ABA ទទួលបានពានរង្វាន់ជាគ្រឹះស្ថានហិរញ្ញវត្ថុឆ្នើមក្នុងឆ្នាំ 2022 ពី CGCC
23/Jan/2023
ABA ដែលជាធនាគារពាណិជ្ជដ៏ធំបំផុតនៅកម្ពុជា1 មានកិត្តិយសទទួលបានពានរង្វាន់ជា “គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើម” ប្រចាំឆ្នាំ ២០២២ នៅក្នុងសន្និបាតស្តីពី “តួនាទីរបស់គម្រោងធានាឥណទាន ក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងអាស៊ាន” ដែលរៀបចំដោយ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) កាលពីថ្ងៃទី 17 ខែមករា ឆ្នាំ 2023 នៅរាជធានីភ្នំពេញ។
សន្និបាតនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពដោយ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគណៈប្រតិភូ និងអ្នកចូលរួមជាច្រើននាក់ទៀត មកពីធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុនានា។
ពានរង្វាន់នេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងតួនាទីយ៉ាងសកម្មរបស់ ABA ក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (MSMEs) និងក្រុមហ៊ុនធំៗនៅកម្ពុជា លើការពង្រីកអាជីវកម្ម ការវិនិយោគ និងដើមទុនបង្វិល តាមរយៈប្រាក់កម្ចីដែលសេវាធានាឥណទាន ផ្តល់ជូនដោយ CGCC។
នៅក្នុងសន្និបាតនេះ CGCC ក៏បានប្រកាសពីការដាក់ឲ្យដំណើរការនូវ គម្រោងធានាឥណទានជាកញ្ចប់ (PGS) ដែលអនុញ្ញាតឲ្យគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ទាំងអស់ អាចធ្វើការកែប្រែ និងរៀបចំប្រាក់កម្ចីមានការធានា ស្របទៅតាមតម្រូវការនៃអតិថិជនរបស់ខ្លួន ព្រមទាំងទទួលបានប្រាក់កម្ចីដែលមានការធានាផ្តល់ជូនពី CGCC បានយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងភាពបត់បែន។
ប៉ុន្មានឆ្នាំកន្លងមកនេះ ABA បានកំពុងផ្តល់ជូនអាជីវកម្មធុនតូច និងមធ្យម ជាមួយនឹងការស្នើសុំកម្ចីកាន់តែងាយស្រួលជាងមុន ហើយប្តេជ្ញាផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិកម្ពុជា ស្របតាមបេសកកម្ម និងគុណតម្លៃសាជីវកម្មរបស់ ABA ។
អតិថិជនក៏អាចទទួលបានព័ត៌មានបន្ថែម និងរបៀបទទួលបានប្រាក់កម្ចី ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ដោយចូលទៅកាន់វិបសាយ កម្ចីអាជីវកម្មខ្នាតតូច ឬទូរស័ព្ទទៅលេខ 1 800 203 203 (ឥតគិតថ្លៃ ពីគ្រប់ប្រព័ន្ធ ក្នុងប្រទេសកម្ពុជា)។
អំពី CGCC
CGCC គឺជាសាជីវកម្មធានាឥណទានដំបូងបង្អស់របស់កម្ពុជា និងជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC គឺផ្ដល់ការធានាឥណទានដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs) ដើម្បីគាំទ្រ និងទ្រទ្រង់ដល់អាជីវកម្មដែលមានលទ្ធភាពសងតែខ្វះទ្រព្យតម្កល់ពេលស្នើសុំប្រាក់កម្ចី។
គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២២ CGCC បានផ្តល់ការធានាឥណទានលើកម្ចីចំនួន ៩៨៥ ដល់ក្រុមហ៊ុនអាជីវកម្ម ដោយគិតជាទឹកប្រាក់កម្ចីមានចំនួនជាង ៩២លានដុល្លារ ដែលភាគច្រើនលើសលប់ជាកម្ចីខ្វះទ្រព្យធានា។
1 ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។