ABA ផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែប ដើម្បីពង្រឹងអាជីវកម្មរបស់សមាជិកសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា

11/Dec/2024

aba mou cgjta khaba mou cgjta kh
aba mou cgjta kh-1aba mou cgjta kh-1
aba mou cgjta kh-2aba mou cgjta kh-2

នា​ថ្ងៃ​ទី​ 10​ ខែធ្នូ​ ឆ្នាំ​ 2024​ ធនាគារ​ ABA​ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ (MoU)​ ជាមួយ​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ​ និង​ត្បូង​មាន​តម្លៃ​កម្ពុជា​ (CGJTA)​។​ សមាគម​នេះ​តំណាង​ឲ្យ​អាជីវកម្ម​ក្នុង​វិស័យ​ត្បូង​ និង​គ្រឿងអលង្ការ​ ក្នុង​ការ​ពង្រឹង​ពាណិជ្ជកម្ម​ដល់ទី​ផ្សារ​អន្តរជាតិ​ និង​ចាប់​ដៃគូ​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ ព្រមទាំង​លើកកម្ពស់​ស្នាដៃ​សិប្បករ​ក្នុងស្រុក​ទៅ​កាន់​ពិភពលោក​។​

ក្រោម​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​នេះ​ ធនាគារ​ ABA​ នឹង​ផ្តល់​ជូន​នូវ​សេវាកម្ម​ធនាគារ​ដ៏​ទំនើប​សម្បូរ​បែប​នេះ​ ដើម្បី​បំពេញតម្រូវការ​របស់​សមាជិក​ សមាជិការ​សមាគម​។​ សេវា​ធនាគារ​ទាំងនេះ​រួម​មាន​ សេវា​ទូទាត់​ប្រាក់​សម្រាប់​សមាគម​ និង​សមាជិក​,​ សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ ដើម្បី​គាំទ្រ​ប្រតិបត្តិការ​នាំ​ចូល​ និង​នាំ​ចេញ​,​ សេវា​ផ្តល់​ប្រាក់​កម្ចី​ដែល​មានការ​ប្រាក់​ទាប​ ដើម្បី​ជួយ​ពង្រីក​អាជីវកម្ម​,​ សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ សម្រាប់​ប្រតិបត្តិការ​ក្រៅប្រទេស​,​ និង​សេវា​ហិរញ្ញវត្ថុ​សំខាន់ៗ​ផ្សេង​ទៀត​ ដែល​ជា​តម្រូវការ​របស់​ពាណិជ្ជករ​ត្បូង​ និង​គ្រឿងអលង្ការ​។​ សេវា​ធនាគារ​របស់​ ABA​ ជួយ​បង្កើន​ប្រសិទ្ធភាព​ និង​ពង្រីក​អាជីវកម្ម​របស់​សមាជិកសមាគម​ ដែល​សុទ្ធតែ​ជា​ពាណិជ្ជករ​ អាជីវករ​ និង​អតិថិជន​ បាន​គ្រប់ពេល​។

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ​ ធ្វើ​ឡើង​នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​ ABA​ ដោយ​មានការ​ចូលរួម​ពី​នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ លោក​ Askhat​ Azhikhanov​ និង​ប្រធាន​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ​ និង​ត្បូ​វ​មាន​តម្លៃ​កម្ពុជា​ លោក​ជំទាវ​ ញ៉ែ​ត​ ស្រី​អូន​ រួម​ទាំង​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ស្ថាប័ន​។

​​លោក​ Askhat​ Azhikhanov​ មាន​ប្រសាសន៍​ថា​ “​ធនាគារ​យើង​យល់​យ៉ាង​ច្បាស់​ អំពី​ការ​រួមចំណែក​របស់​វិស័យ​ត្បូង​ និង​គ្រឿងអលង្ការ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ តាម​រយៈ​ការ​បង្កើត​ការងារ​ និង​ជួយ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​។​ ធនាគារ​ ABA​ ត្រៀមខ្លួន​រួច​ជា​ស្រេច​ ក្នុង​ការ​គាំទ្រ​សមាជិក​របស់​សមាគម​ តាម​រយៈ​ការ​ផ្តល់​សេវា​ហរិ​ញ្ញ​វត្ថុ​ ដែល​ស្រប​តាម​តម្រូវការ​របស់​សមាជិក​ និង​សម្រាប់​ជា​ប្រយោជន៍​ដល់​ការ​ពង្រីក​អាជីវកម្ម​ ឬ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​រូបវន្តបុគ្គល​”​។​

