ABA ទទួលបានពាន ធនាគារឌីជីថលឆ្នើម ជាងគេនៅកម្ពុជា ក្នុងឆ្នាំ 2019 ពីទស្សនាវដ្តី Asiamoney
03/Jan/2020
ធនាគារ ABA ដែលជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ប្រកាសនាថ្ងៃនេះថាខ្លួនទទួលបានពាន “ធនាគារឌីជីថលឆ្នើមជាងគេនៅកម្ពុជា ក្នុងឆ្នាំ2019” ពីទស្សនាវដ្តី Asiamoney ដែលជាទស្សនាវដ្តីថ្នាក់តំបន់របស់ Euromoney ដែលជាគ្រឹះស្ថានផ្សព្វផ្សាយហិរញ្ញវត្ថុអន្តរជាតិ។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនធនាគារ ABA សម្រាប់ឥទ្ធិពលគ្របដណ្ដប់ផ្នែកឌីជីថលនៅក្នុងវិស័យធនាគារ, ការពង្រីកបណ្ដាញសាខា, និងបង្អែកដ៏រឹងមាំពីធនាគារជាតិកាណាដា។
អ្នកជំនាញពីទស្សនាវដ្តី Asiamoney កោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលរបស់ធនាគារ ABA ក្នុងការផ្លាស់ប្តូរអាជីវកម្មឌីជីថល, ការធ្វើទំនើបកម្មបណ្តាញឌីជីថលរបស់ខ្លួន, និងការអភិវឌ្ឍកម្មវិធី ABA Mobile ល្អផ្ដាច់គេដែលមានសេវាកម្ម និងមុខងារប្រកបដោយនវានុវត្តន៍ ដូចជាការដកប្រាក់ពីម៉ាស៊ីន ATM មិនចាំបាច់ប្រើកាត, ការចេញកាតនិម្មិតសម្រាប់ការទូទាត់អនឡាញ និង QR, ការជំរុញការប្រើប្រព័ន្ធទូទាត់អនឡាញ PayWay សម្រាប់ពាណិជ្ជកម្មអេឡិកត្រូនិក, និងនវានុវត្តន៍មួយចំនួនទៀត។
“ធនាគារ ABA ចាប់យកឌីជីថលុបនីយកម្មច្រើនជាងធនាគារផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ ធនាគារឌីជីថល គឺជាផ្នែកឈានមុខនៃធុរកិច្ចរបស់ខ្លួន ហើយវាអាស្រ័យលើ ABA Mobile ។ សេវា E-Cash ដែលអាចដកប្រាក់តាមម៉ាស៊ីន ATM ដោយមិនចាំបាច់ប្រើកាត មានការប្រើប្រាស់ចំនួន 370,000 ដងក្នុងឆ្នាំ2018។ ភាពលេចធ្លោផ្សេងទៀតរបស់ធនាគារ រួមមាន មុខងារ ABA Pay សម្រាប់ការទូទាត់ដោយប្រើ QR និងមិនប្រើសាច់ប្រាក់ និងប្រព័ន្ធទូទាត់ពាណិជ្ជកម្មអេឡិកត្រូនិក PayWay” នេះបើយោងតាមនិពន្ធនាយករបស់ទស្សនាវដ្តី Asiamoney ដែលបញ្ជាក់ក្នុងសេចក្តីរាយការណ៍ស្តីពីធនាគារ ABA ។
និពន្ធនាយករបស់ទស្សនាវដ្តី Asiamoney ក៏បានបន្ថែមទៀតថា “ធនាគារនៅតែបន្តបន្ថែមមុខងារថ្មីៗជាច្រើនទៀតដោយថ្មីៗនេះ បានបន្ថែមមុខងារផ្ទេរប្រាក់អន្តរជាតិ ខណៈដែលខ្លួនកំពុងចាប់ដៃគូជាមួយប្រព័ន្ធទូទាត់អន្តរជាតិគឺ AliPay និង UnionPay ដើម្បីពង្រឹងប្រព័ន្ធទូទាត់តាម QR” ។
ដោយអនុវត្តយុទ្ធសាស្ត្រ “ឌីជីថលជាអាទិភាព” ABA បានក្លាយជាធនាគារឈានមុខគេក្នុងវិស័យធនាគារ ដោយសារតែវិធីសាស្ត្រផ្តោតសំខាន់លើអតិថិជនរបស់ធនាគារ និងការចាប់ផ្ដើមមុនគេសម្រាប់សេវាធនាគារតាមទូរស័ព្ទដៃ។ ធនាគារវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាថ្មីៗ ហើយជាលទ្ធផល ធនាគារមានសមត្ថភាពលើសគេនៅក្នុងឌីជីថលុបនីយកម្មហិរញ្ញវត្ថុ។
