​ធនាគារ​ ABA​ និង​ Chevron​ Cambodia​ ដាក់​ដំណើរការ​កម្មវិធី​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​ដៃគូ​ចែកចាយ​

02/Sep/2024

aba chevron cam khaba chevron cam kh
aba chevron cam kh-1aba chevron cam kh-1
aba chevron cam kh-2aba chevron cam kh-2
aba chevron cam kh-3aba chevron cam kh-3
aba chevron cam kh-4aba chevron cam kh-4
aba chevron cam kh-5aba chevron cam kh-5

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​មួយ​នៅ​កម្ពុជា​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU)​ ជាមួយ​ក្រុមហ៊ុន​ Chevron​ Cambodia​ ដើម្បី​ពង្រឹង​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​ដៃគូ​ចែកចាយ​របស់​ ក្រុមហ៊ុន​ Chevron​ តាម​រយៈ​កម្មវិធី​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​ដៃគូ​ចែកចាយ​ដ៏​ពិសេស​មួយ​។​

​កាលពី​ថ្ងៃ​ទី​ 29​ សីហា​ 2024​ ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ក្រោម​វត្តមាន​ លោកស្រី​ ហួត​ ចាន់​ធីតា​ នាយិកា​សេវា​ធនាគារ​សាជីវកម្ម​ នៃ​ធនាគារ​ ABA​ និង​ លោក​ Chito​ Padie​ នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ ក្រុមហ៊ុន​ Chevron​ និង​ក្រុមការងារ​ជា​ច្រើន​រូប​របស់​ស្ថាប័ន​ទាំង​ពីរ​។​ កម្មវិធី​នេះ​មានការ​ចូលរួម​ពី​ដៃគូ​ចែកចាយ​ចំនួន​ 35​ របស់​ ក្រុមហ៊ុន​ Chevron​ ដែល​រួម​មាន​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ និង​ប្រធាន​គ្រប់គ្រង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។​

​កម្មវិធី​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​ដៃគូ​ចែកចាយ​ គឺជា​ដំណោះស្រាយ​ហិរញ្ញប្បទាន​ដ៏​ពិសេស​មួយ​ ដែល​រៀបចំ​ឡើង​ដើម្បី​ជួយ​សម្រួល​ និង​ស្រប​តាម​តម្រូវការ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ដៃគូ​ចែកចាយ​ ជាមួយនឹង​ ក្រុមហ៊ុន​ Chevron​ ផ្ទាល់​តែ​ម្ដង​។​ តាម​រយៈ​កម្មវិធី​នេះ​ ធនាគារ​ ABA​ នឹង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដែល​មាន​លក្ខណៈ​ពិសេស​មួយ​ សម្រាប់​ដៃគូ​ចែកចាយ​របស់​ Chevron​ ដែល​មាន​ដូច​ជា​ ឥណទាន​សម្រាប់​ទុន​បង្វិល​,​ ឥណទាន​សម្រាប់​ពង្រីក​អាជីវកម្ម​ និង​ ឧបករណ៍​ហិរញ្ញវត្ថុ​ដែល​ពង្រឹង​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ផង​ដែរ​។​

​កម្មវិធី​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​គាំទ្រ​ដល់​តម្រូវការ​ដើមទុន​ និង​ការ​ចំណាយ​នានា​របស់​ដៃគូ​ចែកចាយ​ និង​ដើម្បី​ធានា​ថា​ ពួក​គេ​នឹង​ទទួល​បាន​ប្រយោជន៍​ពី​លក្ខខណ្ឌ​ឥណទាន​ដ៏​ល្អ​ប្រសើរ​ និង​ងាយ​បត់បែន​ ជាមួយ​អត្រា​ការ​ប្រាក់​និង​ថ្លៃ​សេវា​ទាប​ ព្រមទាំង​ដំណើរការ​សិក្សា​ឥណទាន​ដែល​មាន​ភាព​រលូន​ និង​ឆាប់រហ័ស​។​

​លោកស្រី​ ហួត​ ចាន់​ធីតា​ បាន​មាន​ប្រសាសន៍​ថា​ “​កម្មវិធី​ផ្ដល់​ហិរញ្ញប្បទាន​នេះ​ មាន​លក្ខណៈ​ពិសេស​លេចធ្លោ​ ដោយសារ​តែ​ភាព​បត់បែន​ និង​លទ្ធភាព​ទទួល​បាន​ប្រាក់​ឆាប់រហ័ស​ ដោយ​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​បង្កើន​រំហូរ​សាច់ប្រាក់​ សម្រាប់​ស្ថានីយ​កាល់​តិច​ គាំទ្រ​ដល់​ការ​ពង្រីក​ស្ថានីយ​ថ្មី​ និង​កែ​លម្អ​ស្ថានីយ​ដែល​មាន​ស្រាប់​ ព្រមទាំង​ផ្តល់​សេវា​ធនាគារ​ចាំបាច់​ផ្សេង​ទៀត​”​។​

​លោកស្រី​បន្ដ​ថា​ “​តាម​រយៈ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​ងាយស្រួល​នេះ​ ម្ចាស់​អាជីវកម្ម​នឹង​អាច​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន​ទាន់​ពេលវេលា​ មិន​ថា​សម្រាប់​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​ ឬ​គម្រោង​ពង្រីក​អាជីវកម្ម​នោះ​ទេ​”​។​

​លោក​ Chito​ Padie​ មាន​ប្រសាសន៍​ផង​ដែរ​ថា​ “​ការ​ពង្រីក​ស្ថានីយ​របស់​អ្នក​ អាច​ជា​កត្តា​គួប​ផ្សំ​ដ៏​សំខាន់​ ក្នុង​ការ​បង្កើន​វត្ត​មាននៅ​លើ​ទីផ្សារ​ និង​ទាក់ទាញ​អតិថិជន​អោយ​បាន​កាន់តែ​ច្រើន​។​ យើងខ្ញុំ​ជឿជាក់​ថា​ កម្មវិធី​ផ្តល់​ហិរញ្ញប្បទាន​នេះ​ នឹង​ក្លាយជា​វឌ្ឍនភាព​ថ្មី​មួយ​សម្រាប់​ដៃគូ​ចែកចាយ​របស់​យើង​ដែល​អាច​ឲ្យ​អ្នក​រីក​ចម្រើន​ និង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ទីផ្សារ​ប្រកួតប្រជែង​”

​ធនាគារ​ ABA​ នៅ​តែ​ប្ដេជ្ញា​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ​ និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​ងាយស្រួល​ សម្រាប់​បណ្ដា​ធុរកិច្ច​គ្រប់​ទម្រង់​ ដោយ​ធានា​ថា​គ្រប់​គ្នា​សុទ្ធតែ​អាច​ទទួល​បាន​ប្រយោជន៍​យ៉ាងច្រើន​ពី​សេវាកម្ម​របស់​យើង​។​

​សម្រាប់​សំណួរ​ ឬ​ច​ម្ង​ល់​ពាក់ព័ន្ធ​នឹង​កម្មវិធី​ហិរញ្ញប្បទាន​ និង​ដំណោះស្រាយ​សេវា​ធនាគារ​សាជីវកម្ម​ សូម​ទាក់ទង​មក​កាន់​ ABA​ តាម​រយៈ​លេខ​ទូរស័ព្ទ​ 010​ 630​ 772​ ឬ​តាម​អ៊ីមែល​ phal.tipdarath@remove-this.ababank.com