​ធនាគារ​ ABA​ បរិច្ចាគ​ទឹកប្រាក់​ 200,000​ ដុល្លារ​ បន្ថែម​ទៀត​ ជូន​ដល់​កាកបាទក្រហមកម្ពុជា​ សម្រាប់​កម្មវិធី​មនុស្សធម៌​

11/May/2023

aba donate 200k to red cross-kh1aba donate 200k to red cross-kh1
aba donate 200k to red cross-kh2aba donate 200k to red cross-kh2
aba donate 200k to red cross-kh3aba donate 200k to red cross-kh3
aba donate 200k to red cross-kh4aba donate 200k to red cross-kh4
aba donate 200k to red cross-kh5aba donate 200k to red cross-kh5

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​មួយ​នៅ​កម្ពុជា​1 មាន​មោទនភាព​ក្នុង​ការ​បរិច្ចាគ​ទឹកប្រាក់​ 200,000​ ដុល្លារ​អា​មេ​រិ​ក​ ជូន​ដល់​ កាកបាទក្រហមកម្ពុជា​ (CRC)​ ដើម្បី​បន្ដ​គាំទ្រ​សកម្មភាព​មនុស្សធម៌​ទូ​ទាំង​ប្រទេស​។​ ការ​បរិច្ចាគ​នេះ​ក៏​ធ្វើ​ឡើង​ ដើម្បី​អបអរ​ខួប​លើក​ទី​ 160​ របស់​កាកបាទក្រហម​អន្តរជាតិ​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​ 8​ ឧសភា​ ឆ្នាំ​2023​។​ ​

ពិធី​ប្រគល់​ប្រាក់​បរិច្ចាគ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ លោក​ជំទាវ​កិត្តិ​បណ្ឌិត​ អ៊ុ​ក​ ម៉ា​លី​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ជា​អគ្គ​ហិ​រញ្ញឹក​ កាកបាទក្រហមកម្ពុជា​,​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​ នា​ស្នាក់​ការ​កណ្ដាល​កាកបាទក្រហម​រាជធានី​ភ្នំពេញ​។

​លោក​ Askhat​ Azhikhanov​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​មាន​កិត្តិយស​ ដែល​បាន​ចូលរួម​បរិច្ចាគ​ជូន​ កាកបាទក្រហមកម្ពុជា​ និង​បង្ហាញ​នូវ​ការ​បន្ដ​ការ​គាំទ្រ​របស់​យើងខ្ញុំ​ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទក្រហម​។​ កិច្ចការ​ដែល​កាកបាទក្រហមកម្ពុជា​សម្រេច​បាន​កន្លង​មក​ ពិតជា​មាន​សារៈសំខាន់​ដល់​សុខុមាលភាព​សហគមន៍​របស់​យើង​ ហើយ​យើងខ្ញុំ​ប្ដេជ្ញា​ចូលរួម​ក្នុង​ការ​កសាង​អនាគត​ដ៏​ល្អ​ប្រសើរ​ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​។​”

​លោក​បាន​បន្ថែម​ថា​ “​សកម្មភាព​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​,​ គម្រោង​សុខាភិបាល​ និង​មនុស្សធម៌​ ក៏​ដូច​ជា​ការងារ​ពាក់ព័ន្ធ​ នឹង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ 19​ គឺ​ស្រប​តាម​គោលការណ៍​នៃ​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម​ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ធនាគារ​ ABA​ ក្នុង​ការ​គាំទ្រ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​កម្មវិធី​របស់​កាកបាទក្រហមកម្ពុជា​។​” ​

កាកបាទក្រហមកម្ពុជា​ គឺជា​អង្គការ​សប្បុរស​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​។​ អង្គការ​នេះ​ បាន​នឹង​កំពុង​ផ្ដល់​សេវាកម្ម​សំខាន់ៗ​ជា​ច្រើន​ ដូច​ជា​កម្មវិធី​ឆ្លើយ​តប​ និង​ត្រៀមខ្លួន​ សម្រាប់​គ្រោះ​មហន្ដរាយ​ កម្មវិធី​អប់រំ​សុខភាព​សហគមន៍​ និង​កម្មវិធី​សុខុមាលភាព​សង្គម​ជា​ច្រើន​ទៀត​ ចាប់ពី​ឆ្នាំ​ 1955​ មក​។​ ​

គួរ​រំលឹក​ថា​ កាលពី​ឆ្នាំ​ 2022​ ធនាគារ​ ABA​ បាន​គាំទ្រ​ដល់​បុព្វហេតុ​មនុស្សធម៌​ ដោយ​បរិច្ចាគ​ទឹកប្រាក់​ 200,000​ ដុល្លារ​អា​មេ​រិ​ក​ជូន​ កាកបាទក្រហមកម្ពុជា​ ដើម្បី​ជួយ​ដល់​ការងារ​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ​ ការងារ​សុខាភិបាល​ និង​សេវា​សុខុមាលភាព​សង្គម​។​ ការ​បរិច្ចាគ​បន្ថែម​របស់​ ABA​ នៅ​ឆ្នាំ​នេះ​ បាន​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ ក្នុង​ការ​ផ្ដល់​ប្រយោជន៍​ជា​វិជ្ជមាន​ដល់​សហគមន៍​ និង​ជួយ​កសាង​សហគមន៍​ឲ្យ​កាន់តែ​រឹង​មាំ​ ប្រកបដោយ​ភាព​ធន់​មាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

1 ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។