ABA​ និង​ធនាគារ​ Mizuho​ ចាប់ដៃ​គ្នា​ ជំរុញ​សេវា​ហិរញ្ញវត្ថុ​ឆ្លង​ប្រទេស​

09/Feb/2024

MoU ABA​ Bank​ and​ Mizuho​ Bank KHMoU ABA​ Bank​ and​ Mizuho​ Bank KH
MoU ABA​ Bank​ and​ Mizuho​ Bank KH-2MoU ABA​ Bank​ and​ Mizuho​ Bank KH-2
MoU ABA​ Bank​ and​ Mizuho​ Bank KH-5MoU ABA​ Bank​ and​ Mizuho​ Bank KH-5
MoU ABA​ Bank​ and​ Mizuho​ Bank KH-3MoU ABA​ Bank​ and​ Mizuho​ Bank KH-3
MoU ABA​ Bank​ and​ Mizuho​ Bank KH-4MoU ABA​ Bank​ and​ Mizuho​ Bank KH-4

ធនាគារ​ ABA​ របស់​ប្រទេស​កម្ពុជា​ និង​ធនាគារ​ Mizuho​ នៃ​ប្រទេស​ជប៉ុន​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU)​ ក្នុង​ទិស​ដៅ​ពង្រឹង​សេវា​ហិរញ្ញវត្ថុ​ឆ្លង​ប្រទេស​ និង​ពង្រីក​ឱកាស​វិនិយោគ​ក្នុង​តំបន់​។​ ​

ពិធី​ចុះហត្ថលេខា​លើ​ MoU​ នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ការិយាល័យ​កណ្ដាល​របស់​ធនាគារ​ ABA​ ក្នុង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​ 9​ ខែកុម្ភៈ​ ឆ្នាំ​2024​ ក្រោម​វត្តមាន​របស់​នាយក​ប្រតិបត្តិ​ នៃ​ធនាគារ​ទាំង​ពីរ​។​ ភាព​ជា​ដៃគូ​យុទ្ធសាស្ដ្រ​នេះ​ មាន​គោលបំណង​ផ្ដល់​នូវ​អត្ថប្រយោជន៍​សម្បូរ​បែប​ជា​ច្រើន​ ជូន​ដល់​អតិថិជន​របស់​ធនាគារ​ ABA​ និង​ធនាគារ​ Mizuho​ រួម​ទាំង​ធុរកិច្ច​របស់​ជនជាតិ​ជប៉ុន​ និង​សាជីវកម្ម​ពហុ​ជាតិ​។​ កិច្ចសហការ​នេះ​បាន​ចែង​នូវ​ផ្នែក​សំខាន់ៗ​ ដូច​ជា​៖

  • ការ​ផ្តល់​ជូន​សេវាកម្ម​ដ៏​ល្អ​បំផុត​កម្រិត​សកល​៖​ អនុស្សរណៈ​នេះ​ ត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រតិបត្តិការ​ឆ្លង​ប្រទេស​ឲ្យ​កាន់តែ​ងាយស្រួល​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លៃ​សមរម្យ​។​ កិច្ចសហការ​នេះ​ នឹង​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​សំខាន់​ ជា​ពិសេស​សម្រាប់​បណ្ដា​ធុរកិច្ច​ និង​ក្រុមហ៊ុន​របស់​ជប៉ុន​ ដែល​ចង់​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​ ឬ​គ្រប់គ្រង​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ក្រៅប្រទេស​។​
  • ការ​ពង្រីក​ឱកាស​វិនិយោគ​៖​ កិច្ចព្រមព្រៀង​នេះ​ អាច​បើក​ឲ្យ​មាននូវ​ឱកាស​វិនិយោគ​រួម​គ្នា​ ទៅ​លើ​ផលិតផល​ និង​សេវាកម្ម​ ដែល​ស្រប​តាម​តម្រូវការ​ជាក់ស្ដែង​ របស់​ធុរកិច្ច​មក​ពី​ប្រទេស​ជប៉ុន​ និង​សាជីវកម្ម​ពហុ​ជាតិ​ ដែល​អាច​ផ្ដល់​នូវ​លទ្ធភាព​ចូល​ទៅ​កាន់​ទីផ្សារ​ថ្មី​ និង​ផលប​ត្រ​ចម្រុះ​។​
  • ការ​ជំរុញ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​៖​ តាម​រយៈ​ការ​សម្រួល​ដល់​ដំណើរការ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ ភាព​ជា​ដៃគូ​រវាង​ធនាគារ​ទាំង​ពីរ​ ពង្រឹង​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​ប្រទេស​ទាំង​ពីរ​ ដោយ​រក្សា​បាន​នូវ​សុវត្ថិភាព​ប្រតិបត្តិការ​ និង​កាត់​បន្ថយ​ហានិភ័យ​ សម្រាប់​ធុរកិច្ច​នាំ​ចេញ​ និង​នាំ​ចូល​តូច​ធំ​គ្រប់​ប្រភេទ​។​
  • ការ​លើកកម្ពស់​ការ​ផ្លាស់​ប្ដូរ​ចំណេះដឹង​៖​ អនុស្សរណៈ​នេះ​លើកទឹកចិត្ត​ឲ្យ​ធនាគារ​ទាំង​ពីរ​ សហការ​គ្នា​ផ្លាស់​ប្ដូរ​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ជា​ប្រចាំ​ លើ​ការ​វិភាគ​ទីផ្សារ​ និង​ឱកាស​ធុរកិច្ច​ថ្មីៗ​ សម្រាប់​អត្ថប្រយោជន៍​ជូន​ដល់​អតិថិជន​របស់​ខ្លួន​។​ ​

