ធនាគារ ABA ដាក់ដំណើរការការទូទាត់តាមរយៈកូដ QR ជាមួយ ABA Mobile នៅក្នុងប្រទេសថៃ
21/Dec/2023
ធនាគារ ABA មានមោទនភាពប្រកាសដាក់ដំណើរការការទូទាត់ឆ្លងប្រទេស តាមកូដ QR ជាមួយកម្មវិធី ABA Mobile នៅក្នុងប្រទេសថៃ។ សេវាកម្មទំនើបនេះអនុញ្ញាតឲ្យអ្នកប្រើ ABA Mobile ធ្វើការស្កេន និងទូទាត់ប្រាក់យ៉ាងរលូនជាមួយនឹងកូដ QR ឬ កូដ PromptPay QR របស់ថៃនៅហាងប្រមាណ 7 លាននៅទូទាំងប្រទេសថៃ។
ដើម្បីទូទាត់ជាមួយកូដ QR ឬ កូដ PromptPay QR របស់ថៃ អ្នកប្រើ ABA Mobile ត្រូវតែមានគណនីប្រាក់រៀលដើម្បីទូទាត់។ គណនីសន្សំជាប្រាក់រៀលអាចបើកក្នុងអេប មិនដល់មួយនាទី ហើយអាចប្រើប្រាស់បានភ្លាមៗ។ ម្ចាស់គណនីរហ័ស ABA ត្រូវតែ Upgrade គណនីរបស់ពួកគេទៅជាគណនីពេញលេញ នៅសាខា ABA ណាមួយ ដើម្បីប្រើប្រាស់ ABA Mobile សម្រាប់ស្កេនកូដ QR ឬ កូដ PromptPay QR នៅពេលទូទាត់ក្នុងប្រទេសថៃ។
ដំណើរការស្កេន គឺដូចគ្នានឹងការស្កេនកូដ KHQR នៅកម្ពុជាដែរ - អ្នកប្រើប្រាស់ ABA Mobile ត្រូវបើកដំណើរការមុខងារ ABA Scan នៅលើអេប រួចស្កែនកូដ QR ថៃ QR ឬ កូដ PromptPay QR ដែលបង្ហាញដោយពាណិជ្ជករ ហើយបញ្ចូលចំនួនទឹកប្រាក់ និងបញ្ជាក់ប្រតិបត្តិការជាមួយលេខសម្គាល់។ ចំនួនទឹកប្រាក់ប្រតិបត្តិការសម្រាប់ Thai QR ឬ PromptPay QR គឺ 10 លានរៀលក្នុងមួយថ្ងៃ ខណៈដែលចំនួនប្រតិបត្តិការប្រចាំថ្ងៃគឺគ្មានដែនកំណត់។
ដំណោះស្រាយដ៏ងាយស្រួលនេះ លុបបំបាត់រាល់ការកាន់សាច់ប្រាក់ និងភាពលំបាកនៃការប្តូររូបិយប័ណ្ណ និងផ្តល់នូវប្រតិបត្តិការដោយមិនគិតថ្លៃ ធានានូវបទពិសោធន៍ដែលមានប្រសិទ្ធភាព និងងាយស្រួលប្រើសម្រាប់អ្នកប្រើប្រាស់ ABA Mobile។
លោក Sanzhar Abdullayev នាយកកាត និងសេវាទូទាត់អេឡិកត្រូនិក នៃធនាគារ ABA មានប្រសាសន៍ថា "យើងពិតជារីករាយក្នុងការបង្កើនបទពិសោធន៍អតិថិជន ដោយរួមបញ្ចូលជាមួយ QR/PromptPay QR របស់ថៃ ដែលផ្តល់ជូនអ្នកប្រើប្រាស់នូវមធ្យោបាយងាយស្រួល និងសុវត្ថិភាពក្នុងការទូទាត់ដោយគ្មានសាច់ប្រាក់នៅក្នុងប្រទេសថៃ" ។
លោក Abdullayev បានបន្ថែមថា "ការរួមបញ្ចូលនេះ ស្របតាមការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់នូវដំណោះស្រាយប្រកបដោយភាពនវានុវត្ត ដែលបំពេញដល់តម្រូវការកំពុងកើនឡើងរបស់អតិថិជន ជាពិសេសអ្នកដែលធ្វើការ ឬសិក្សានៅប្រទេសថៃ ឬជាញឹកញាប់ធ្វើដំណើរទៅកាន់ប្រទេសនេះ"។
ការអភិវឌ្ឍន៍សេវាកម្មនេះ គឺជាជំហានជោគជ័យដ៏សំខាន់មួយសម្រាប់ធនាគារ ABA ក្នុងការពង្រីកសមត្ថភាពធនាគារឌីជីថលរបស់ខ្លួន និងផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ឆ្លងប្រទេសប្រកបដោយភាពរលូន។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការទូទាត់ QR នៅក្នុងប្រទេសថៃជាមួយ ABA Mobile សូមទូរស័ព្ទទៅលេខ 1 800 203 203 (ឥតគិតថ្លៃក្នុងប្រទេសកម្ពុជា), អ៊ីមែលមកកាន់ info@ ឬផ្ញើសារឯកជននៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់យើង។ ababank.com