ធនាគារ ABA និងសហគ្រាសពាណិជ្ជកម្មកម្ពុជា ចាប់ដៃគូសហការសំដៅគាំទ្រដល់អ្នកនាំចេញ
12/Jun/2026
ធនាគារ ABA បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយសហគ្រាសពាណិជ្ជកម្មកម្ពុជា (CTE) ដែលជាគំនិតផ្តួចផ្តើមដឹកនាំដោយក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងសមត្ថភាពនាំចេញរបស់ កម្ពុជា និងជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មក្នុងស្រុកដែលមានបំណងពង្រីកវិសាលភាពទៅកាន់ទីផ្សារអន្តរជាតិ។
ក្រោមភាពជាដៃគូនេះ ធនាគារ ABA នឹងផ្តល់ជម្រើសហិរញ្ញប្បទានផ្សេងៗដែលសមស្របតាមតម្រូវការដោយឡែកនៃអាជីវកម្មនីមួយៗ និងទទួលសំណើឥណទានពីអាជីវកម្មនាំចេញ ដោយផ្តោតជាពិសេសលើសហគ្រាសធុនតូច និងមធ្យម ដែលគាំទ្រដោយសហគ្រាសពាណិជ្ជកម្មកម្ពុជា។ កិច្ចសហការនេះ មានគោលបំណងជួយឲ្យអាជីវកម្មនានាបង្កើនសមត្ថភាពផលិតកម្ម ពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន និងចាប់យកឱកាសថ្មីៗនៅលើទីផ្សារក្រៅប្រទេស។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ បានប្រព្រឹត្តទៅនាថ្ងៃទី12 ខែមិថុនា នៅក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីលោក Askhat Azhikhanov អគ្គនាយក និងជានាយកប្រតិបត្តិ នៃធនាគារ ABA និងលោកស្រី គីម ស្រីរ័ត្ន នាយកប្រតិបត្តិ នៃសហគ្រាសពាណិជ្ជកម្មកម្ពុជា ព្រមទាំងតំណាងមកពីស្ថាប័នទាំងពីរ។
ជារបៀបវារៈមួយនៃកម្មវិធី លោកស្រី ធាម រមណីយ នាយិកាទំនាក់ទំនងគូភាគី នៃធនាគារ ABA បានចូលរួមជាវាគ្មិនមួយរូបក្នុងកិច្ចពិភាក្សាស្តីពី ‘ការត្រៀមលក្ខណៈក្នុងការតភ្ជាប់ផលិតផលកម្ពុជា ពីកសិដ្ឋានទៅកាន់ទីផ្សារសម្រាប់អនាគត’ ។ ក្នុងកិច្ចពិភាក្សានេះ លោកស្រីបានគូសបញ្ជាក់អំពីតួនាទី ដ៏សំខាន់នៃលទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងការជួយដល់បណ្ដាអាជីវកម្មនានា ឲ្យពង្រីកប្រតិបត្តិការ ពង្រឹងគុណភាពផលិតផល និងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារសកល។
ជាមួយកម្ចីអាជីវកម្មពេញលេញច្រើនជម្រើស និងដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មដ៏សម្បូរបែប ធនាគារ ABA បន្តប្តេជ្ញាចិត្តគាំទ្រដំណើរវឌ្ឍនភាពរបស់បណ្ដាសហគ្រាសនៅកម្ពុជា ចាប់ពីតម្រូវការបង្វិលដើមទុន និងពង្រីកផលិតកម្ម ដល់សកម្មភាពនាំចេញ និងពាណិជ្ជកម្មអន្តរជាតិ។
កិច្ចសហការជាដៃគូនេះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការនាំចេញ ពង្រឹងឧស្សាហកម្មក្នុងស្រុក និងជំរុញវឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយចីរភាព។ តាមរយៈការ រួមបញ្ចូលគំនិតផ្តួចផ្តើមអភិវឌ្ឍពាណិជ្ជកម្មរបស់សហគ្រាសពាណិជ្ជកម្មកម្ពុជា និងជំនាញការហិរញ្ញវត្ថុរបស់ធនាគារ ABA កិច្ចសហការនេះ នឹងបង្កើតនូវឱកាសថ្មីៗសម្រាប់ធុរកិច្ចកម្ពុជា ក្នុងការប្រកួតប្រជែង ដើម្បីទទួលបានជោគជ័យនៅលើឆាកអន្តរជាតិ។