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិការ​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ “​ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ​ Mizuho​ ដែល​ជា​ធនាគារ​ឈានមុខ​កម្រិត​សកល​ គឺជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​ និង​ជោគជ័យ​មួយ​ នៅ​ក្នុង​ដំណើរ​ធុរកិច្ច​របស់​ធនាគារ​ ABA​ ក្នុង​ការ​ផ្សារ​ភ្ជាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទៅ​កាន់​ពិភពលោក​។​ យើង​ជឿជាក់​ថា​ កិច្ចសហការ​របស់​យើង​ នឹង​បើកឱកាស​ថ្មីៗ​ជូន​ដល់​អតិថិជន​ ដែល​រួមចំណែក​ដល់​កំណើន​ពាណិជ្ជកម្ម​ ការ​វិនិយោគ​ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​”​។​ ​

លោក​ Koichi​ Zaiki​ នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ នៃ​ធនាគារ​ Mizuho​ មាន​មតិ​ចំពោះ​ភាព​ជា​ដៃគូ​នេះ​ផង​ដែរ​ថា​ “​យើង​មាន​សេចក្ដី​សោមនស្ស​ក្រៃ​លែង​ ក្នុង​ការ​សហការ​ជាមួយ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​របស់​កម្ពុជា​ ហើយ​ធនាគារ​នេះ​មានការ​យល់​ដឹង​យ៉ាង​ស៊ីជម្រៅ​ អំពី​ទីផ្សារ​ក្នុងស្រុក​របស់​ខ្លួន​។​ ធនាគារ​ Mizuho​ ប្ដេជ្ញា​ចិត្ត​ផ្តល់​នូវ​សេវាកម្ម​ធនាគារ​កម្រិត​សកល​ ព្រមទាំង​ពង្រីក​ឱកាស​វិនិយោគ​ និង​ពង្រឹង​ដំណោះស្រាយ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ ក៏​ដូច​ជា​ ចែករំលែក​ជំនាញ​ និង​ចំណេះដឹង​របស់​ខ្លួន​ជាមួយ​ធនាគារ​ ABA​ ផង​ដែរ​។​ យើង​ស្វះស្វែង​ផ្ដល់​នូវ​ដំណោះស្រាយ​ល្អ​បំផុត​ និង​លើស​ពី​ការ​រំពឹង​ទុក​ ជូន​ដល់​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ ធនាគារ​ទាំង​ពីរ​អាច​សម្រេច​បាន​នូវ​លទ្ធផល​ ឈ្នះ​-​ឈ្នះ​ ប្រកបដោយ​ផ្លែផ្កា​”​។​ ​

តាម​រយៈ​អនុស្សរណៈ​នេះ​ ធុរកិច្ច​របស់​ជប៉ុន​ និង​សាជីវកម្ម​ពហុ​ជាតិ​ មាន​លទ្ធភាព​ទទួល​បាន​ឱកាស​ថ្មីៗ​ សម្រាប់​កិច្ចសហការ​ និង​សកម្មភាព​ហិរញ្ញវត្ថុ​ឆ្លង​​ប្រទេស​។​ ABA​ និង​ធនាគារ​ Mizuho​ នឹង​ចាប់ដៃ​គ្នា​ ដើម្បី​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ក្នុង​ការ​លើកកម្ពស់​ និង​ជំរុញ​ធុរកិច្ច​ ឲ្យ​ចាប់​យក​ឱកាស​វិនិយោគ​ទាំងនេះ​ ព្រមទាំង​រួមចំណែក​ដល់​ទិដ្ឋភាព​សេដ្ឋកិច្ច​ដ៏​រស់​រវើក​ និង​ផ្សារ​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ក្នុង​តំបន់​៕