ធនាគារ ABA និងក្រុមហ៊ុន តូតាល់កម្ពុជា ចាប់ដៃគូ ផ្តល់សេវាទូទាត់បែបឌីជីថល ដើម្បីបម្រើអតិថិជនឲ្យកាន់តែប្រសើរជាងមុន
16/Jun/2021
ABA ដែលជាធនាគារពាណិជ្ជឈានមុខគេផ្នែកហិរញ្ញវត្ថុឌីជីថល និងក្រុមហ៊ុនតូតាល់កម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TotalEnergies ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលធំទូលាយ មានផលិតនិងចែកចាយថាមពលនៅទូទាំងពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីបង្កើនបទពិសោធទូទាត់បែបឌីជីថលរបស់អតិថិជនឲ្យកាន់តែសម្បូរបែបនៅតាមស្ថានីយ TotalEnergies ។
ជាមួយការចាប់ដៃគូនេះ អតិថិជន ABA អាចទូទាត់មិនប្រើសាច់ប្រាក់ ដោយស្គែនកូដ QR របស់ ABA PAY ឬប្រើកាតចរន្តជិត (Contactless) រាល់ពេលចាក់សាំង ឬទិញអីវ៉ាន់នៅតាមស្ថានីយ TotalEnergies ជាង 100 កន្លែង ទូទាំងប្រទេស។
លើសពីនេះ ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies ក៏អាចទូទាត់ថ្លៃផលិតផល និងសេវាកម្មនានាតាមកម្មវិធី ABA Mobile ខណៈដែលសមាជិក TotalEnergies Card ក៏អាចបញ្ចូលលុយកាតចាក់សាំងរបស់ខ្លួនដោយប្រើកម្មវិធីធនាគារតាមទូរស័ព្ទដៃនេះបានផងដែរ។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាស ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុនតូតាល់កម្ពុជា ដើម្បីដាក់ឲ្យប្រើប្រាស់ជម្រើសទូទាត់បែបឌីជីថលជូនអតិថិជន ដៃគូ និងអ្នកចាយចាយ។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនតូតាល់កម្ពុជា ក៏នឹងប្រើប្រាស់សេវាធនាគារអនឡាញសម្រាប់អាជីវកម្ម ធ្វើជាឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុក្រុមហ៊ុនដ៏ទូលំទូលាយ និងមុខងារគណនីនិម្មិត ដើម្បីដំណើរការប្រតិបត្តិការក្នុងបរិមាណច្រើនៗពីប្រភពផ្សេងៗ និងធ្វើស្វ័យប្រវត្តិកម្ម លើការផ្គូផ្គងទិន្នន័យ។ យើងជឿជាក់ថា កិច្ចសហការរួមគ្នានេះ នឹងជួយសម្រួលដល់ការរស់នៅបែបទំនើបរបស់អតិថិជន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល”។
លោក Asif Iqbal អគ្គនាយកក្រុមហ៊ុនតូតាល់កម្ពុជា បានមានប្រសាសន៍ថា“ យើងមានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយធនាគារ ABA ដើម្បីជួយសម្រួលដល់ការរស់នៅរបស់អតិថិជនរបស់យើង ដោយផ្តល់ជូននូវដំណោះស្រាយទូទាត់បែបឌីជីថលដែលមានសុវត្ថិភាព កាន់តែងាយស្រួល ប្រសិទ្ធភាព និងចំណាយតិច”។
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មដែលផ្តល់ជូនដោយធនាគារ ABA និងក្រុមហ៊ុន តូតាល់កម្ពុជា សូមទាក់ទងផ្នែកទំនាក់ទំនងរបស់ធនាគារ ABA តាមទូរស័ព្ទលេខ 023 225 333 ឬក្រុមហ៊ុន Total Cambodge តាមទូរស័ព្ទលេខ 023 218 630។
អំពីក្រុមហ៊ុន តូតាល់កម្ពុជា
ក្រុមហ៊ុន តូតាល់កម្ពុជា ប្រតិបត្តិការជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ 1993។ ក្រុមហ៊ុន តូតាល់កម្ពុជា ផ្សព្វផ្សាយនៅទូទាំងប្រទេសអំពីផលិតផល និងសេវាកម្មប្រេងឥន្ធនៈផ្សេងៗជាច្រើនដល់អតិថិជនរបស់ខ្លួន ទាំងក្នុងវិស័យឯកជន និងសាធារណៈ។ ក្រុមហ៊ុន តូតាល់កម្ពុជា ផ្តល់ជូននូវផលិតផល និងសេវាកម្ម នៅតាមស្ថានីយជាង 100 កន្លែងសម្រាប់ការចាក់ប្រេងឥន្ធនៈ(ប្រេងសាំង និងម៉ាស៊ូត) ដែលមានហាងទំនិញជាង 52 កន្លែង (ហាង Bonjour) ប្រេងឥន្ធនៈឧស្សាហកម្ម ប្រេងសាំងអាកាសចរណ៍ និងប្រេងម៉ាស៊ីន។ លើសពីនេះ កាត TotalEnergies ជាមធ្យោបាយដ៏ងាយស្រួលក្នុងការជាវ និងគ្រប់គ្រងការជាវប្រេងឥន្ធនៈ។ ក្រុមហ៊ុន តូតាល់កម្ពុជា នៅតែបន្តវិនិយោគលើទីតាំងស្តុកប្រេងស្តង់ដារខ្ពស់សម្រាប់ប្រេងឥន្ធនៈរថយន្ត និងប្រេងឥន្ធនៈអាកាសចរណ៍ផងដែរ។ យើងក៏ផ្តល់សេវាកម្មចាំបាច់ផ្សេងៗ ដូចជា ការវិភាគប្រេង ការដំឡើងស៊ីទែន និងសេវាដឹកជញ្ជូនជូនអតិថិជនពាណិជ្ជកម្មរបស់យើងផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.kh.totalenergies.com ឬ www.facebook.com/TotalEnergiesCambodg។