​ធនាគារ​ ABA​ ជាប់​ជា​សហគ្រាស​បង់ពន្ធ​ច្រើន​ជាងគេ​ ទាំង​បី​នៅ​កម្ពុជា​ប្រចាំឆ្នាំ​ 2021!

10/May/2022

ABA third taxpayer dt khABA third taxpayer dt kh

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​របស់​កម្ពុជា​ បាន​ទទួល​លិខិត​សរសើរ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​សាទរ​ចំពោះ​ការ​រួមចំណែក​របស់​ធនាគារ​ក្នុង​ការ​ អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ ក្នុង​នាម​ជា​សហគ្រាស​បង់ពន្ធ​ច្រើន​ជាងគេ​ទាំង​បី​ ប្រចាំឆ្នាំ​ 2021​ ដោយ​ឆ្នាំ​មុន​ ស្ថិត​ក្នុង​ ចំណោម​អ្នក​បង់ពន្ធ​ច្រើន​ជាងគេ​លំដាប់​ទី​ 12​។​ ​

ការ​អភិវឌ្ឍ​នៃ​ចំណាត់ថ្នាក់​នេះ​ បាន​បង្ហាញ​ពី​ការ​បន្ដ​ប្តេជ្ញា​ចិត្ត​ និង​តម្លាភាព​របស់​ធនាគារ​ក្នុង​អភិបាលកិច្ច​ពន្ធ​សារ​ជីវ​កម្ម​ដ៏​ល្អ​របស់​ខ្លួន​តាម​រយៈ​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ដារ​ជូន​រដ្ឋ​។

​​ប្រសាសន៍​ក្នុង​លិខិត​សរសើរ​ដែល​មាន​ប្រថាប់ត្រា​ និង​ហត្ថលេខា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ថ្លែង​ថា​៖​ “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ និង​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ លោក​-​លោកស្រី​ នាយក​ធនាគារ​ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ដារ​ជូន​រដ្ឋ​។​ ABA​ ជា​សហគ្រាស​ជាប់​ចំណាត់ថ្នាក់​លេខ​ 3​ ក្នុង​ចំណោម​អ្នក​បង់ពន្ធ​ច្រើន​ជាងគេ​ និង​ទទួល​បាន​អនុលោម​ភាព​សារពើពន្ធ​ ប្រភេទ​ “​មាស​”​ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ សម្រាប់​ការ​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មោះមុត​ចំពោះ​អនុលោម​ភាព​សារពើពន្ធ​ ។​ ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​របស់​សហគ្រាស​លោក​-​លោកស្រី​ គឺជា​ការ​ចូលរួម​ចំណែក​ដែល​មិន​អាច​ខ្វះ​បាន​ពី​វិស័យ​ឯកជន​ដែល​ជា​ដៃគូ​ដ៏​សំខាន់​របស់​រដ្ឋ​ និង​ជា​កម្លាំង​ច​លករ​សម្រាប់​ការ​អភិវឌ្ឍ​ និង​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​ និង​សង្គម​ជាតិ​កម្ពុជា​។​” ​

ក្នុង​ខែធ្នូ​ ឆ្នាំ​ 2020​ ធនាគារ​ ABA​ ទទួល​បាន​វិញ្ញាបនបត្រ​អនុលោម​ភាព​សារពើពន្ធ​ ប្រភេទ​ “​មាស​”​ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​រយៈពេល​ 2​ ឆ្នាំ​ជាប់ៗ​គ្នា​សម្រាប់​ឆ្នាំ​ហិរញ្ញវត្ថុ​ 2021​ និង​ 2022​ ដែល​ជា​សមិទ្ធផល​នៃ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​រឹង​មាំ​ចំពោះ​អនុលោម​ភាព​ពន្ធដារ​នៅ​កម្ពុជា​។​