ABA បរិច្ចាគ 1 លានដុល្លារអាមេរិក (4 ប៊ីលានរៀល) ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-19

22/Apr/2021

ABA Bank donates 1 million KH

ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា មានមោទនភាពសូមប្រកាសនូវការបរិច្ចាគទឹកប្រាក់ចំនួនមួយលានដុល្លារអាមេរិក (ប្រហាក់ប្រហែល 4 ប៊ីលានរៀល) ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-19 បង្កឡើងដោយ “ព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ”។

សំណើរបស់ធនាគារក្នុងការស្ម័គ្រចិត្តបរិច្ចាគទឹកប្រាក់នេះ ត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ដល់ការពិចារណាដ៏ខ្ពង់ខ្ពស់ ព្រមទាំងទទួលយកជាមួយការថ្លែងអំណរគុណចំពោះធនាគារផងដែរ។ ក្នុងលិខិតថ្លែងអំណរគុណធនាគារ ABA សម្តេចមានប្រសាសន៍ថា៖ “ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំពិតជាមាន សេចក្តីសោមនស្ស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំធនាគារ ABA ដែលបានជួយឧបត្ថម្ភនូវថវិកាចំនួន 1,000,000 (មួយលាន) ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលកើតឡើងនៅក្នុង ព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ និងបានកំពុងរីករាលដាលពេលបច្ចុប្បន្ននេះ។ ខ្ញុំសូមសម្តែងការកោតសរសើរដោយស្មោះនូវទឹកចិត្តដ៏សប្បុរស របស់ថ្នាក់ដឹកនាំធនាគារ ABA”។

លោក Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារ ABA មានប្រសាសន៍ថា៖ “ជាផ្នែកដ៏សកម្មមួយនៃសង្គមធុរកិច្ចកម្ពុជា យើងខ្ញុំនៅធនាគារ ABA គាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការការពារសុខុមាភាពរបស់ប្រជាជនកម្ពុជា ជាពិសេសនៅអំឡុងពេលរីករាលដាលវីរុសកូវីដ-19។ ហើយយើងខ្ញុំពិតជាមានកិត្តិយសណាស់ដែលចូលរួមវិភាគទានដើម្បីជាកម្លាំងបន្ថែមដល់ការបន្តប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ ហើយយើងខ្ញុំនឹងបន្តជួយដល់សហគមន៍នាពេលអនាគតថែមទៀត”។

លោក Askhat Azhikhanov មានប្រសាសន៍បន្ថែមថា៖ “ក្រៅពីជំនួយផ្នែកហិរញ្ញវត្ថុ ធនាគារបង្ហាញពីការប្តេជ្ញាចិត្តចំពោះអតិថិជនរបស់ខ្លួនតាមរយៈដំណោះស្រាយស្វ័យសេវាធនាគារ និងឌីជីថលដ៏ទំនើបដែលគាំទ្រអតិថិជនធ្វើឲ្យពួកគាត់ទទួលបានជីវភាពហិរញ្ញវត្ថុពេញលេញនៅអំឡុងពេលការរីករាលដាលវីរុស និងទោះបីជាស្ថិតក្នុងគ្រាបិទខ្ទប់ក៏ដោយ”។

ដោយអនុវត្តតាមបេសកកម្ម និងគុណតម្លៃសាជីវកម្មរបស់ខ្លួន ធនាគារ ABA ប្តេជ្ញាចិត្តគាំទ្រនូវគំនិតផ្តួចផ្តើមដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19។ ចាប់តាំងពីពេលចាប់ផ្តើមនៃការរីករាលដាលវីរុសនៅក្នុងប្រទេសកម្ពុជា ធនាគារ ABA បានរៀបចំយុទ្ធនាការរៃអង្គាសប្រាក់ និងបរិច្ចាគថវិកាតាមរយៈគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។

បន្ថែមលើការគាំទ្រផ្នែកថវិកា កម្មវិធី ABA Mobile ដ៏ទំនើបរបស់ធនាគារ ត្រូវបានប្រើប្រាស់ជាឧបករណ៍សម្រាប់រៃអង្គាសប្រាក់នៅក្នុងគំនិតផ្តួចផ្តើមរបស់សម្ដេចនាយករដ្ឋមន្ត្រីដើម្បីទិញវ៉ាក់សាំងការពារវីរុសកូវីដ-19 ផងដែរ។