ធនាគារ ABA បើកសាខាបម្រើសេវាពេញលេញ ក្នុងខេត្តកែប
12/Dec/2022
ធនាគារ ABA ដែលជាធនាគារពាណិជ្ជ និងធនាគារឌីជីថលធំជាងគេនៅកម្ពុជា1 បានបើកដំណើរការសាខាបម្រើសេវាពេញលេញរបស់ខ្លួនជាផ្លូវការ នៅក្នុងខេត្តកែប ដែលអនុញ្ញាតឲ្យអតិថិជនក្នុងខេត្តនេះ ទទួលបានបទពិសោធសេវាធនាគារងាយស្រួល ជាមួយឧបករណ៍ទំនើបទាន់សម័យ។ ការបើកសាខាថ្មីនេះ ក៏បានបង្ហាញអំពីការពង្រីកបណ្ដាញរូបវន្ដរបស់ធនាគារ ABA ទៅកាន់គ្រប់ខេត្តទាំងអស់នៃប្រទេសកម្ពុជា បន្ថែមពីលើវិសាលភាពឌីជីថលយ៉ាងទូលំទូលាយនៃដំណោះស្រាយសេវាធនាគាររបស់ខ្លួន។
ដោយមានទីតាំងស្ថិតនៅចំកណ្តាលទីរួមខេត្តកែប សាខានេះ ត្រូវបានរៀបចំឡើងដោយមានកន្លែងអង្គុយរង់ចាំប្រកប ដោយផាសុកភាព រួមជាមួយបញ្ជរបម្រើអតិថិជន និងចំណតធំទូលាយ។ អតិថិជនអាចអញ្ជើញមកសាខានេះ ដើម្បីបើកគណនីសន្សំ និងបញ្ញើគ្រប់ប្រភេទ, ប្រឹក្សាជាមួយអ្នកជំនាញកម្ចីយើងខ្ញុំពាក់ព័ន្ធនឹងផលិតផលកម្ចីអាជីវកម្មច្រើនប្រភេទ, បើកកាតឥណពន្ធ ឥណទាន និងស្វែងយល់បន្ថែមអំពីកម្មវិធី ABA Mobile ពីបុគ្គលិកជំនាញរបស់យើងដែលប្រចាំការនៅទីនោះ។
សាខាថ្មីនេះ មានបំពាក់នូវឧបករណ៍ស្វ័យសេវាទំនើបៗ ដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនដាក់/ដកប្រាក់ ដើម្បីសម្រួលដល់ការចូលប្រើសេវាធនាគាររបស់អតិថិជនបានគ្រប់ពេលវេលា។ ក្រៅពីនេះ ធនាគារក៏មានបំពាក់ម៉ាស៊ីនបើកកាតនៅសាខាផ្ទាល់ផងដែរ។ ជាមួយម៉ាស៊ីនបើកកាត អតិថិជនអាចបើកកាត Visa, Mastercard, UPI និងកាត CSS ដោយខ្លួនឯង។ ដំណើរការបើកកាតចាយពេលមិនដល់ពីរនាទី ហើយមិនចាំបាច់មានការបើកជូនដោយបុគ្គលិកឡើយ។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា “ការបើកសាខាខេត្តកែបនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់បណ្ដាញរូបវន្ដរបស់ធនាគារ”។ “ក្នុងនាមជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា ABA ប្ដេជ្ញានាំយកនូវស្វ័យសេវាធនាគារដ៏ទំនើប និងងាយស្រួលឲ្យខិតកាន់តែជិតអតិថិជន ហើយផ្តល់ជូនពួកគាត់នូវបទពិសោធសេវាធនាគារដ៏ល្អបំផុត។ យើងខ្ញុំមានសេចក្ដីរីករាយ ដែលបានប្រកាសបើកដំណើរការសាខាខេត្តកែបនាថ្ងៃនេះ ព្រោះថានេះបានបញ្ជាក់អំពីកំណើននៃតម្រូវការសេវាធនាគារទំនើប និងងាយស្រួលនៅក្នុងខេត្តដ៏មានសក្ដានុពលមួយនេះ”។
ចាប់ពីថ្ងៃនេះតទៅ អតិថិជនខេត្តកែប អាចអញ្ជើញមកទីតាំងថ្មីនេះ ដើម្បីបំពេញតម្រូវការធនាគាររបស់ខ្លួន និងប្រឹក្សាជាមួយបុគ្គលិកជំនាញរបស់យើង ពីថ្ងៃច័ន្ទ ដល់ សុក្រ ចាប់ពីម៉ោង 8 ព្រឹក ដល់ 4 ល្ងាច។
សាខា ABA ខេត្តកែប មានទីតាំងនៅលើផ្លូវជាតិលេខ 33 ភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប(ទល់មុខរង្វង់មូលសេះស)។ លោកអ្នកអាចទំនាក់ទំនងមកសាខាផ្ទាល់តាមរយៈលេខ 098 630 154។ គិតត្រឹមថ្ងៃនេះ ធនាគារ ABA មានសាខាសរុបចំនួន 82 នៅទូទាំងប្រទេស ខណៈសាខាចំនួន 3 ទៀតគ្រោងនឹងបើកត្រឹមចុងឆ្នាំ 2022 នេះ។ ក្រៅពីនេះ ធនាគារបានបើកទីតាំងស្វ័យសេវា ABA 24/7 ចំនួន 30 ទីតាំង។ ទីតាំងទាំងនេះ ជាការបន្ថែមដ៏សំខាន់មួយទៅក្នុងបណ្ដាញសាខា ដោយផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការចូលប្រើគណនីរបស់ខ្លួនបានគ្រប់ពេលវេលាតាមម៉ាស៊ីនស្វ័យសេវាផ្សេងៗគ្នា។
1 ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។





