ធនាគារ ABA និងក្រុមហ៊ុន KESS Innovation Plc. ចាប់ដៃគូដើម្បីលើកកម្ពស់សេវាទូទាត់មិនប្រើសាច់ប្រាក់
24/Jul/2020
ធនាគារ ABA ជាធនាគារពាណិជ្ជនាំមុខរបស់កម្ពុជាផ្នែកហិរញ្ញវត្ថុឌីជីថល និងក្រុមហ៊ុន KESS Innovation Plc. ជាភាគីផ្តល់ដំណោះស្រាយការទូទាត់តាមហាង និងតាមអនឡាញ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូស្តីពីការផ្តល់សេវាទូទាត់មិនប្រើសាច់ប្រាក់សម្រាប់ពាណិជ្ជករ ដោយប្រើប្រាស់ប្រព័ន្ធទូទាត់ពាណិជ្ជកម្មអេឡិកត្រូនិក KESS ។
តាមរយៈភាពជាដៃគូនេះ អតិថិជនធនាគារ ABA នឹងអាចធ្វើការទូទាត់មិនប្រើសាច់ប្រាក់តាមហាង និងតាមអនឡាញទៅឲ្យពាណិជ្ជករដែលចាប់ដៃគូជាមួយក្រុមហ៊ុន KESS Innovation Plc.។ សម្រាប់ការទូទាត់តាមអនឡាញ អតិថិជនធនាគារ ABA អាចចុះឈ្មោះគណនីធនាគាររបស់ពួកគេជាមួយកម្មវិធី KESS និងទទួលបានបទពិសោធទិញទំនិញដោយចុចតែ 1 គ្លីក (1-click) សម្រាប់ការទិញទំនិញនាពេលអនាគត។ សម្រាប់ការទិញទំនិញតាមហាង ពាណិជ្ជករ KESS នឹងប្រើប្រាស់ដំណោះស្រាយទូទាត់តាមកូដ ABA QR គឺ ABA PAY។
លោក Sanzhar Abdullayev នាយកគ្រប់គ្រងកាត និងសេវាទូទាត់អេឡិកត្រូនិក មានប្រសាសន៍ថា “វិស័យពាណិជ្ជកម្មអេឡិកត្រូនិកកំពុងតែរីកចម្រើនឥឡូវនេះ ដោយសារស្ថានភាពទីផ្សារ និងការគាំទ្រផ្នែកបទប្បញ្ញត្តិ។ យើងមានសេចក្តីរីករាយក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន KESS Innovation Plc. ក្នុងការផ្តល់ដំណោះស្រាយការទូទាត់មិនប្រើសាច់ប្រាក់របស់ធនាគារ ABA ទៅកាន់ពាណិជ្ជករកាន់តែច្រើននៅទូទាំងប្រទេស។ យើងជឿជាក់ថា អតិថិជនប្រើប្រាស់កម្មវិធី KESS នឹងទទួលបានមធ្យោបាយងាយស្រួលក្នុងការទូទាត់ថ្លៃផលិតផល និងសេវាកម្មនានាដោយគាំទ្រសហគ្រិន និងផលិតករក្នុងស្រុក និងក្នុងពេលជាមួយគ្នាជំរុញកម្ពុជាឲ្យក្លាយជាសង្គមដែល មានការទូទាត់ បែបឌីជីថល។”
លោក ប៉េះ គឹមស្រ៊ាន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន KESS Innovation Plc. មានប្រសាសន៍ថា៖ “ក្រុមហ៊ុន KESS Innovation Plc. មានសេចក្តីសោមន្សរីករាយក្នុងការចាប់ដៃគូជាមួយធនាគារ ABA។ លោកបានបន្ថែមទៀតថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យធនាគារ ABA និងក្រុមហ៊ុន KESS Innovation Plc. ពង្រីកកាន់តែទូលំទូលាយនូវសេវាផ្ទេរប្រាក់ទូទាំងប្រទេស និងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុឲ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងសុវត្ថិភាព។”
លោកបន្ថែមថា ៖“កម្មវិធី KESS បន្ទាប់ពីកិច្ចប្រឹងប្រែងរយៈពេល 3 ឆ្នាំ យើងជឿជាក់ថា ទីផ្សារឥឡូវនេះមានភាពចាស់ទុំក្នុងការប្រើប្រាស់ផលិតផលលេចធ្លោរបស់យើង៖ កម្មវិធី KESS CHAT។” កម្មវិធី KESS CHAT តភ្ជាប់កសិករ និងអ្នកប្រើប្រាស់ក្នុងស្រុក អ្នកលក់ទៅកាន់អ្នកផ្គត់ផ្គង់ ឲ្យទទួល WeChat / Alipay / Visa Card / Mastercard។ ប្រព័ន្ធទូទាត់រួមតែមួយ ដូចជា អ្នកលក់ច្រើន ការគ្រប់គ្រងសារពើភណ្ឌ សេវាដឹកជញ្ជូន ទូទាត់វិក្កយបត្រទឹក/ភ្លើង ឆាតជាមួយមិត្តភក្តិ/អ្នកលក់។
ប្រព័ន្ធទូទាត់ពាណិជ្ជកម្មអេឡិកត្រូនិក KESS និងកម្មវិធីទូរស័ព្ទនឹងដាក់ដំណើរការនៅខែកញ្ញា 2020។
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មនានាដែលផ្តល់ដោយធនាគារ ABA និងក្រុមហ៊ុន KESS Innovation Plc. សូមទាក់ទងផ្នែកទំនាក់ទំនងអតិថិជនរបស់ធនាគារ ABA តាមទូរស័ព្ទ 023 225 333 ឬក្រុមហ៊ុន KESS Innovation Plc. តាមទូរស័ព្ទ 010 777 708 ឬ 099 614 715។
អំពីក្រុមហ៊ុន KESS Innovation Plc.
ក្រុមហ៊ុន KESS Innovation Plc ត្រូវបានបង្កើតឡើងដោយសហគ្រិនមួយក្រុម និងជាក្រុមហ៊ុនដែលកាន់កាប់ 100% ដោយជនកម្ពុជា ដែលមានគោលបំណងជួយឲ្យអាជីវកម្មនានារីកចម្រើន។ សហស្ថាបនិកបេ្តជ្ញាចិត្តបង្កើតប្រព័ន្ធទូទាត់មួយដែលមានសមត្ថភាពក្នុងការឆ្លើយតបនឹងតម្រូវការដែលវិវត្តយ៉ាងរហ័សរបស់អាជីវកម្មសកលដែលរីកចម្រើនយ៉ាងលឿន។
ប្រព័ន្ធទូទាត់ KESS អនុញ្ញាតឲ្យសាជីវកម្ម/ពាណិជ្ជករធ្វើការផ្ទេរ/ទទួលការទូទាត់ក្នុងប្រព័ន្ធតែមួយបាន។
ផលិតផលរបស់យើងមាន៖
1.ដំណោះស្រាយការទូទាត់សម្រាប់សាជីវកម្ម
2.ការទូទាត់តាមទូរស័ព្ទ
3.ម្នាក់ទៅម្នាក់ទៀត
4.សេវាទិញទំនិញអនឡាញ (B2B & B2C)
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ www.kesspay.com ។