ធនាគារ ABA សហការជាមួយអង្គការ រក្សាកុមារ ដើម្បីជួសជុល និងកែលម្អឡើងវិញនៃមណ្ឌលគាំពារកុមារខ្វះខាត
19/Aug/2025
ដោយជាផ្នែកមួយនៃការងារទំនួលខុសត្រូវសង្គម ធនាគារ ABA បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយអង្គការ រក្សាកុមារ (RKO) ដើម្បីគាំទ្រការជួសជុលនិងកែលម្អឡើងវិញ របស់មណ្ឌលគាំពារកុមារ គ្រួសារថ្មីតាខ្មៅ ដែលគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការវិនិយោគទៅលើសុខុមាលភាព និងការអប់រំរបស់កុមារ។
អង្គការ គ្រួសារថ្មី បង្កើតឡើងក្នុងឆ្នាំ 1991 ជាអង្គការដំបូងក្នុងប្រទេសកម្ពុជា ដែលខិតខំផ្តល់ជូនកុមារខ្វះខាតជាមួយនឹងបរិយាកាសរស់នៅ និងបរិយាកាសសិក្សា ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅតាមបណ្តាខេត្តចំនួន 15 ទូទាំងប្រទេស។
មណ្ឌលគាំពារកុមារគ្រួសារថ្មីតាខ្មៅ បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ការការពារ និងការអប់រំយូរអង្វែងដល់កុមារដែលមានភាពខ្វះខាត។ ការជួសជុលនិងកែលម្អឡើងវិញនេះ នឹងបន្ថែមនូវផ្ទះបាយ និងបន្ទប់ដាក់អាហារថ្មី សម្រាប់អាហារជារៀងរាល់ថ្ងៃ ថ្នាក់រៀន និងបន្ទប់ច្នៃប្រឌិតសម្រាប់របាំ និងតន្ត្រីខ្មែរ ព្រមទាំង ទីកន្លែងស្នាក់នៅថ្មីរួមមាន បន្ទប់គេង បន្ទប់ទឹក បន្ទប់ពិគ្រោះយោបល់ និងបន្ទប់លោកគ្រូ អ្នកគ្រូ។
នៅថ្ងៃទី15 ខែសីហា ឆ្នាំ 2025 ពិធីចុះហត្ថលេខា បានអញ្ជើញចូលរួមដោយលោក Zhiger Atchabarov នាយករងប្រតិបត្តិ និងនាយកប្រតិបត្តិការនៃធនាគារ ABA អ្នកស្រី សុខ វណ្ណសិកា នាយិកាប្រតិបត្តិនៃអង្គការរក្សាកុមារ និង អ្នកស្រី អ៊ឹម សុភា នាយិការងប្រតិបត្តិនៃអង្គការគ្រួសារថ្មី ព្រមទាំងក្រុមការងារ នៅករិយាល័យកណ្តាលនៃធនាគារ ABA។
លោក Zhiger Atchabarov មានប្រសាសន៍ថា “នៅធនាគារ ABA យើងខ្ញុំជឿជាក់ថាកិច្ចការទំនួលខុសត្រូវសង្គម ផ្តើមឡើងដោយការបង្កើតសមិទ្ធផលយូរអង្វែងមួយ។ ជាមួយការគាំទ្រដោយ ការជួសជុល និងកែលម្អឡើងវិញ នៃមណ្ឌលគាំពារកុមារ គ្រួសារថ្មីតាខ្មៅនេះ យើងខ្ញុំកំពុងតែរួមចំណែកក្នុងការបង្កើតទីកន្លែងមួយដែលសុវត្ថិភាព និងលើកទឹកចិត្តកុមារក្នុងការសិក្សា និងរីកចម្រើនទៅមុខ។ កុមារគ្រប់រូប សាកសមនឹងទទួលបានឱកាសក្នុងការអភិវឌ្ឍខ្លួន មិនថាពួកគេធំធាត់ក្នុងស្ថានភាពគ្រួសារបែបណាក៏ដោយ ហើយយើងខ្ញុំ ពិតជាមានមោទនភាពដែលបានដើរតួ មួយចំណែកក្នុងការសម្រេចគម្រោងមួយនេះ។”
អ្នកស្រី សុខ វណ្ណសិកា នាយិកាប្រតិបត្តនៃអង្គការរក្សាកុមារ ក៏មានប្រសាសន៍ថា “ភាពជាដៃគូជាមួយធនាគារ ABA នេះ បានបញ្ជាក់ជំហានទៅមុខដ៏មានអត្ថន័យ ក្នុងបេសកកម្មរបស់យើង ក្នុងការការពារ និងលើកកម្ពស់កុមារដែលងាយរងគ្រោះ។ ការជួសជុលនិងកែលម្អឡើងវិញនៃមណ្ឌលនេះ មិនត្រឹមតែជួយបង្កើនបរិយាកាសទីធ្លាប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងបានជំរុញសេចក្តីថ្លៃថ្នូរ ភាពច្នៃប្រឌិត និងក្តីសង្ឃឹមសម្រាប់កុមារគ្រប់រូបផងដែរ។”
អ្នកស្រី អ៊ឹម សុភា នាយិការងប្រតិបត្តិនៃអង្គការគ្រួសារថ្មី ក៏មានប្រសាសន៍ថា “យើងខ្ញំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការគាំទ្ររបស់ធនាគារ ABA ដែលបានជួសជុលដល់មណ្ឌលគាំពារកុមារនៅតាខ្មៅ របស់យើងខ្ញុំ។ ការអភិវឌ្ឍន៍ទាំងនេះ នឹងជំរុញគុណភាពថែទាំ និងការអប់រំដែលយើងខ្ញុំផ្តល់ជូន ដែលជួយកុមារឲ្យមានអារម្មណ៍សុវត្ថិភាព ទទួលបានការលើកទឹកចិត្ត និងត្រៀមខ្លួនដើម្បីឈោងចាប់ក្តីស្រមៃរបស់ពួកគេ។”
ឆ្ពោះទៅមុខ ABA នឹងបន្តប្តេជ្ញារួមចំណែកដល់ហេដ្ឋារចនាសម្ព័ន្ធការសិក្សាឲ្យកាន់តែប្រសើរឡើង និងលើកកម្ពស់សុខុមាលភាពកុមារ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។






