ធនាគារ ABA ដាក់ឲ្យប្រើកម្មវិធី សេវាធនាគារតាម ទូរស័ព្ទ ពេញលេញដំបូងគេនៅក្នុងប្រទេសកម្ពុជា
11/May/2015
ថ្ងៃទី11 ខែឧសភា ឆ្នាំ2015៖ ថ្ងៃនេះ ធនាគារ ABA បានដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនូវសេវា ABA Mobile ដែលជាកម្មវិធី សេវាធនាគារតាមរយៈទូរស័ព្ទពេញលេញដំបូងគេមួយនៅ ក្នុងប្រទេសកម្ពុជា។ ឥឡូវនេះកម្មវិធីនេះ អាចទាញយក ចេញពី App Store របស់ក្រុមហ៊ុន Apple និង Play Store របស់ ក្រុមហ៊ុន Google ដោយឥតគិតថ្លៃ។
បន្ទាប់ពីដំឡើងកម្មវិធី ABA Mobile នៅលើទូរស័ព្ទ Smart Phone របស់អ្នករួច អតិថិជនរបស់ធនាគារ ABA នឹងអាចចូល ទៅត្រួតពិនិត្យទិន្នន័យគណនីរបស់ខ្លួននៅពេលកំពុងធ្វើដំណើរ ប្រើប្រាស់សេវាធនាគារបានដោយងាយស្រួលគ្រប់ពេលវេលា និងអាចដឹងអំពីប្រតិបត្តិការកំពុងដំណើរការទាំងអស់។ កម្មវិធីនេះមានស្ទើរតែគ្រប់លក្ខណៈនៃសេវាធនាគារតាមអ៊ីនធឺណិតរបស់ធនាគារ ABA ហើយអាចឲ្យអតិថិជន ពិនិត្យមើលគណនី និងប្រតិបត្តិការប័ណ្ណ ផ្ទេរប្រាក់រវាងគណនីផ្ទាល់ខ្លួន និងទៅគណនីធនាគារ ABA ផ្សេងទៀត បង់ថ្លៃវិក្កយបត្ររបស់ក្រុមហ៊ុនផ្គត់ផ្គងសេវាផ្សេងៗ ព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតផងដែរ។
ក្នុងចំណោមលក្ខណៈថ្មីៗទាំងនេះ កម្មវិធីនេះផ្តល់ជូនសេវាធនាគារ ECash ដោយគ្មានគណនីដំបូង។ តាមរយៈសេវា នេះ អតិថិជនអាចឲ្យអ្នកដទៃដែលមិនមែនជាអតិថិជនរបស់ធនាគារ ABA ធ្វើការដកសាច់ប្រាក់ពីម៉ាស៊ីនATM របស់ ធនាគារ ABA ដោយពុំចាំបាច់ប្រើប័ណ្ណណាមួយរបស់ធនាគារ។ អ្នកទទួលគ្រាន់តែបញ្ចូលលេខកូដសុវត្ថិភាពដែល អតិថិជនរបស់ធនាគារ ABA បានផ្តល់ជូននៅលើអេក្រង់ម៉ាស៊ីន ATM។
លោក Zokhir Rasulov ប្រធានផ្នែកទីផ្សារបានមានប្រសាសន៍ថា “ធនាគារ ABA បានយកចិត្តទុកដាក់បំផុតចំពោះ អតិថិជន របស់ខ្លួន ដើម្បីឲ្យពួកគាត់អាចប្រើប្រាស់សេវាធនាគារប្រកបដោយភាពស្និទ្ធស្នាល និងកាន់តែ ងាយស្រួល”។ លោកបានបន្ថែមទៀតថា “ដោយសង្កេតឃើញកំណើនសកម្មភាពអាជីវកម្មរបស់ប្រជាជន កម្ពុជាព្រមទាំងតម្រូវការរបស់ពួកគាត់ក្នុងការចូលប្រើប្រាស់គណនីធនាគារពីចម្ងាយនោះ យើងបានធ្វើឲ្យ ការប្រើប្រាស់សេវាធនាគារ ABA មានលក្ខណៈចល័តតាមរយៈការបង្កើតកម្មវិធីសម្រាប់ទូរស័ព្ទចល័តដែល ពេញនិយមបំផុត។”
ABA Mobile គឺជាសេវាដែលមានសុវត្ថិភាពបំផុតដោយសាររាល់ប្រតិបត្តិការទាំងអស់ត្រូវកំណត់ដោយ លេខកូដ សម្ងាត់ហើយការចូលទៅកាន់កម្មវិធីនេះត្រូវបានការពារដោយប្រព័ន្ធការពារពីរដំណាក់កាល។
កម្មវិធី ABA Mobile គឺជាផ្នែកមួយនៃការវិនិយោគរបស់ធនាគារ ABA ទៅលើសេវាឌីជីថលរបស់ខ្លួនដោយអនុញ្ញាត ឲ្យអតិថិជនគ្រប់គ្រងគណនីរបស់ខ្លួនពីចម្ងាយបាន។ ការធ្វើបច្ចុប្បន្នភាពបន្ថែម និងលក្ខណៈថ្មីៗនៃកម្មវិធីនេះកំពុង រៀបចំបង្កើតឡើងបន្ថែម ហើយនឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែមទៅលើ ABA Mobile សូមអញ្ជើញទៅទស្សនាទំព័រ ABA Mobile App នៅលើគេហទំព័ររបស់ យើង។