លោក Zokhir Rasulov នាយកផ្នែកឌីជីថលរបស់ធនាគារ ABA មានប្រសាសន៍ថា “យើងមានភាពរីករាយដែលត្រូវបានប្រសិទ្ធនាមជាធនាគារឌីជីថលឆ្នើមជាងគេនៅកម្ពុជា ក្នុងឆ្នាំ 2019 ”។ “ពានរង្វាន់នេះបង្ហាញថា យើងកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុដ៏ទំនើបដែលផ្តោតលើអតិថិជនជាចម្បង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនិងអាជីវកម្មនានារបស់កម្ពុជា ដោយប្រើបច្ចេកវិទ្យា។ វាជាតថភាពមួយដែលថាកម្មវិធី ABA Mobile ជាជម្រើសទីមួយសម្រាប់រូបវន្តបុគ្គល និងអាជីវកម្មនានាភាគច្រើនបំផុតក្នុងប្រទេសកម្ពុជា ដោយសារតែសុវត្ថិភាព, សមត្ថភាព, និងបទពិសោធក្នុងការប្រើកម្មវិធីនេះ។ តែរយៈពេលមួយឆ្នាំ ចំនួនអតិថិជនប្រើកម្មវិធីទូរស័ព្ទរបស់យើងបានកើនឡើងលើសទ្វេដង។ យើងកំពុងបន្តប្រឹងប្រែងអភិវឌ្ឍផលិតផល និងកម្មវិធីឌីជីថលដទៃទៀតដើម្បីធ្វើឲ្យជីវិតហិរញ្ញវត្ថុរបស់អតិថិជនកាន់តែមានភាពងាយស្រួលឡើង។”
ធនាគារ ABA មានទ្រព្យសកម្មសរុប 4.35 ប៊ីលានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019) និងបម្រើសេវាជូនអតិថិជនច្រើនជាង 730,000 នាក់ តាមរយៈបណ្តាញដ៏ទូលំទូលាយដែលមានសាខាចំនួន 77, ម៉ាស៊ីនស្វ័យសេវា ជាង 550, សេវាធនាគារអនឡាញ និងធនាគារតាមទូរស័ព្ទដ៏ទំនើប។ ជំហរនាំមុខគេរបស់ធនាគារក្នុងវិស័យធនាគារឌីជីថល និងធនាគារតាមទូរស័ព្ទដៃ ព្រមទាំងកំណើនដ៏រឹងមាំគ្រប់ផ្នែកនៃធុរកិច្ចរបស់ខ្លួន បានធ្វើឲ្យធនាគារ ទទួលបានការដំឡើងចំណាត់ថ្នាក់ឥណទានដល់ 'B+' ជាមួយទស្សនវិស័យ “ស្ថិរភាព” ពីភ្នាក់ងារវាយតម្លៃឥណទាន Standard & Poor’s (S&P) Global Ratings ក្នុងឆ្នាំនេះ។
អំពីទស្សនាវដ្តី Asiamoney
រយៈពេលជាងបីទសវត្សរ៍ ទស្សនាវដ្តី Asiamoney គឺជាសំឡេងនៃឧស្សាហកម្មធនាគារ និងទីផ្សារមូលធននៅអាស៊ី។ ក្នុងអំឡុងពេលនោះ ការបោះពុម្ពផ្សាយនេះមានសារៈសំខាន់ណាស់ក្នុងការគ្របដណ្តប់លើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅក្នុងតំបន់ដ៏រំភើបបំផុតនៅលើពិភពលោក។ ច្បាប់ចេញផ្សាយនីមួយរបស់ទស្សនាវដ្តី Asiamoney មានរបាយការណ៍ស៊ីជម្រៅ និងពានរង្វាន់វិស័យធនាគារជាច្រើននៅក្នុងទីផ្សាររហូតដល់ទៅ 6 នៅអាស៊ីប៉ាស៊ីហ្វិក។ ការសម្រេចចិត្តផ្តល់ពានរង្វាន់របស់ទស្សនាវដ្តី Asiamoney ត្រូវបានធ្វើឡើងដោយក្រុមអ្នកសារព័ត៌មានជាន់ខ្ពស់ដឹកនាំដោយនិពន្ធនាយករបស់ទស្សនាវដ្តី Euromoney បន្ទាប់ពីទទួលបានការដាក់សំណើលម្អិតពីអ្នកចូលរួមទីផ្សារនេះ និងរួមជាមួយការស្រាវជ្រាវលើទីផ្សារធនាគារ និងមូលធនដោយគណៈកម្មាធិការនិពន្ធនាយក។ និពន្ធនាយកជាន់ខ្ពស់ក៏បានធ្វើទស្សនកិច្ចនៅប្រទេស ឬតំបន់នីមួយៗដើម្បីជួបជាមួយនឹងធនាគារិកនាំមុខគេ និងប្រមូលមតិយោបល់ពីអតិថិជន និងគូប្រកួតប្រជែងផងដែរ។