ធនាគារ ABA និង SEA Games 2023 ដំណើរដ៏ស្មោះស្ម័គ្រនៃកម្លាំងសាមគ្គីជាមួយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
21/Nov/2023
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលនឹងបន្ដដក់ជាប់ក្នុងការចងចាំ សម្រាប់មនុស្សជំនាន់ៗក្រោយនោះគឺ ប្រទេសកម្ពុជាបានក្លាយជាម្ចាស់ផ្ទះ ជាលើកដំបូងក្នុងរយៈពេល 64 ឆ្នាំ ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី 32 និងអាស៊ានប៉ារ៉ាហ្គេមលើកទី 12 នាឆ្នាំនេះ។ ធនាគារ ABA ក្នុងនាមជាអ្នកឧបត្ថម្ភផ្តាច់មុខលើវិស័យធនាគារ និងលើសេវាទូទាត់ សម្រាប់ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាសាក្សីនៃសមិទ្ធផលជាប្រវត្តិសាស្ដ្រនេះប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់របស់ខ្លួន ក្នុងការធានានូវភាពជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍នេះទាំងមូលផងដែរ។
កាលពីថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2023 ពហុកីឡដ្ឋានមរតកតេជោ បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរ ខណៈដែលលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានទទួលលិខិតថ្លែងអំណរគុណ ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរនូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងនេះ។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ក្នុងឱកាសប្រគល់លិខិតថ្លែងអំណរគុណនេះថា “ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 និងអាស៊ានប៉ារ៉ាហ្គេមលើកទី 12 គឺជាជោគជ័យដ៏ធំធេងសម្រាប់កម្ពុជា។ ទោះបីជាការប្រកួតបានបញ្ចប់ទៅក៏ពិតមែន ប៉ុន្ដែភាពជោគជ័យនៃការរៀបចំ និងការប្រព្រឹត្តទៅនៃព្រឹត្តិការណ៍នេះ នឹងស្ថិតក្នុងការចងចាំរបស់ប្រជាពលរដ្ឋកម្ពុជាជានិច្ច”។ មនោសញ្ចេតនានេះ ឆ្លុះបញ្ចាំងពីមោទនភាពជាតិរួមដែលបានសាយភាយពាសពេញប្រទេស ដោយបានចាត់ទុកព្រឹត្តិការណ៍នេះថា មិនមែនត្រឹមតែជាភាពជោគជ័យផ្នែកកីឡាប៉ុណ្ណោះទេ ប៉ុន្ដែជាសក្ខីភាពបញ្ជាក់ពីសមត្ថភាព និងភាពធន់របស់កម្ពុជា។
ធនាគារ ABA ប្ដេជ្ញាយ៉ាងមុតមាំចំពោះស្មារតីកីឡា និងសាមគ្គីភាពក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍។ នៅដើមឆ្នាំ 2023 ធនាគារបានចុះកិច្ចព្រមព្រៀងដៃគូឧបត្ថម្ភធំ ជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) ក្នុងនាមជា អ្នកឧបត្ថម្ភផ្តាច់មុខលើវិស័យធនាគារ និងលើសេវាទូទាត់សម្រាប់ព្រឹត្តិការណ៍នេះ។
តាមរយៈភាពជាដៃគូឧបត្ថម្ភនេះ ធនាគារ ABA បានផ្ដល់ថវិកា និងការគាំទ្រផ្សេងទៀត សរុបជាទឹកប្រាក់ 1,500,000 ដុល្លារអាមេរិក ដែលបង្ហាញពីការប្ដេជ្ញាចិត្ត និងការយកចិត្តទុកដាក់ឥតងាករេរបស់ខ្លួន ក្នុងការគាំទ្រក្រុមជម្រើសជាតិកម្ពុជា ព្រមទាំងជួយសម្រួលដល់កិច្ចការទីផ្សារ ដើម្បីផ្សព្វផ្សាយពីស្មារតីនៃព្រឹត្តិការណ៍នេះឲ្យកាន់តែទូលំទំលាយដល់អតិថិជនរបស់ខ្លួន និងសាធារណជនទូទៅ។
