ABA បរិច្ចាគ ១លាន ដុល្លារអាមេរិក សម្រាប់ជាជំនួយមនុស្សធម៌ដល់ពលរដ្ឋរងគ្រោះ ក្នុងជម្លោះព្រំដែន
29/Jul/2025

ធនាគារ ABA មានមោទនភាពនឹងបរិច្ចាគទឹកប្រាក់ ១លាន ដុល្លារអាមេរិក ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ ជូនដលពលរដ្ឋខ្មែរយើង ដែលកំពុងរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។
ការបរិច្ចាគនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ ABA ដែលបានជួយដល់ប្រជាពលរដ្ឋខ្មែរ ក្នុងគ្រាដែលប្រទេសជាតិជួបការលំបាក។ ការបរិច្ចាគនេះ នឹងជួយផ្តល់ជាស្បៀងអាហារបន្ទាន់, សម្ភារធ្វើទីជម្រក, សេវាសុខាភិបាល, និងជំនួយសំខាន់ផ្សេងៗទៀត ដល់គ្រួសារដែលរងផលប៉ះពាល់ដោយជម្លោះនេះ។
លើសពីការបរិច្ចាគដោយផ្ទាល់នេះ ធនាគារ ABA ក៏បានបង្កើតជាផ្លូវការនូវយុទ្ធនាការរៃអង្គាសថវិកា លើកទឹកចិត្តសាធារណជនឲ្យចូលរួម ដើម្បីផ្តល់ជំនួយបន្ទាន់ដល់បងប្អូនខ្មែរយើង។ សាធារណជនទាំងអស់អាចចូលរួមបរិច្ចាគយ៉ាងងាយស្រួល តាមរយៈការស្កេន KHQR របស់ ABA ឬចុចនៅលើលីង នៅខាងក្រោម ៖
- បរិច្ចាគ ជាលុយរៀល: https://link.payway.com.kh/w53700054
- បរិច្ចាគ ជាលុយដុល្លារ: https://link.payway.com.kh/S6370000p
ធនាគារ ABA យើងខ្ញុំ នឹងបូកសរុបទឹកប្រាក់ដែលទទួលបាននៅក្នុង មូលនិធិសាមគ្គីភាពជាតិខ្មែរ និងផ្តល់របាយការណ៍លម្អិតពីការចំណាយមូលនិធិនេះ នៅលើផេក Facebook ផ្លូវការរបស់ខ្លួន បន្ទាប់ពី យុទ្ធនាការរៃអង្គាសនេះចប់។
ធនាគារ ABA យើងខ្ញុំ នៅតែជឿជាក់ថា សន្តិភាព និងស្ថិរភាពនឹងកើតមានឡើងវិញ ដែលអនុញ្ញាតឲ្យក្រុមគ្រួសារដែលរងផលប៉ះពាល់ អាចត្រឡប់ទៅកាន់លំនៅឋាន ប្រកបដោយសុវត្ថិភាព និងចាប់ផ្តើមស្ដារជីវភាពឡើងវិញ។
ក្នុងនាមជាធនាគារមានទំនួលខុសត្រូវសង្គម ABA នឹងបន្តខិតខំប្រឹងប្រែងរួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិ និងជួយដល់ប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ន៕

