ធនាគារ ABA ក្លាយជាអ្នកឧបត្ថម្ភធំ សម្រាប់ព្រឹត្តិការណ៍កីឡាវាយកូនបាល់អន្តរជាតិ ITF Junior Series 2019
15/Feb/2019
ធនាគារ ABA ដែលជាសមាជិកនៃសម្ពន្ធធនាគារជាតិកាណាដា នឹងក្លាយជាអ្នកឧបត្ថម្ភធំនៃព្រឹត្តិការណ៍ ITF Junior Series 2019 នៅក្នុងប្រទេសកម្ពុជា។ ការប្រកួតនេះនឹងត្រូវបានដាក់ឈ្មោះថា “ABA Bank ITF Junior Series 2019” ហើយនឹងប្រព្រឹត្តិទៅនៅចន្លោះពីខែ កុម្ភៈ ដល់ខែ មីនា និងពីចន្លោះពីខែ វិច្ឆិកា ដល់ខែ ធ្នូ នៅរាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ប្រកួតវាយកូនបាល់អន្តរជាតិនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់ការប្រកួតប្រជែងបន្ថែមសម្រាប់កីឡាករក្មេងៗដែលមានវ័យចន្លោះពី 13 ដល់ 18ឆ្នាំ ដើម្បីធ្វើដំណើរឆ្ពោះទៅចាប់យកអាជីពវិជ្ជាជីវៈរបស់ពួកគេ។ព្រឹត្តិការណ៍ប្រកួតក្នុងឆ្នាំនេះនឹងត្រូវធ្វើឡើងនៅ មជ្ឈមណ្ឌលជាតិកីឡាវាយកូនបាល់ ហើយត្រូវបានចែកជាបួនព្រឹត្តិការណ៍ ដោយពីរព្រឹត្តិការណ៍ដំបូង នឹងធ្វើឡើងពីថ្ងៃទី 16 ខែ កុម្ភៈ ដល់ថ្ងៃទី 2 ខែ មីនា ឆ្នាំ2019 ខណៈដែលពីរព្រឹត្តិការណ៍ចុងក្រោយ នឹងធ្វើឡើងពីខែ វិច្ឆិកា ដល់ខែ ធ្នូ ឆ្នាំ2019។
មានមតិក្នុងឱកាសនេះ លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានលើកឡើងថា “យើងខ្ញុំពិតជាមានភាពរីករាយយ៉ាងខ្លាំងក្នុងការចាប់ដៃគូជាមួយសហព័ន្ធវាយកូនបាល់កម្ពុជា និងក្លាយជាអ្នកឧបត្ថម្ភដែលឈ្មោះធនាគារយើងត្រូវបានយកមកដាក់ជាឈ្មោះព្រឹត្តិការណ៍របស់ ITF Junior Series 2019។ ABAបានចាប់ផ្ដើមឧបត្ថម្ភគាំទ្រចលនាវាយកូនបាល់ដំបូងតាំងពីឆ្នាំ2016 ហើយការប្ដេជ្ញាចិត្តរបស់យើងបានកើនឡើងជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍកីឡាមួយនេះ ដើម្បីជួយបណ្ដុះភាពអំណត់អត់ធ្មត់, ឆន្ទៈឆ្ពោះទៅរកជ័យជម្នះ, និងការគោរពចំពោះដៃគូប្រកួត។ យើងខ្ញុំសង្ឃឹមជឿជាក់ថា នឹងមានកីឡាករ កីឡាការិនីខ្មែរកាន់តែច្រើនឡើងៗ ចូលរួមប្រកួតប្រជែងលើទីលានប្រកួត ITF Juniors Series ដើម្បីលើកមុខមាត់កម្ពុជានៅក្នុងវិស័យកីឡាអន្តរជាតិនេះ។”
លោក ឧកញ៉ា សៀ រិទ្ធី ប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានមានប្រសាសន៍ថា “សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា សូមសំដែងការកោតសរសើរ និងអរគុណដល់ធនាគារ ABA ដែលបានបង្កើនការគាំទ្រ និងចូលរួមក្នុងការផ្ដួចផ្ដើមរបស់សហព័ន្ធយើងខ្ញុំក្នុងរយៈពេល 4 ឆ្នាំកន្លងមកនេះ។ កន្លងមក យើងបានរៀបចំព្រឹត្តិការណ៍ប្រកួតជាច្រើនដូចជា ITF Futures, ITF Juniors, ITF Team Competitions, Asian Tennis Federation Administrative Workshops និងសកម្មភាពជាច្រើនទៀតដែលទទួលបានការគាំទ្រពីធនាគារ ABA។”
លោកបានបន្ថែមទៀតថា “ក្រោយការផ្លាស់ប្ដូរពី ITF Futures ទៅជា ITF Juniors នៅក្នុងឆ្នាំ 2016 យើងមិនគ្រាន់តែបានបន្តបង្ហាញទៅកាន់ពិភពលោកថា យើងមានលទ្ធភាពអាចរៀបចំព្រឹត្តិការណ៍ប្រកួតលក្ខណៈអន្តរជាតិប៉ុណ្ណោះទេ ជាពិសេសយើងបានបង្ហាញដល់កីឡាករ កីឡាការិនីវ័យក្មេងឲ្យឃើញថា យើងពិតជាមានមាគា៌អភិវឌ្ឍកីឡាវាយកូនបាល់នេះសម្រាប់ពួកគេ។ ហើយការដែលមាន ABA មកធ្វើជាអ្នកឧបត្ថម្ភធំទាំងបួនព្រឹត្តិការណ៍នៃ ITF Junior Series របស់យើងគឺជាភ័ស្តុតាងមួយបញ្ជាក់ថា ពួកគេបានយល់យ៉ាងច្បាស់ពីសារៈសំខាន់របស់កីឡា និង ភាពចាំបាច់នៃការបង្កើតវប្បធម៌កីឡាដ៏ពិតប្រាកដមួយសម្រាប់យុវជនកម្ពុជា ជាពិសេសកីឡាវាយកូនបាល់នេះ។”
មានកីឡាករជាង 100 រូប មកពី 20 ប្រទេសផ្សេងៗគ្នា ដូចជា កម្ពុជា, ម៉ាឡេស៊ី, ចិន, ជប៉ុន, ថៃ, ឥណ្ឌូនេស៊ី, កូរ៉េ, សហរដ្ឋអាមេរិក, សិង្ហបុរី, ដាណឺម៉ាក, អូស្ត្រាលី, ហុងកុង, និងប្រទេសមួយចំនួនទៀត នឹងធ្វើការប្រកួតប្រជែងយកចំណាត់ថ្នាក់ ITF Junior Ranking Points នៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ។