​ធនាគារ​ ABA​ ក្លាយជា​អ្នក​វិនិយោគ​ចម្បង​ លើ​សញ្ញា​បណ្ណ​កសិកម្ម​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​

28/Jan/2026

aba dpa thumbnail khaba dpa thumbnail kh
aba agrico kh-2aba agrico kh-2

ធនាគារ​ ABA​ បាន​ក្លាយជា​អ្នក​វិនិយោគ​ធំ​ជាងគេ​ នៃ​សញ្ញា​បណ្ណ​កសិកម្ម​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​ ដែល​បោះផ្សាយ​ដោយ​ក្រុមហ៊ុន​ដូនពេញ​ អា​ហ្គ្រី​កូ​ (Daun​ Penh​ Agrico)​។​ ការ​វិនិយោគ​នេះ​ បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​ធនាគារ​ក្នុង​ការ​គាំទ្រ​វិស័យ​យុទ្ធសាស្ដ្រ​សំខាន់ៗ​ដែល​ចាំបាច់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​។​

​ការ​វិនិយោគ​នេះ​ នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​កែ​ច្នៃ​ សម្រាប់​ដំណាំ​ហូប​ផ្លែ​រួម​មាន​ ផ្លែ​ចេក​ ម្នាស់​ និង​ស្វាយ​ ក្នុង​ខេត្ត​រតនគីរី​ ដែល​ជា​តំបន់​សក្ដានុពល​ផ្នែក​កសិកម្ម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​នៅ​ភាគ​ឦសាន​។​ គម្រោង​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ពង្រឹងសមត្ថភាព​នាំ​ចេញ​ ពង្រឹង​ខ្សែ​សង្វា​ក់​កសិកម្ម​ជាតិ​ និង​បង្កើត​ឱកាស​ការងារ​ជូន​ប្រជា​សហ​គម​ក្នុង​មូលដ្ឋាន​។​

​ការ​រួមចំណែក​របស់​ធនាគារ​ ABA​ គូសបញ្ជាក់​ពី​គោលបំណង​របស់​ខ្លួន​ ដើម្បី​ក្លាយជា​តួអង្គ​ដ៏​សកម្ម​មួយ​ ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញប្បទាន​មាន​រចនា​សម្ពន្ធ​ច្បាស់លាស់​ និង​ដំណោះស្រាយ​ទីផ្សារ​មូលធន​ ដោយ​ផ្តល់​មូលនិធិ​រយៈពេល​វែង​ដល់​គម្រោង​ដែល​បង្កើត​ផល​ចំណេញ​ប្រកបដោយ​ចីរភាព​ ស្រប​ជាមួយ​ នឹង​វិស័យ​អាទិភាព​សម្រាប់​វឌ្ឍនភាព​ជាតិ​។​

​ដូនពេញ​ អា​ហ្គ្រី​កូ​ គឺជា​បុត្រ​សម្ពន្ធ​គ្រប់គ្រង​ទាំងស្រុង​ដោយ​ក្រុមហ៊ុន​ Truong​ Hai​ Agriculture​ Joint​ Stock​ Company​ (THACO​ AGRI)​ ដែល​ជា​ក្រុមហ៊ុន​កសិកម្ម​របស់​ Truong​ Hai​ Group​ Corporation​ (THACO)​ ជា​ក្រុមហ៊ុនចម្រុះ​ឈានមុខ​គេ​មួយ​នៅ​ក្នុង​តំបន់​។​ ការ​បោះផ្សាយ​សញ្ញា​បណ្ណ​ដោយ​ជោគជ័យ​ នេះ​ ឆ្លុះ​បញ្ចាំង​ពី​ដំណើរ​វឌ្ឍនភាព​ជា​បន្ដបន្ទាប់​នៃ​វិស័យ​កសិកម្ម​កម្ពុជា​ ឆ្ពោះទៅ​កាន់​ឧស្សាហកម្ម​ដែល​មាន​រចនា​សម្ពន្ធ​ច្បាស់លាស់​ ទំនើប​កម្ម​ អាច​ពង្រីក​វិសាលភាព​ និង​ត្រៀម​រួចរាល់​សម្រាប់​ការ​វិនិយោគ​ ដែល​អាច​ទាក់ទាញ​មូលធន​ពី​ស្ថាប័ន​នានា​។​