ជាផ្នែកមួយនៃការអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ABA ក៏បានរចនាកាតពិសេសសម្រាប់ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ផងដែរ។ កាតរចនាពិសេសទាំងនេះ មិនត្រឹមតែជាមធ្យោបាយទូទាត់ប៉ុណ្ណោះទេ ប៉ុន្ដែក៏ជានិមិត្តរូបនៃមោទនភាពជាតិ និងបង្ហាញពីការគាំទ្រចំពោះអត្តពលិកកម្ពុជា។ ធនាគារ ABA ធានានូវលទ្ធភាពចូលប្រើប្រាស់បានសម្រាប់អតិថិជនគ្រប់រូប ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់កម្មវិធីធនាគារលើទូរស័ព្ទដៃរបស់ខ្លួន បើកកាតរចនាពិសេសនេះពីស្មាតហ្វូនផ្ទាល់ ដោយចាយពេលតិចជាងពីរនាទី។ ធនាគារ សូមថ្លែងអំណរគុណដល់អតិថិជន 100,000នាក់ ដែលបានបង្ហាញនូវក្ដីស្រឡាញ់ និងការគាំទ្រចំពោះព្រឹត្តិការណ៍កីឡានេះតាំងពីដើមមក ហើយបានបើកកាត ABA រចនាពិសេសសម្រាប់ស៊ីហ្គេម ដែលរួមចំណែកដល់ភាពជោគជ័យ និងជាមរតករំលឹកពីភាពជោគជ័យនៃព្រឹត្តិការណ៍នេះ។
នៅក្នុងគំនិតផ្ដួចផ្ដើមដ៏កក់ក្ដៅមួយ ធនាគារ ABA ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះបរិយាបន្ន តាមរយៈចូលរួមក្នុងយុទ្ធនាការបត់បេះដូងរបស់ BeyondTheGames។ យុទ្ធនាការនេះ មានគោលបំណងកៀរគរថវិកាជូនអត្តពលិកប៉ារ៉ាកម្ពុជា (អត្តពលិកមានពិការភាព) និងលើកកម្ពស់ការយល់ដឹងអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ 2023។ ជាផ្នែកមួយនៃកិច្ចផ្ដួចផ្ដើមនេះ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ត្រូវបានលើកទឹកចិត្តឲ្យចូលរួមបត់ក្រដាសបេះដូង 1 លានបេះដូង ដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកថ្មី។ ធនាគារ ABA បានចូលរួមឧបត្ថម្ភទឹកប្រាក់ 30,000 ដុល្លារ សម្រាប់គម្រោងនេះ ខណៈបុគ្គលិកធនាគារក៏បានបត់បេះដូង ដើម្បីចូលរួមជាមួយប្រជាពលរដ្ឋរាប់ម៉ឺននាក់ផ្សេងទៀតផងដែរ។
តាមរយៈដំណើរជោគជ័យនេះ ធនាគារ ABA មានតួនាទីលើសពីគ្រឹះស្ថានហិរញ្ញវត្ថុ ពោលគឺបានបំពេញតួនាទីដ៏សំខាន់ចម្បងនៅក្នុងព្រឹត្តិការណ៍នេះ ដោយទទួលបានការជឿទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ជាមួយទំនួលខុសត្រូវដ៏វិសេសវិសាលនេះ។ ABA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអត្តពលិកទាំងអស់ ដែលបានចូលរួមប្រកួត ហើយក្រោមស្មារតី និងទឹកចិត្តជាអ្នកកីឡាដ៏មោះមុតនេះ បានផ្ដល់នូវហេតុផលពេញដោយមោទនភាពមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ខណៈដែលព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី32 និងប៉ារ៉ាហ្គេមលើកទី12 បានបញ្ចប់ ធនាគារ ABA ឈរយ៉ាងខ្ពស់ ជានិមិត្តរូបនៃមោទនភាព សាមគ្គីភាពជាមួយប្រជាពលរដ្ឋកម្ពុជា និងគោរពដល់ស្មារតីកីឡាយូរអង្វែង៕





