​ធនាគារ​ ABA​ បរិច្ចាគ​ថវិកា​ជូន​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ បេះដូង​ជប៉ុន​សម្រាប់​គម្រោង​សាងសង់​អគារ​ទី​២

13/Dec/2024

aba donates to jp heart medical khaba donates to jp heart medical kh
aba donates to jp heart medical kh-2aba donates to jp heart medical kh-2
aba donates to jp heart medical kh-3aba donates to jp heart medical kh-3
aba donates to jp heart medical kh-4aba donates to jp heart medical kh-4
aba donates to jp heart medical kh-5aba donates to jp heart medical kh-5
aba donates to jp heart medical kh-6aba donates to jp heart medical kh-6

ធនាគារ​ ABA​ មា​នក​ត្តិ​យស​ប្រកាស​ការ​បរិច្ចាគ​ជាមួយ​ថវិកា​សរុប​ចំនួន​ 10,000​ ដុល្លា​អា​មេ​រិ​ក​ ជូន​ដល់​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ បេះដូង​ជប៉ុន​ ដែល​ជា​អង្គការ​អន្តរជាតិ​មិន​រក​ប្រាក់​កម្រៃ​ ដែល​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ ឥត​គិតថ្លៃ​ជូន​កុមារ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ ការ​រួមចំណែក​ដ៏​ធំធេង​នេះ​ នឹង​ជួយ​ដល់​បេស​កម្ម​របស់​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ បេះដូង​ជប៉ុន​ ក្នុង​ការ​ពង្រីក​សេវាកម្ម​ថែទាំ​សុខភាព​ ជាមួយ​ការ​សាងសង់​មជ្ឈមណ្ឌល​ព្យាបាល​ទី​2​របស់​ពួក​គេ​ ។​ ​

មជ្ឈមណ្ឌល​ព្យាបាល​កុមារ​អាស៊ី​ បេះដូង​ជប៉ុន​ ដែល​នឹង​គ្រោង​បើក​ដំណើរការ​នៅ​ក្រុង​តា​ខ្មៅ​ ក្នុង​ខែតុលា​ ឆ្នាំ​ 2025​ មាន​សេវា​ឯកទេស​ផ្នែក​ជំងឺ​ទូទៅ​ ផ្នែក​ស​ល្យ​សាស្ត្រ​ និង​ជំងឺមហារីក​កុមារ​។​ គម្រោង​ពង្រីក​មណ្ឌល​ព្យាបាល​នេះ​ ជា​ចំណែក​ដ៏​សំខាន់​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នូវ​តម្រូវការ​ការ​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​ និង​ធានា​ថា​កុមារ​ជា​ច្រើន​រូប​នឹង​ទទួល​បានការ​សង្គ្រោះ​ជីវិត​តាម​រយៈ​ការ​ព្យាបាល​។​ ​

ពិធី​ប្រគល់​ថវិកា​ឧបត្ថម្ភ​នេះ​ បាន​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងែ​ទី​11​ ខែធ្នូ​ ឆ្នាំ​2024​ ក្រោម​វត្តមាន​របស់​លោក​ Zhiger​ Atchabarov​ ប្រធាន​ប្រតិបត្តិការ​នៃ​ធនាគារ​ ABA​ និង​ លោកស្រី​វេជ្ជបណ្ឌិត​ Maiko​ Kojiro​ នាយិកា​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ បេះដូង​ជប៉ុន​ ព្រមទាំង​ក្រុមការងារ​នៃ​ភាគី​ទាំង​ពីរ​ នៅ​មជ្ឈមណ្ឌល​ផ្ទាល់​ ក្នុងស្រុក​ឧដុង្គ​ ខេត្តកណ្តាល​។​ ​

លោក​ Zhiger​ Atchabarov​ មាន​ប្រសាសន៍​ថា​ “​ថ្ងៃនេះ​ ធនាគារ​ ABA​ មា​នក​ត្តិ​យស​ក្រៃ​លែង​ ក្នុង​ការ​រួមចំណែក​ដល់​ការ​ពង្រីក​សាខា​ទី​២​ របស់​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ បេះដូង​ជប៉ុន​ ក្នុង​ក្រុង​តា​ខ្មៅ​។​ យើងខ្ញុំ​ យល់​ច្បាស់​ថា​ការ​ទទួល​បានការ​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​ ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​សុខុមាលភាព​របស់​បុគ្គល​ម្នាក់ៗ​ និង​សហ​គម​ទាំងមូល​។”

​លោក​ក៏​បាន​បន្ត​ថា​ “​ពេលវេលា​នេះ​ មិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជា​ដៃគូ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​ពី​ចក្ខុវិស័យ​រួម​គ្នា​ ក្នុង​ការ​ផ្តល់​ការ​ថែទាំ​សុខភាព​ដែល​ល្អ​ប្រសើរ​ និង​អនាគត​ភ្លឺស្វាង​សម្រាប់​ប្រជាជន​កម្ពុជា​។​ យើងខ្ញុំ​សង្ឃឹមថា​ តាម​រយៈ​ការ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ បេះដូង​ជប៉ុន​នេះ​ នឹង​ជួយ​សង្គ្រោះ​ជីវិត​ជា​ច្រើន​បន្ត​ទៀត​។​”

