​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ UnionPay​ សហការ​គ្នា​ពង្រឹង​ប្រព័ន្ធ​ទូទាត់​របស់​កម្ពុជា​

08/Jul/2021

aba upi kh

ធនាគារ​ ABA​ ជា​ធនាគារពាណិជ្ជ​ឈានមុខ​នៅ​កម្ពុជា​ ប្រកាស​ពី​ការ​ពង្រីក​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ទទួលយក​ពាណិជ្ជករ​ ជាមួយ​ក្រុមហ៊ុន​ UnionPay​ ដែល​ជា​បណ្តាញ​ទូទាត់​សកល​ដែល​ផ្តល់​សេវា​កាត​ទូទាត់​ធំ​ជាងគេ​បំផុត​នៅ​លើ​សកលលោក​។​

​​ស្រប​តាម​ទម្លាប់​ទូទាត់​ដែល​កំពុង​ផ្លាស់​ប្តូរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ធនាគារ​ ABA​ បាន​ដាក់​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​ទូទាត់​ចរន្ត​ជិត​ (Contactless​ POS)​ ជាង​ 1,000​ ម៉ាស៊ីន​ នៅ​តាម​ពាណិជ្ជករ​ UnionPay​ ផ្នែក​អាហារ​ និង​ភេសជ្ជៈ​,​ ទីកន្លែង​កម្សាន្ត​,​ និង​ហាង​ទំនិញ​នានា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ ហាង​ល្បីៗ​ មាន​ដូច​ជា​ The​ Asian​ Kitchen,​ Bonchon,​ និង​ The​ Pizza​ Company​ ជាដើម​។​ ABA​ ជា​ធនាគារ​ចេញ​កាត​ច្រើន​បំផុត​មួយ​នៅ​កម្ពុជា​ ហើយ​បាន​និង​កំពុង​ចេញ​កាត​ UnionPay​ ចាប់តាំងពី​ឆ្នាំ​ 2015​។​ ធនាគារ​ ABA​ ក៏​បាន​និង​កំពុង​ទទួលយក​ពាណិជ្ជករ​សម្រាប់​ក្រុមហ៊ុន​ UnionPay​ ចាប់តាំងពី​ឆ្នាំ​ 2016​ និង​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​អ្នក​ទទួលយក​ពាណិជ្ជករ​ UnionPay​ ធំ​ជាងគេ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។​

លើស​ពី​នេះ​ ធនាគារ​ ABA​ បាន​និង​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​កូដ​ QR​ របស់​ UnionPay​ សម្រាប់​ការ​ទូទាត់​នៅ​តាម​ពាណិជ្ជករ​ជាង​ 1,000​ ទីតាំង​ រួម​មាន​ ផ្នែក​ហាង​លក់រាយ​,​ ហាង​អាហារ​ និង​ភេសជ្ជៈ​,​ ទីកន្លែង​កម្សាន្ត​ និង​ទីតាំង​ផ្សេងៗ​ជា​ច្រើន​ទៀត​នៅ​ប្រទេស​កម្ពុជា​។​ ទីតាំង​ដ៏​ពេញ​និយម​ជា​ច្រើន​ ដូច​ជា​ ផ្សារ​ទំនើប​បាយ័ន​,​ ផ្សារ​ទំនើប​ Circle​ K,​ រោង​ភាពយន្ត​ Legend,​ ហាង​ Smart​ Shop,​ ហាង​នំប៉័ង​ Tous​ Les​ Jours,​ និង​ហាង​សម្លៀក​បំពាក់​ Zando​ មាន​ទទួល​ទូទាត់​តាម​កូដ​ QR​ របស់​ UnionPay​។​ ម្យ៉ាងវិញទៀត​ ធនាគារ​ ABA​ ចាប់ផ្តើម​សេវា​ទទួលយក​ពាណិជ្ជករ​សម្រាប់​ក្រុមហ៊ុន​ UnionPay​ International​ នៅ​លើ​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​ PayWay​ របស់​ខ្លួន​ នៅ​ខែវិច្ឆិកា​ ឆ្នាំ​ 2019​។

លោកស្រី​ លាង​ ចិន្តា​ អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន​ UnionPay​ International​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ មាន​ប្រសាសន៍​ថា​៖​ “​យើង​សង្កេត​ឃើញ​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចាប់​យក​ផលិតផល​ទូទាត់​ន​វា​នុ​វត្ត​ ដូច​ជា​ ការ​ទូទាត់​ចរន្ត​ជិត​ (Contactless),​ ការ​ទូទាត់​អន​ឡាញ​,​ និង​ការ​ទូទាត់​តាម​កូដ​ QR​ ពីរ​បី​ឆ្នាំ​កន្លង​មកនេះ​។​ ក្រុមហ៊ុន​ UnionPay​ ខិតខំ​ផ្តល់​នូវ​ផលិតផល​ និង​សេវា​ទូទាត់​ដែល​ឆ្លើយ​តប​នឹង​ការ​តម្រូវការ​សេវា​ទូទាត់​ដែល​កំពុង​ផ្លាស​ប្ដូរ​ របស់​អតិថិជន​ និង​អាជីវកម្ម​ក្នុង​ប្រទេស​។​ ហេតុ​ដូចនេះ​ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​អាច​ពង្រីក​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ជាមួយ​ដៃគូ​ដែល​មានចិត្ត​ដូច​គ្នា​ និង​ធនាគារ​ឈានមុខ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ដូច​ជា​ ធនាគារ​ ABA​ ដើម្បី​ព​ន្លឿ​ន​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា​ទៅ​រក​សង្គម​ឌី​ជី​ថ​ល​មួយ​។​”​

