ធនាគារ ABA និងគណៈកម្មការមូលបត្រកម្ពុជា បើកឲ្យមានមធ្យោបាយទូទាត់អនឡាញសម្រាប់វិនិយោគិន
21/Jan/2020
ធនាគារ ABA ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឌីជីថលឈានមុខគេនៅកម្ពុជា នៅថ្ងៃនេះ ប្រកាសពីការចុះកិច្ចព្រមព្រៀងជាមួយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) ដើម្បីផ្ដល់មធ្យោបាយទូទាត់ដ៏ងាយស្រួល និងដោយឥតគិតថ្លៃ សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ។
កិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិកត្រូនិកសម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ ត្រូវបានចុះហត្ថលេខារវាងឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក គ.ម.ក និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ដោយមានការចូលរួមពីក្រុមការងារនៃស្ថាប័នទាំងពីរ។ ផ្អែកលើកិច្ចព្រមព្រៀង និងការភ្ជាប់ប្រព័ន្ធទូទាត់ប្រកបដោយភាពជោគជ័យ វិនិយោគិនដែលមានបំណងចាប់ផ្ដើមការវិនិយោគនៅក្នុងផ្សារមូលបត្រកម្ពុជា នឹងអាចបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញជាប្រាក់រៀល ដោយប្រើប្រាស់ ABA PAY ដែលជាមុខងារទូទាត់បែបឌីជីថលរបស់ធនាគារ ABA ឬអាចទូទាត់តាមកាត Visa, Mastercard ឬ កាត UnionPay របស់ពួកគេ។ វិនិយោគិនអាចធ្វើការទូទាត់បានដោយសុវត្ថិភាព និងគ្រប់ពេលវេលានៅលើគេហទំព័ររបស់ គ.ម.ក www.secc.gov.kh ។
ក្នុងពិធីចុះហត្ថលេខានោះ នាយកប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov បានមានប្រសាសន៍ថា៖ “ យើងមានសេចក្ដីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយ គ.ម.ក ដើម្បីផ្ដល់ដំណោះស្រាយឌីជីថលរបស់យើងសម្រាប់សេវាទូទាត់អនឡាញ ដល់វិនិយោគិនជារូបវន្តបុគ្គល និងជាក្រុមហ៊ុន។ ដោយទីផ្សារមូលបត្រនៅកម្ពុជាកំពុងមានការរីកចម្រើនទៅមុខ យើងជឿជាក់ថានឹងមានវិនិយោគិនកាន់តែច្រើនឡើងៗ សម្រេចចិត្តចូលមកវិនិយោគ។ ហើយវាជារឿងចាំបាច់ណាស់ដែលយើងត្រូវផ្ដល់ធម្យោបាយទូទាត់ដ៏ងាយស្រួល និងអាចទុកចិត្តបានសម្រាប់ពួកគាត់។ ដំណោះស្រាយដែលយើងដាក់ឲ្យប្រើប្រាស់នៅលើគេហទំព័ររបស់គ.ម.ក នឹងឆ្លើយតបពេញលេញទៅតាមតម្រូវការរបស់វិនិយោគិន ដោយផ្ដល់ជូននូវជម្រើសទូទាត់ជាច្រើន ជាមួយការគាំទ្ររូបិយប័ណ្ណជាតិ គឺប្រាក់រៀល”។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ធនាគារ ABA ត្រូវបានទទួលស្គាល់ថាជាធនាគារឈានមុខគេ ដោយសារយុទ្ធសាស្ត្ររបស់ខ្លួនដែលផ្ដោតលើបច្ចេកវិទ្យា និងការអភិវឌ្ឍផលិតផលដ៏ទំនើបសម្រាប់អតិថិជនជាអាទិភាព។ សមិទ្ធផលរបស់ធនាគារនៅក្នុងវឌ្ឍនភាពធុរកិច្ចឌីជីថល ត្រូវបានសាទរដោយទស្សនាវដ្ដីហិរញ្ញវត្ថុ Asiamoney ដែលផ្ដល់ពាន “ធនាគារឌីជីថលឆ្នើមជាងគេនៅកម្ពុជា ក្នុងឆ្នាំ2019” ដល់ធនាគារ ABA។
ជំហាននាំមុខគេលើសេវាធនាគារតាមទូរស័ព្ទដៃ និងឌីជីថល រួមជាមួយកំណើនដ៏រឹងមាំលើគ្រប់ផលិតផលរបស់ខ្លួន ធ្វើឲ្យធនាគារទទួលបានការដំឡើងចំណាត់ថ្នាក់ឥណទានពី ‘B’ ដល់ ‘B+’ កាលពីខែធ្នូ ឆ្នាំ2019 កន្លងទៅនេះ ពី S&P Global Ratings។