ធនាគារ ABA ក្លាយជាអ្នកផ្តល់ហិរញ្ញប្បទានឯកត្តជនធំជាងគេក្នុងឥណទានបៃតងតម្លៃ 182 លានដុល្លារ សម្រាប់គម្រោងប្រព័ន្ធស្តុកថាមពលដំបូងបង្អស់នៅកម្ពុជា

12/Nov/2026

aba 182b green loan khaba 182b green loan kh
aba 182b green loan kh-2aba 182b green loan kh-2
aba 182b green loan kh-3aba 182b green loan kh-3

ធនាគារ ABA បានចូលរួមក្នុងការផ្តល់ឥណទានបៃតងរួម (Green Syndicated Loan) តម្លៃ 182 លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានគម្រោងសាងសង់ប្រព័ន្ធស្តុកថាមពល (Battery Energy Storage System - BESS) កម្រិតឧស្សាហកម្មដំបូងបង្អស់នៅកម្ពុជា ដោយ ABA Bank បានក្លាយជាអ្នកផ្តល់ហិរញ្ញប្បទានឯកត្តជនធំជាងគែក្នុងប្រតិបត្តិការនេះ។ ហិរញ្ញប្បទាននេះបង្ហាញពីសមត្ថភាពរបស់ធនាគារ ABA ក្នុងការគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខថាមពល និងគោលដៅនិរន្តរភាពរបស់កម្ពុជា។

ពិធីចុះហត្ថលេខាត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជា សិរី ទេសាភិបាលនៃ ធនាគារជាតិនៃកម្ពុជា ព្រមទាំងតំណាងថ្នាក់ដឹកនាំពីធនាគារ ABA និងគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតដែលបានចូលរួមផ្តល់ហិរញ្ញប្បទាន។ ឥណទានរួមតម្លៃ 182 លានដុល្លារនេះ ត្រូវបានគាំទ្រដោយស្ថាប័នផ្តល់ឥណទានចំនួន 7 ដោយមាន ធនាគារចិន (ហុងកុង) សាខាភ្នំពេញ និង ធនាគារចិន (ហុងកុង) ជាសហប្រធានដឹកនាំការរៀបចំហិរញ្ញប្បទាន ខណៈដែលធនាគារ ABA និងធនាគារដៃគូចំនួន 4 ផ្សេងទៀតបានចូលរួមផ្តល់ហិរញ្ញប្បទានក្នុងគម្រោងនេះ។

គម្រោងនេះត្រូវបានអភិវឌ្ឍដោយ SchneiTec Legacy ដែលជាក្រុមហ៊ុនក្នុងសម្ព័ន្ធ SchneiTec Group ហើយនឹងបង្កើតប្រព័ន្ធស្តុកថាមពលដោយថ្មដែលមានសមត្ថភាពសរុប 1,000 មេហ្គាវ៉ាត់ម៉ោង នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ នៅពេលដំណើរការពេញលេញ គម្រោងនេះត្រូវបានរំពឹងថានឹងជួយពង្រឹងស្ថិរភាពបណ្តាញអគ្គិសនីជាតិ បង្កើនលទ្ធភាពប្រើប្រាស់ថាមពលកកើតឡើងវិញ និងលើកកម្ពស់សន្តិសុខថាមពលរយៈពេលវែងរបស់ព្រះរាជាណាចក្រកម្ពុជា។

លោក Zhiger Atchabarov អគ្គនាយករងប្រតិបត្តិ, នាយកប្រតិបត្តិការ, និងជានាយករងប្រតិបត្តិរបស់ធនាគារ ABA បានមានប្រសាសន៍ថា៖ "ធនាគារ ABA មានមោទនភាពដែលបានចូលរួមគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ ដែលនឹងរួមចំណែកពង្រឹងសន្តិសុខថាមពល និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។ ក្នុងនាមជាអ្នកផ្តល់ហិរញ្ញប្បទានឯកត្តជនធំបំផុតក្នុងឥណទានរួមនេះ ការចូលរួមរបស់យើងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធជាតិ និងបង្កើតតម្លៃយូរអង្វែងសម្រាប់ប្រទេស និងសហគមន៍។"

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ហេង សុជាតិ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន SchneiTec Group បានមានប្រសាសន៍ថា៖ "ហិរញ្ញប្បទាននេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់ SchneiTec ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អនាគតវិស័យថាមពលរបស់កម្ពុជាទាំងមូល។ ការគាំទ្រយ៉ាងរឹងមាំពីដៃគូធនាគាររបស់យើង បង្ហាញពីទំនុកចិត្តចំពោះភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា និងដំណើរផ្លាស់ប្តូរថាមពលរបស់ប្រទេស ខណៈពេលដែលជួយបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលនឹងពង្រឹងស្ថិរភាពបណ្តាញអគ្គិសនី និងគាំទ្រដល់អនាគតដ៏ស្អាត និងប្រកបដោយចីរភាពជាងមុន។"

គម្រោងនេះបន្តបង្ហាញពីការត្រៀមខ្លួន និងសមត្ថភាពរបស់ ធនាគារ ABA ក្នុងការចូលរួមគាំទ្រគម្រោងអភិវឌ្ឍន៍ជាតិខ្នាតធំ។ ធនាគារបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគយុទ្ធសាស្ត្រសំខាន់ៗ តាមរយៈរចនាសម្ព័ន្ធហិរញ្ញប្បទានឯកទេស និងឥណទានសាជីវកម្មទំហំធំ លើវិស័យសំខាន់ៗ រួមមាន ថាមពល កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ តាមរយៈការផ្តល់ហិរញ្ញប្បទានទាំងនេះ ធនាគារ ABA បន្តដើរតួនាទីជាដៃគូហិរញ្ញវត្ថុរយៈពេលវែងក្នុងការអភិវឌ្ឍរបស់កម្ពុជា។