​ក្រុមហ៊ុន​ UnionPay​ ផ្តល់​សេវា​កាត​ទូទាត់​ធំ​ជាងគេ​បំផុត​នៅ​លើ​សកលលោក​ និង​បាន​អភិវឌ្ឍ​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​បន្ត​ផ្តល់​នូវ​សេវា​ទូទាត់​ឧត្តមភាព​ដើម្បី​ជួយ​សម្រួល​ដល់​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​របស់​ខ្លួន​។​ ចំពោះ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ និង​ការ​អភិវឌ្ឍ​កូដ​ QR​  ក្រុមហ៊ុន​ UnionPay​ ជា​ក្រុមហ៊ុន​ឈានមុខ​ជាស​កល​ ក្នុង​ចំណោម​បណ្តាញ​ទូទាត់​អន្តរជាតិ​ ដោយ​ទទួល​បាន​កំណើន​ក្នុង​ការ​ទទួល​ទូទាត់​នៅ​ប្រទេស​កម្ពុជា​ ចាប់ពី​ឆ្នាំ​ 2019​ ដល់​ឆ្នាំ​ 2020​ ដែល​ជា​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ជាង​ 50%​ ជាមួយ​វិសាលភាព​គ្របដណ្តប់​នៅ​តាម​ទីក្រុង​សំខាន់ៗ​ ដូច​ជា​ រាជធានី​ភ្នំពេញ​,​ ទីក្រុង​សៀមរាប​,​ និង​ទី​ក្រុងព្រះសីហនុ​។​

​ការ​ងាក​ទៅ​រក​សេវា​ទូទាត់​ន​វា​នុ​វត្ត​ ដូច​ជា​ ការ​ទូទាត់​ចរន្ត​ជិត​ (Contactless),​ ការ​ទូទាត់​អន​ឡាញ​,​ និង​ការ​ទូទាត់​តាម​កូដ​ QR​ បាន​លេចឡើង​កាន់តែ​ច្បាស់​ អំឡុង​ពេល​រីក​រាលដាល​វីរុស​កូ​វី​ដ​-19​ ដោយ​មនុស្ស​ភាគច្រើន​ផ្តោត​កាន់តែ​ខ្លាំង​មក​លើ​អនាម័យ​ផ្ទាល់ខ្លួន​ និង​ការ​កាត់​បន្ថយ​ការ​ប៉ះពាល់​ផ្ទាល់​ ជា​ពិសេស​ខណៈ​ពេល​ដែល​នៅ​លើ​ក្រដាសប្រាក់​អាច​មាន​បាក់តេរី​,​ មេរោគ​,​ និង​វីរុស​ផ្សេងៗ​ផង​នោះ​។​

​លោក​ Sanzhar​ Abdullayev​ នាយក​គ្រប់គ្រង​កាត​ និង​សេវា​ទូទាត់​អេ​ឡិ​ក​ត្រូ​និករ​បស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​៖​ “​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​ទូទាត់​ចរន្ត​ជិត​ (Contactless)​ និង​កូដ​ QR​ របស់​ UnionPay​ នៅ​តាម​ពាណិជ្ជករ​នានា​ ប្រាកដជា​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​ការ​រស់នៅ​របស់​អតិថិជន​យើង​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ យើង​ជឿជាក់​ថា​ គំនិត​ផ្តួចផ្តើម​នេះ​នឹង​បង្កើន​នូវ​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​ និង​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​សេវា​ទូទាត់​អេ​ឡិ​ក​ត្រូ​និក​កាន់តែ​ច្រើន​ ជា​ពិសេស​អំឡុង​ពេល​រីក​រាលដាល​វីរុស​កូ​វី​ដ​-19​ នេះ​។​”

​អំពី​ក្រុមហ៊ុន​ UnionPay​ International
​ក្រុមហ៊ុន​ UnionPay​ International​ (UPI)​ ផ្តោត​លើ​ធុរកិច្ច​អន្តរជាតិ​របស់​ក្រុមហ៊ុន​ UnionPay​។​ ដោយ​ចាប់​ដៃគូ​ជាមួយ​គ្រឹះស្ថាន​ជាង​ 2,400​ នៅ​ទូ​ទាំង​សកលលោក​ ក្រុមហ៊ុន​ UnionPay​ International​ បាន​អនុញ្ញាត​ឲ្យ​ប្រទេស​និង​តំបន់​ចំនួន​ 180​ ទទួល​កាត​ទូទាត់​ និង​ប្រទេស​និង​តំបន់​ចំនួន​ 70​ ចេញ​កាត​ទូទាត់​។​ ក្រុមហ៊ុន​ UnionPay​ International​ ផ្តល់​នូវ​សេវា​ទូទាត់​ឆ្លង​ប្រទេស​ប្រកបដោយ​គុណភាព​ខ្ពស់​ សុវត្ថិភាព​ និង​តម្លៃ​សមរម្យ​ ដល់​អតិថិជន​កាត​ច្រើន​ជាងគេ​បង្អស់​នៅ​លើ​សកលលោក​ និង​ធានា​ផ្តល់​សេវា​ក្នុង​ប្រទេស​ដ៏​ងាយស្រួល​ដល់​ម្ចាស់​កាត​ និង​ពាណិជ្ជករ​ UnionPay​ ដែល​មាន​ចំនួន​កំពុង​កើនឡើង​ទូ​ទាំង​សកលលោក​។​

នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ក្រុមហ៊ុន​ UPI​ បាន​អនុញ្ញាត​ឲ្យ​ទទួល​ និង​ចេញ​កាត​ទូទាត់​តាម​ម៉ាស៊ីន​ ATM​ និង​ម៉ាស៊ីន​ទូទាត់​ POS​ នៅ​ទូ​ទាំង​ប្រទេស​ទាំង​ 10​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​វិ​ប​សាយ​៖​ www.unionpayintl.com/kh/