ធនាគារ ABA ទទួលបានពានរង្វាន់ Elite Quality Recognition Award ពី JP Morgan
20/Oct/2022
ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា ទទួលបានពានរង្វាន់ 2022 Elite Quality Recognition Award ជាលើកទី 3 ពី JP Morgan Chase Bank N.A., USA ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយរបស់ពិភពលោក។
ពានរង្វាន់នេះ សាទរលើសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់ ABA លើការរក្សាបាននូវប្រតិបត្តិការផ្ទេរប្រាក់ដែលមានគុណភាពខ្ពស់ និងការគ្រប់គ្រង នៅក្នុងប្រព័ន្ធដំណើរការឆ្លងកាត់ត្រង់ផ្ទាល់ MT103 (straight-through processing ដែលហៅកាត់ថា STP) ក្នុងកម្រិត 99.69% សម្រាប់ការផ្ទេរប្រាក់ និងការទូទាត់អន្តរជាតិ ជាដុល្លារអាមេរិកក្នុងឆ្នាំ 2022។
តំណាងរបស់ JP Morgan ប្រចាំតំបន់ឥណ្ឌូចិន បានប្រគល់ជូន ABA នូវ Certificate for the Outstanding Achievement of Best-in-Class MT103 STP Rate 99.69% ដែលធ្វើឡើងនៅការិយាល័យកណ្តាលរបស់ធនាគារ ABA កាលពីថ្ងៃទី 19 ខែតុលា ឆ្នាំ 2022។
ក្នុងជំនួបជាមួយ JP Morgan លោកស្រី ហៀន ប៉ូលីនដា នាយិកាធុរកិច្ចអន្តជាតិ នៃធនាគារ ABA បានមានមតិថា «យើងមានសេចក្តីសោមនស្សរីករាយដែលទទួលបានរង្វាន់ពី JP Morgan ជាលើកទី 3 ជាប់ៗគ្នា។ ពានរង្វាន់ STP នេះ គូសបញ្ជាក់ថា ការផ្ទេរប្រាក់អន្តរជាតិជាប្រាក់ដុល្លារតាមរយៈ ABA មានដំណើរការស្ទើរតែភ្លាមៗ សុក្រឹតភាពខ្ពស់ សន្សំសំចៃ និងងាយស្រួលសម្រាប់អតិថិជន។ យើងប្តេជ្ញាផ្តល់ជូនអតិថិជនជាមួយនឹងស្តង់ដារគុណភាពខ្ពស់ក្នុងដំណើរការការទូទាត់ និងការផ្ទេរប្រាក់អន្តរជាតិប្រកបដោយសុវត្ថិភាពបំផុត។»
ពានរង្វាន់ MT103 Elite Quality Recognition បានផ្តល់ជូនអតិថិជនរបស់ J.P. Morgan ដែលសម្រេចបាន STP rate លើសពី 99.0% ជាមួយនឹង កម្រិតផ្ទេរប្រាក់ និងទូទាត់អប្បបរមា 10,000 ប្រតិបត្តិការ ក្នុងអំឡុងឆ្នាំវាយតម្លៃ។
យន្តការ STP ផ្តល់សេវាកម្មហិរញ្ញវត្ថុជាមួយនឹងអត្ថប្រយោជន៍ខ្ពស់ រួមទាំងដំណើរការផ្ទេប្រាក់លឿន កាត់បន្ថយហានិភ័យទូទាត់ កំហុសអប្បបរមា និងការចំណាយប្រតិបត្តិការទាប។ ធនាគារ ABA បានធ្វើប្រតិបត្តិការប្រកបដោយសុក្រឹតភាពខ្ពស់ លើសពី ស្តង់ដារប្រតិបត្តិការប្រព័ន្ធដំណើរការឆ្លងកាត់ត្រង់ផ្ទាល់ (STP) និងជាប់ចំណាត់ថ្នាក់ខ្ពស់សម្រាប់ពានរង្វាន់ដែលទទួលស្គាល់ថា ស្ទើរតែ ប្រតិបត្តិការទាំងអស់របស់ធនាគារ មិនមានបញ្ហាផ្នែកកំហុសដំណើរការ ជាមួយនឹងប្រតិបត្តិការត្រឡប់ និងការបដិសេធស្ថិតក្នុងកម្រិតទាបបំផុត។
ABA នៅតែជាធនាគារកម្ពុជាដំបូង និងតែមួយគត់ដែលទទួលបានពានរង្វាន់ប្រកបដោយកិត្តិនាម ពី JP Morgan។ កិត្តិនាមនេះ ឆ្លុះបញ្ចាំងពីភាពជឿជាក់នៃឧត្តមភាពប្រតិបត្តិការរបស់ធនាគារក្នុងការដំណើរការការផ្ទេរប្រាក់ និងការទូទាត់អន្តរជាតិ ជាប្រាក់ដុល្លារអាមេរិក។