ធនាគារABAប្រកាសពី ភាពជាដៃគូជាមួយ Agoda
10/Feb/2016
ធនាគារ ABA រួមជាមួយ Agoda.com ដែលជា គេហទំព័រនាំមុខគេ នៅអាស៊ីផ្នែកកក់បន្ទប់ សណ្ឋាគារបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដើម្បីផ្តល់ជូនអាត្រាពិសេសក្នុងការកក់បន្ទប់ សណ្ឋាគារសម្រាប់ម្ចាស់កាតABAដែលមាន សុពលភាព ពីថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2016 នេះតទៅ។
តាមរយៈកិច្ចព្រមព្រៀងនេះ ម្ចាស់កាតABA Visaនិង MasterCardទាំងអស់ អាចទទួលបានការបញ្ចុះ តំលៃភ្លាមៗរហូតដល់ 7%ពីតំលៃបន្ទប់ សណ្ឋាគារច្រើនជាង 700,000 នៅទូទាំងពិភពលោក។ ដើម្បី ទទួលបានភាពរីករាយជាមួយ តំលៃពិសេសនេះម្ចាស់កាតធនាគារABAទាំងអស់ ត្រូវតែធ្វើការកក់ទុកតែតាមរយៈ គេហទំព័រwww.agoda.com/ababank។
“ការសហការរវាង ធនាគារABA និង Agoda.com បានផ្តល់ជូនអតិថិជន នូវឪកាសសន្សំសំចៃ ក្នុងការធ្វើដំណើររបស់ពួកគេ” នេះជាប្រសាសន៍របស់លោក Sanzhar Abdullayev ជានាយក ផ្នែកកាត និងសេវាធនាគារអេឡេចត្រូនិចរបស់ធនាគារ ABA។ លោកបានបន្ថែមទៀតថា “យើងមាន ក្តីសោមនស្សរីករាយក្នុងការនាំមកជូនអតិថិជនរបស់យើងនូវគុណតំលៃបន្ថែម ទៅលើអត្ថប្រយោជន៍ដែលមានស្រាប់របស់កាតធនាគារABA”។
កិច្ចព្រមព្រៀងនេះ ក៏មានផ្តល់ជូននូវការបញ្ចុះតំលៃដែលខ្ពស់បន្ថែមទៀតតាមរដូវកាលសម្រាប់ ម្ចាស់កាតABAនានា ដែលការផ្តល់ជូននេះនឹងជូនដំណឹងនាពេលខាងមុខ។