​លោក​ Zhiger​ Atchabarov​ នាយក​ប្រតិបត្តិការ​ និង​ជា​នាយករង​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​ការ​វិនិយោគ​នេះ​ ឆ្លុះ​បញ្ចាំង​ពី​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​ និង​ការ​ប្តេជ្ញា​ចិត្ត​យូ​អង្វែង​របស់​ ធនាគារ​ ABA​ ក្នុង​ការ​គាំទ្រ​វិស័យ​នានា​ដែល​បង្កើត​ផល​ចំណេញ​ និង​គុណ​តម្លៃ​ដល់​សង្គម​-​សេដ្ឋកិច្ច​។​ តាម​រយៈ​ការ​ពង្រីក​វិសាលភាព​ចូល​ទៅ​ក្នុង​ហិរញ្ញប្បទាន​គម្រោង​ មាន​រចនា​សម្ពន្ធ​ច្បាស់លាស់​ យើងខ្ញុំ​ មាន​គោលបំណង​ ជំរុញ​សក្តានុពល​នាំ​ចេញ​របស់​កម្ពុជា​ ជួយ​បង្កើត​ការងារ​ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ទីផ្សារ​មូលធន​។​”

​ឈរ​លើ​សមិទ្ធផល​ដ៏​សំខាន់​នេះ​ ធនាគារ​ ABA​ នឹង​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ជា​និច្ច​ ក្នុង​ការ​គាំទ្រ​ដល់​គម្រោង​បោះផ្សាយ​សញ្ញា​បណ្ណ​ផ្សេងៗ​ទៀត​នា​ពេល​ខាង​មុខ​ និង​គំនិត​ផ្ដួចផ្ដើម​ហិរញ្ញប្បទាន​មាន​រចនា​សម្ពន្ធ​រាប់​លាន​ដុល្លារ​ ទៅ​កាន់​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា​។​

​ធនាគារ​ ABA​ ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចាប់​ដៃគូ​សហការ​ជាមួយ​អាជីវកម្ម​ដែល​កំពុង​ស្វែងរក​ការ​ពង្រីក​ ស្ថិរភាព​ និង​វិនិយោគ​រយៈពេល​វែង​ ដោយ​ពង្រឹង​តួនាទី​របស់​ខ្លួន​ជា​ស្ថាប័នហិរញ្ញវត្ថុ​ជាទី​ទុកចិត្ត​ ដែល​គាំទ្រ​វិស័យសេដ្ឋកិច្ច​ពិត​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​។​

​អំពី​ ABA
ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម​សរុប​ ប្រាក់​បញ្ញើ​ និង​ប្រាក់​កម្ចី​ យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ​ 2021-2024​។​
ធនាគារ​ ABA​ មាន​ 105​ សាខា​,​ ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ចំនួន​ 46​ កន្លែង​,​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 1,900​ នៅ​ទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ អនុញ្ញាត​ឲ្យ​អតិថិជន​ជាង​ 6​ លាន​នាក់​ ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​នេះ​។​

អំពី​ ដូនពេញ​ អា​ហ្គ្រី​កូ​
ដូនពេញ​ អា​ហ្គ្រី​កូ​ គឺជា​សមាជិក​សំខាន់​មួយ​នៃ​ THACO​ AGRI​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បច្ចុប្បន្ន​កំពុង​ដំណើរការ​គម្រោង​កសិកម្ម​គំរូ​មួយ​នៅ​ខេត្តរតនគិរី​ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​ ៧,៣៧៦​ ហិ​កតា​។​បច្ចុប្បន្ន​ ដូនពេញ​ អា​ហ្គ្រី​កូ​ កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​អេកូ​ស៊ី​ស្ទឹម​កសិកម្ម​ទំហំ​ធំ​ ដែល​មាន​លក្ខណៈ​បញ្ចូល​គ្នា​ និង​ជា​រង្វង់​ ដោយ​ផ្អែក​លើ​គោលការណ៍​កសិកម្មសរីរាង្គ​ និង​មានការ​អនុវត្ត​យ៉ាង​ទូលំទូលាយ​នៃ​យន្តកម្ម​ និង​ឌី​ជី​ថ​ល​ភាវូបនីយកម្ម​ ដើម្បី​ផ្គត់ផ្គង់​ផលិតផល​ផ្លែ​ឈើ​ស្រស់​ និង​ផលិតផល​កែ​ច្នៃ​ ទាំង​សម្រាប់​ទីផ្សារ​ក្នុងស្រុក​ និង​ទីផ្សារ​នាំ​ចេញ​។​