លោក​ជំទាវ​ ញ៉ែ​ត​ ស្រី​អូន​ ប្រធាន​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ​ និង​ត្បូ​ង​មាន​តម្លៃ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​មាន​កិត្តិយស​ក្រៃ​លែង​ ដែល​បាន​សហការ​ជា​ដៃគូ​ជាមួយ​ធនាគារ​ ABA​ ដើម្បី​ផ្តល់​ជូន​សមាជិក​របស់​យើង​ នូវ​សេវា​ហិរញ្ញវត្ថុ​នវានុវត្តន៍​។​ កិច្ចសហការ​នេះ​ ផ្តោត​លើ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ប្រតិបត្តិការ​ដែល​មាន​កិច្ចធានា​ ដើម្បី​ការ​ការពារ​ទូទាត់​ប្រាក់​របស់​ ពាណិជ្ជករ​ អាជីវករ​ និង​អតិថិជន​អ្នក​និយម​ប្រើប្រាស់​ ទិញ​ លក់​ គ្រឿងអលង្ការ​ និង​ត្បូង​កម្ពុជា​ ដោយ​ទំនុកចិត្ត​។​”

លោក​ជំទាវ​បាន​បន្ត​ទៀត​ថា​ “​កិច្ចសហការ​នេះ​ នឹង​ផ្តល់​លទ្ធភាព​ដល់​សមាជិក​របស់​សមាគម​ ក្នុង​ការ​ ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​ជោគជ័យ​ និង​រួមចំណែក​ដល់​វឌ្ឍនភាព​នៃ​ឧស្សាហកម្ម​ត្បូង​ និង​គ្រឿងអលង្ការ​នៅ​កម្ពុជា​។​”

​ភាព​ជា​ដៃគូ​របស់​ធនាគារ​ ABA​ ជាមួយ​ សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ​ និង​ត្បូង​មាន​តម្លៃ​កម្ពុជា​ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ ក្នុង​ការ​ជួយ​ដល់​ការ​រីក​ចម្រើន​ និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ត្បូង​ និង​គ្រឿងអលង្ការ​នៅ​កម្ពុជា​។​ តាម​រយៈ​ការ​ប្រើប្រាស់​ផលិតផល​ និង​សេវា​ធនាគារ​ដ៏​ល្អ​ឯក​របស់​ ABA​ សមាជិក​ទាំងអស់​នៃ​សមាគម​អាច​ផ្តោត​លើ​ការ​ពង្រីក​ប្រតិបត្តិការ​របស់​ពួក​គាត់​ និង​អាច​បង្ហាញ​សិល្បៈ​ហត្ថកម្ម​ ប្រកបដោយ​ភាព​ច្នៃ​ប្រណិត​ខ្ពស់​របស់​កម្ពុជា​ នៅ​ទូ​ទាំង​ពិភពលោក​។

​អំពី​ធនាគារ​ ABA
ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម​សរុប​ ប្រាក់​បញ្ញើ​ និង​ប្រាក់​កម្ចី​ យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ​ 2021-2023​។​ គិត​ត្រឹម​ថ្ងៃ​ទី​ 30​ ខែកញ្ញា​ ឆ្នាំ​2024​ ទ្រព្យសកម្ម​របស់​ធនាគារ​ កើនឡើង​ដល់​ 13​ ប៊ី​លាន​ដុល្លារ​ ប្រាក់​បញ្ញើ​សរុប​ចំនួន​ 10.4​ ប៊ី​លាន​ដុល្លារ​ និង​ឥណទាន​ចំនួន​ 8.5​ ប៊ី​លាន​ដុល្លារ​។​
ធនាគារ​ ABA​ មាន​ 99​ សាខា​,​ ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ចំនួន​ 46​កន្លែង​,​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 1,700​ នៅ​ទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ បាន​ធ្វើ​ឲ្យ​ធនាគារ​ ABA​ មាន​អតិថិជន​ជាង​ 4​ លាន​នាក់​ ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​នេះ​។​