ធនាគារ ABA បញ្ចប់ការវាយតម្លៃឯករាជ្យនៃកម្មវិធីសុវត្ថិភាពអតិថិជន Swift
27/Jul/2023
ABA ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា មានមោទនភាព សូមប្រកាសអំពីការបញ្ចប់ការវាយតម្លៃឯករាជ្យដោយជោគជ័យ នៃកម្មវិធីសុវត្ថិភាពអតិថិជន Swift (CSP)។ ភាពជោគជ័យនេះ បញ្ជាក់អំពីការប្ដេជ្ញាចិត្តឥតងាករេរបស់ធនាគារ ABA ក្នុងការរក្សាបាននូវស្ដង់ដារសុវត្ថិភាពខ្ពស់បំផុត និងពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏មានសុវត្ថិភាពបំផុតប្រចាំប្រទេស។
តាមរយៈភាពជាដៃគូជាមួយ A.Jolly Consulting ដែលជាស្ថាប័នវាយតម្លៃ Swift ដ៏ល្បីល្បាញពីចក្រភពអង់គ្លេស ធនាគារ ABA បានឆ្លងកាត់ការវាយតម្លៃ និងសិក្សាវិភាគ យ៉ាងហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ។ ការវាយតម្លៃនេះ បានផ្តោតលើហេដ្ឋារចនាសម្ពន្ធទូទាត់ Swift, នីតិវិធី, និងការគ្រប់គ្រងសុវត្ថិភាពរបស់ធនាគារ ABA។
តាមរយៈគោលការណ៍ប្រតិបត្តិតាមយ៉ាងពេញលេញនៃលក្ខខណ្ឌតម្រូវចាំបាច់នានា ដែលបានចែងនៅក្នុងក្របខណ្ឌសុវត្ថិភាព Swift ធនាគារ ABA បានពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការកាត់បន្ថយហានិភ័យសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត (cyber) ពាក់ព័ន្ធនឹងប្រតិបត្តិការអន្ដរជាតិ និងការធានាដល់សុចរិតភាពនៃហេដ្ឋារចនាសម្ពន្ធពាក់ព័ន្ធនឹង Swift ហើយ ABA ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការការពារទិន្នន័យ និងទ្រព្យសម្បត្តិរបស់អតិថិជន។
លោក Zhiger Atchabarov នាយកប្រតិបត្តិការរបស់ធនាគារ ABA បានបង្ហាញអំពីចំណាប់អារម្មណ៍របស់លោក ក្នុងឱកាសបញ្ចប់ការវាយតម្លៃឯករាជ្យ CSP នេះថា “យើងខ្ញុំមានមោទនភាពចំពោះសមិទ្ធផលរបស់ធនាគារ ABA ក្នុងការបំពេញតាមលក្ខខណ្ឌតម្រូវដ៏តឹងរ៉ឹងនៃការវាយតម្លៃឯករាជ្យ CSP។ លទ្ធផលនេះ គឺជាការធានា និងបង្ហាញអតិថិជនយើងថា ការផ្ទេរនិងទទួលប្រាក់ឆ្លងប្រទេសរបស់ពួកគាត់ ត្រូវបានការពារយ៉ាងមានសុវត្ថិភាពបំផុត។ ហើយតាមរយៈការបន្ដវិនិយោគនៅក្នុងហេដ្ឋារចនាសម្ពន្ធសុវត្ថិភាព យើងខ្ញុំផ្ដល់អាទិភាពលើទំនុកចិត្ត និងការជឿទុក ដែលអតិថិជនបានផ្ដល់មកលើធនាគារ ដែលគុណតម្លៃទាំងនេះ បានធ្វើឲ្យ ABA ជាជម្រើសដ៏ល្អបំផុត សម្រាប់ប្រតិបត្តិការផ្ទេរនិងទទួលប្រាក់ដ៏រលូន និងមានសុវត្ថិភាព“។