 6​ ក្រុម​ ដោយ​ផ្អែក​ទៅ​លើ​ទំហំ​ទ្រព្យសកម្ម​សរុប​។​ ធនាគារ​ ABA​ ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​ក្រុម​ ធនាគារ​ខ្នាត​មធ្យម​កម្រិត​ទាប​ ដែល​ធនាគារ​ដែល​ស្ថិត​ក្នុង​ក្រុម​នេះ​ ត្រូវ​មានទ្រព្យ​សកម្ម​ចន្លោះ​ពី​ 10-20​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​។​ ក្នុង​ក្រុម​នេះ​ ធនាគារ​ ABA​ ជាប់​ចំណាត់ថ្នាក់​លេខ​ 31​ នៅ​ទូ​ទាំង​ពិភពលោក​ និង​ចំណាត់ថ្នាក់​លេខ​ 1​ នៅ​កម្ពុជា​។​

​ចំណាត់ថ្នាក់​នេះ​ បាន​ដាក់​ធនាគារ​ ABA​ ក្នុង​ចំណោម​ធនាគារ​ដែល​មាន​លទ្ធផល​ប្រតិបត្តិការ​ល្អ​បំផុត​ចំនួន​ 500​ មក​ពី​ 89​ប្រទេស​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ក្នុង​ការ​វាយតម្លៃ​ជាស​កល​លើក​ដំបូង​របស់​ទស្សនាវដ្តី​ Forbes​។​

​សមិទ្ធផល​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​ភាពរឹងមាំ​នៃ​មូលដ្ឋាន​ហិរញ្ញវត្ថុ​របស់​ ABA​ និង​សមត្ថភាព​របស់​ធនាគារ​ក្នុង​ការ​ រក្សា​បាន​នូវ​ប្រាក់​ចំណេញ​ និង​ស្ថិរភាព​កំណើន​ ជាមួយនឹង​ដើមទុន​ដ៏​រឹង​មាំ​ និង​ការ​រចនា​សម្ពន្ធ​កម្ចី​ហិរញ្ញប្បទាន​ត្រឹមត្រូវ​,​ គុណភាព​ទ្រព្យសកម្ម​ និង​ប្រ​សិ​ទ្ទ​ភាព​ប្រតិបត្តិការ​។​ ការណ៍​នេះ​ ក៏​បាន​គូសបញ្ជាក់​ពី​តួនាទី​របស់​ធនាគារ​ ក្នុង​នាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​នៅ​កម្ពុជា​ និង​បង្ហាញ​នូវ​សមត្ថភាព​ប្រកួតប្រជែង​នៃ​វិស័យ​ធនាគារ​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​។​

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​ មាន​កិត្តិយស​ក្រៃ​លែង​ដែល​ត្រូវ​បាន​ទស្សនាវដ្តី​ Forbes​ ទទួលស្គាល់​ជា​ធនាគារ​លេខ​ 1​ នៅ​កម្ពុជា​ ក្នុង​ការ​វាយតម្លៃ​ ធនាគារ​ឆ្នើម​លំដាប់​ពិភពលោក​ជា​លើក​ដំបូង​របស់​ទស្សនាវដ្ដី​។​ ការ​ដែល​ធនាគារ​ ABA​ ត្រូវ​បាន​វាយតម្លៃ​ជាមួយ​ធនាគារ​នានា​ជុំវិញ​ពិភពលោក​ ដោយ​ផ្អែក​លើ​សូចនាករ​ហិរញ្ញវត្ថុ​ជាក់ស្ដែង​ បាន​ធ្វើ​ឲ្យ​លទ្ធផល​នេះ​កាន់តែ​មាន​អត្ថន័យ​ពិសេស​សម្រាប់​យើងខ្ញុំ​”​។​

​លោក​ក៏​បាន​បន្ត​ថា​ “​សមិទ្ធផល​នេះ​ ឆ្លុះ​បញ្ចាំង​ពី​ភាពរឹងមាំ​នៃ​អាជីវកម្ម​ និង​សង្គតិភាព​នៃ​លទ្ធផល​ដែល​យើងខ្ញុំ​សម្រេច​បាន​កន្លង​មក​។​ ប៉ុន្ដែ​ លើស​ពី​នេះ​ វា​ក៏​តំណាង​ឲ្យ​អ្វី​ដែល​ធំ​ជាង​នេះ​ផង​ដែរ​ ពោល​គឺជា​លទ្ធផល​នៃ​ទំនុកចិត្ត​របស់​អតិថិជន​រាប់​លាន​នាក់​មក​លើ​ធនាគារ​យើងខ្ញុំ​ ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ក្រុមការងារ​ និង​ការ​បន្ត​ផ្តោត​សំខាន់​ទៅ​លើ​ការ​កសាង​ធនាគារ​ដែល​រឹង​មាំ​ ជាទី​ទុកចិត្ត​ និង​មាន​ចក្ខុវិស័យ​ឆ្ពោះទៅ​មុខ​។​ យើងខ្ញុំ​មាន​មោទនភាព​ដែល​បានឃើញ​លទ្ធផល​ប្រតិបត្តិការ​របស់​ ABA​ ត្រូវ​បាន​ទទួលស្គាល់​ក្នុង​ឆាក​អន្តរជាតិ​ ហើយ​យើងខ្ញុំ​នឹង​បន្ត​បង្កើន​ស្តង់ដារ​ប្រតិបត្តិការ​របស់​ខ្លួន​ឲ្យ​កាន់តែ​ខ្ពស់​ឡើង​”​។​

​សម្លឹង​ឆ្ពោះទៅ​មុខ​ ធនាគារ​ ABA​ នឹង​បន្ត​ពង្រឹង​មូលដ្ឋាន​គ្រឹះ​ដែល​គាំទ្រ​ ដល់​លទ្ធផល​ការងារ​ល្អ​ប្រសើរ​ក្នុង​រយៈពេល​វែង​ តាម​រយៈ​ការ​វិនិយោគ​ទៅ​លើ​ធនធានមនុស្ស​ បច្ចេកវិទ្យា​ និង​សមត្ថភាព​របស់​ខ្លួន​ ព្រមទាំង​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​នវានុវត្តន៍​ សុវត្ថិភាព​ និង​ងាយស្រួល​ប្រើប្រាស់​សម្រាប់​អតិថិជន​ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ជា​បន្ដបន្ទាប់​ និង​ភាពរឹងមាំ​នៃ​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។