ធនាគារ ABA និងក្រុមហ៊ុន ATech Group សហការជាដៃគូ ដើម្បីពង្រឹងការទូទាត់បែបឌីជីថល
25/Jul/2025
ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា និងជាអ្នកផ្គត់ផ្គង់ដំណោះស្រាយហិរញ្ញវត្ថុទំនើប បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន ATech Group ដែលក្រុមហ៊ុនផ្គត់ផ្គង់កម្មវិធីគ្រប់គ្រងអាជីវកម្ម ក្នុងការបង្កើនបទពិសោធន៍ទូទាត់បែបឌីជីថល សម្រាប់អតិថិជនក្នុងវិស័យអាហារនិងភេសជ្ជះ។
ក្រោមភាពជាដៃគូនេះ QR API របស់ ABA នឹងភ្ជាប់ដោយផ្ទាល់ជាមួយប្រព័ន្ធ POS របស់ក្រុមហ៊ុន ATech ដើម្បីដំណើរការការទូទាត់ប្រាក់ភ្លាមៗប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ ការភ្ជាប់នេះ អនុញ្ញាតឲ្យអាជីវកររបស់ក្រុមហ៊ុន ATech បង្កើតកូដ QR និងទទួលបានការផ្ទៀងផ្ទាត់ភ្លាមៗ ដែលគាំទ្រទាំងការទូទាត់នៅក្នុងហាងផ្ទាល់ និងការទូទាត់តាមអនឡាញ។
នៅខាងអតិថិជនវិញ KHQR របស់ ABA នឹងបង្ហាញនៅលើអេក្រង់ម៉ាស៊ីនគិតលុយ និង លើវិក្កយបត្រ ដែលផ្តល់បទពិសោធន៍ទូទាត់ប្រាក់ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ សម្រាប់ការទូទាត់អនឡាញ កូដ QR នឹងមាននៅតាមបណ្តាគេហទំព័រ កម្មវិធីទូរស័ព្ទដៃ តំណរភ្ជាប់ និងមុខងារវិក្កយប័ត្រ។
នៅថ្ងៃទី25 ខែកក្កដា ឆ្នាំ 2025 ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីលោក Zokhir Rasulov អគ្គនាយករងប្រតិបត្តិ និងជានាយកសេវាធនាគារឌីជីថលនៃធនាគារ ABA និងលោក អៀង សែ ប្រធានប្រតិបត្តិនៃក្រុមហ៊ុន ATech Group ព្រមទាំងក្រុមការងាររបស់ស្ថាប័នទាំងពីរផងដែរ នៅការិយាល័យកណ្តាលរបស់ធនាគារ ABA។
លោក អៀង សែ ក៏មានប្រសាសន៍ថា “ពីក្រុមហ៊ុន ATech យើងខ្ញុំ មានកិត្តិយសដែលបានសហការជាមួយ ABA និងមានភាពជឿជាក់យ៉ាងពេញលេញថា ភាពជាដៃគូនេះ នឹងបង្កើនតម្លៃក្នុងរយៈពេលវែងទៅមុខ សម្រាប់អាជីវកម្មដែលពួកយើងបម្រើជូន។ ជាមួយគ្នា យើងកំពុងតែកសាងមូលដ្ឋានគ្រឹះសម្រាប់សេដ្ឋកិច្ចឌីធីថលសម្រាប់ថ្ងៃអនាគត ប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាព។”
ដោយផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូទាត់ដ៏សុវត្ថិភាពរបស់ ABA ជាមួយនឹងប្រព័ន្ធគ្រប់គ្រង់អាជីវកម្មដែលមានភាពបត់បែនរបស់ ATech ភាពជាដៃគូសហការនេះ បានត្រៀមខ្លួនក្នុងការផ្តល់នូវបទពិសោធទូទាត់ដោយមិនប្រើប្រាស់ក្រដាស់ប្រាក់យ៉ាងងាយស្រួល សម្រាប់អាជីវករនិងអតិថិជនជារួម។






