ធនាគារ ABA វិនិយោគច្រើនជាងគេក្នុងហិរញ្ញប្បទានបៃតង ១៥០ លានដុល្លារ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ
17/Nov/2026
ធនាគារ ABA បានវិនិយោគទឹកប្រាក់ចំនួន ៤៧,៥ លានដុល្លារអាមេរិក ក្នុងនាមជាវិនិយោគិនធំជាងគេ ក្នុងប្រតិបត្តិការហិរញ្ញប្បទានបៃតង ដែលមានទំហំទឹកប្រាក់សរុប ១៥០ លានដុល្លារអាមេរិក សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ ដែលធំបំផុតរបស់កម្ពុជា។ ការវិនិយោគនេះបង្ហាញពីសមត្ថភាព និងការត្រៀមខ្លួនរួចជាស្រេចរបស់ធនាគារ ក្នុងការគាំទ្រ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងបរិស្ថានរយៈពេលវែងរបស់កម្ពុជា។
កញ្ចប់ហិរញ្ញប្បទាននេះរួមបញ្ចូលគ្នារវាងសញ្ញាបណ្ណដែលធានាដោយ CGIF, សញ្ញាបណ្ណគ្មានការធានា, និងឥណទាន ។ ការចូលរួមរបស់ធនាគារ ABA តំណាងឱ្យការរួមចំណែកដ៏សំខាន់មួយដល់គម្រោងនេះ និងគាំទ្រដល់ការអភិវឌ្ឍទីផ្សារមូលធនរបស់កម្ពុជា តាមរយៈការវិនិយោគលើសញ្ញាបណ្ណសាជីវកម្ម។
ហិរញ្ញប្បទាននេះគាំទ្រដល់ក្រុមហ៊ុន SchneiTec Jupiter ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SchneiTec Group ក្នុងការអភិវឌ្ឍគម្រោងថាមពលពន្លឺព្រះអាទិត្យកម្លាំង ៣៥០ មេហ្គាវ៉ាត់ (350 MW) នៅក្នុងខេត្តពោធិ៍សាត់។ បច្ចុប្បន្ន គម្រោងនេះបានដាក់ឱ្យដំណើរការហើយ និងត្រូវបានរំពឹងថានឹងផលិតអគ្គិសនីស្អាតរហូតដល់ ៧៥៨ ជីហ្គាវ៉ាត់ម៉ោង (758 GWh) ក្នុងមួយឆ្នាំ ដែលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់លំនៅឋានជាង ៤២ ម៉ឺនខ្នង និងកាត់បន្ថយការបំភាយឧស្ម័នកាបូនជាង ៣៧ ម៉ឺន តោនក្នុងមួយឆ្នាំ។
ពិធីចុះបញ្ជីសញ្ញាបណ្ណជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា (CSX) មានការអញ្ជើញចូលរួមពីតំណាងរបស់ក្រុមហ៊ុន SchneiTec Group, វិនិយោគិន, គ្រឹះស្ថានហិរញ្ញវត្ថុ, អាជ្ញាធររដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀតមកពីស្ថាប័នរដ្ឋ និងឯកជន។
លោក Zhiger Atchabarov អគ្គនាយករងប្រតិបត្តិ, នាយកប្រតិបត្តិការ, និងជានាយករងប្រតិបត្តិរបស់ធនាគារ ABA បានមានប្រសាសន៍ថា “ធនាគារ ABA មានមោទនភាពដែលបានវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រតិបត្តិការហិរញ្ញប្បទានបៃតងដ៏មានសារៈសំខាន់នេះ។ ការចូលរួមចំនួន ៤៧,៥ លានដុល្លារអាមេរិករបស់យើង ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងចំពោះទស្សនវិស័យអភិវឌ្ឍន៍របស់កម្ពុជា និងការត្រៀមខ្លួនរួចជាស្រេចរបស់ធនាគារ ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងជាយុទ្ធសាស្ត្រនានា ដែលពង្រឹងសន្តិសុខថាមពល គាំទ្រកំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍បរិស្ថានរយៈពេលវែង”។
លោកបណ្ឌិត ហេង សុជាតិ អគ្គនាយកក្រុមហ៊ុន SchneiTec Group បានមានប្រសាសន៍ថា “ហិរញ្ញប្បទាននេះតំណាងឱ្យសមិទ្ធផលដ៏សំខាន់មួយសម្រាប់ទាំងក្រុមហ៊ុន SchneiTec និងវិស័យថាមពលកកើតឡើងវិញរបស់កម្ពុជា។ ការគាំទ្រយ៉ាងរឹងមាំពីវិនិយោគិន បង្ហាញពីទំនុកចិត្តលើទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេស ហើយនឹងជួយពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកអនាគតថាមពល ដែលកាន់តែស្អាត មានភាពធន់ និងមានសន្តិសុខជាងមុន”។
ការវិនិយោគនេះបន្តពង្រីកបន្ថែម លើការចូលរួមជាបន្តបន្ទាប់របស់ធនាគារ ABA ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់ជាតិ។ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៦ ធនាគារបានប្រកាសក្លាយជាអ្នកផ្តល់ឥណទានធំជាងគេ នៅក្នុងកញ្ចប់ឥណទានរួម (Syndicated Loan) ដែលមានទំហំទឹកប្រាក់ ១៨២ លានដុល្លារអាមេរិក សម្រាប់ប្រព័ន្ធផ្ទុកថាមពលថ្មខ្នាតឧស្សាហកម្ម (BESS) ដំបូងគេបង្អស់របស់កម្ពុជា។ តាមរយៈការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ ការផ្ដល់ហិរញ្ញប្បទានដែលមានលក្ខខណ្ឌ និងរចនាសម្ព័ន្ធស្មុគស្មាញ និងការផ្តល់ឥណទានទំហំធំដល់សាជីវកម្មខ្នាតធំ បានឆ្លុះបញ្ចាំងឲ្យឃើញាថា ធនាគារ ABA នៅតែត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្របន្ថែមទៀត នៅវិស័យសំខាន់ៗដែលចាំបាច់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។