​លោកស្រី​វេជ្ជបណ្ឌិត​ Maiko​ Kojiro​ នាយិកា​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ ក៏​មាន​ប្រសាសន៍​ថា​ “​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ យើងខ្ញុំ​ជឿជាក់​ថា​កុមារ​គ្រប់​រូប​សម​នឹង​ទទួល​បានការ​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​ ជា​ពិសេស​ក្មេងៗ

​ដែល​កើត​ជំងឺមហារីក​ ដោយ​មិន​គិត​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ឡើយ​។​ ប៉ុន្តែ​គ្រួសារ​ជា​ច្រើន​ ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​ការ​ព្យាយាម​គាំទ្រ​ការ​ព្យាបាល​កូន​របស់​ពួក​គាត់​។​ ​លោកស្រី​វេជ្ជបណ្ឌិត​ក៏​បាន​បន្ត​ថា​ “​ដូច្នេះ​ហើយ​ ការ​បរិច្ចាគ​នេះ​នឹង​ផ្លាស់​ប្តូរជីវិត​របស់​ពួក​គេ​កាន់តែ​ប្រសើរ​។​ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ធនាគារ​ ABA​ សម្រាប់​ការ​បរិច្ចាគ​ដ៏​សប្បុរស​នេះ​។​ យើងខ្ញុំ​ ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សហការ​គ្នា​ក្នុង​ថ្ងៃ​អនាគត​ និង​បន្ត​បេស​កម្ម​រួម​គ្នា​ក្នុង​ការ​ផ្តល់​ការ​ថែទាំ​ដល់​អ្នក​ដែល​ត្រូវការ​បំផុត​។​ ជា​ចុង​ក្រោយ​ យើងខ្ញុំ​សូម​សំណូមពរ​ អាណាព្យាបាល​គ្រប់​រូប​ដែល​ដឹង​ថា​កូនៗ​មាន​អាកា​រៈ​ដូចនឹង​កើត​ជំងឺមហារីក​ណាមួយ​ មក​ពិគ្រោះ​ និង​ទទួល​ព្យាបាល​ពី​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ បេះដូង​ជប៉ុន​ដោយ​ឥត​គិតថ្លៃ​។​”

​ចាប់តាំងពី​ការ​ពង្រីក​ខ្លួន​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ 2009​ និង​ចាប់ផ្តើម​ផ្តល់​សេវា​ព្យាបាល​ជំងឺមហារីក​នៅ​ឆ្នាំ​ 2018​ មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ បេះដូង​ជប៉ុន​ ក្នុង​ខេត្តកណ្តាល​ បាន​ធ្វើការ​ដោយ​ឥត​ហត់នឿយ​។​ មក​ដល់​ខែធ្នូ​ ឆ្នាំ​ 2023​ មជ្ឈមណ្ឌល​បាន​ផ្តល់​ការ​ថែទាំ​សុខភាព​ និង​ពិនិត្យ​ជំងឺ​ចំនួន​ 98,363​ និង​ការ​វះកាត់​ចំនួន​ 8,680​។​ ជា​រៀង​រាល់​ឆ្នាំ​ មជ្ឈមណ្ឌល​បាន​ផ្តល់​ការ​ព្យាបាល​ដល់​អ្នកជំងឺ​ក្រៅ​ចំនួន​ 20,000​ នាក់​ និង​អ្នកជំងឺ​វះកាត់​ចំនួន​ 3000​ ករណី​។​ ​

ធនាគារ​ ABA​ នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​ ដែល​ជា​សមិទ្ធផល​យូរអង្វែង​មួយ​ដែល​គិត​លើ​សុខភាព​ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ នា​ពេល​អនាគត​។

​អតិថិជន​របស់​ ABA​ ក៏​អាច​រួមចំណែក​ក្នុង​ការ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ បេះដូង​ជប៉ុន​ ដោយ​ផ្ទាល់​ក្នុង​កម្មវិធី​ ABA​ Mobile​ បាន​។​ លោក​អ្នក​អាច​បរិច្ចាគ​ដោយ​គ្រាន់តែ​ធ្វើ​តាម​ជំហាន​ទាំងនេះ​៖​

  • បើក​កម្មវិធី​ ABA​ Mobile​ រួច​ចុច​ប៊ូ​តុង​ ទូទាត់​ប្រាក់​
  • ចូល​ទៅ​ផ្នែក​ សប្បុរសធម៌​ និង​ការ​បរិច្ចាគ​ និង​ជ្រើសរើស​ មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ បេះដូង​ជប៉ុន​
  • ជ្រើសរើស​គណនី​ធនាគារ​ដែល​អ្នក​ចង់​ធ្វើការ​បរិច្ចាគ​ បញ្ចូល​លេខ​ទូរស័ព្ទ​របស់​អ្នក​ និង​ចំនួន​ទឹកប្រាក់​ រួច​ចុច​ប៊ូ​តុង​ បង់​ឥឡូវ​។