ធនាគារ ABA និងក្រុមហ៊ុន Thunes ចាប់ដៃគូដើម្បីអនុញ្ញាតការផ្ទេរប្រាក់ឆ្លងប្រទេសចូលទៅក្នុងគណនីធនាគារ
13/Jul/2021
ភាពជាដៃគូជាមួយធនាគារមួយក្នុងចំណោមធនាគារធំបំផុតរបស់កម្ពុជា បង្ហាញឲ្យឃើញថា ក្រុមហ៊ុន Thunes ពង្រីកបន្ថែមនូវបណ្តាញទូទាត់សកលរបស់ខ្លួន។
សិង្ហបុរី/កម្ពុជា ថ្ងៃទី 13 កក្កដា 2021 - ក្រុមហ៊ុន Thunes ជាបណ្តាញទូទាត់សកលឈានមុខ នៅថ្ងៃនេះ បានប្រកាសនូវភាពជាដៃគូជាមួយធនាគារ ABA (“ABA”) ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជានៅក្រៅប្រទេសអាចផ្ញើប្រាក់ត្រឡប់មកប្រទេសរបស់ខ្លួនវិញពីជុំវិញសកលលោកបានរហ័សក្នុងតម្លៃទាបជាងមុន។
កាលពីមុន អតិថិជនដែលធ្វើការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ប្រទេសកម្ពុជាវិញ ត្រូវចំណាយថ្លៃសេវាខ្ពស់ជាមធ្យមជិត 12% សម្រាប់ការផ្ទេរប្រាក់1ចំនួន $200 និងត្រូវរង់ចាំរយៈពេលពីរបីថ្ងៃដើម្បីឲ្យប្រាក់នោះបានមកដល់ដៃរបស់អ្នកទទួល។ ឥឡូវនេះ ជាមួយបណ្តាញសកលទូលំទូលាយ និងសមត្ថភាពថ្មីបំផុតរបស់ក្រុមហ៊ុន Thunes ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅ ធ្វើការ និងសិក្សានៅក្រៅប្រទេសអាចផ្ញើប្រាក់ត្រឡប់មកប្រទេសវិញបានភ្លាមៗក្នុងតម្លៃទាបជាងមុន។ ឧទាហរណ៍ ប្រជាពលរដ្ឋចំណាកស្រុកដែលធ្វើការនៅទ្វីបអឺរ៉ុបអាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលមកកាន់សមាជិកគ្រួសារនៅភ្នំពេញវិញបានដោយប្រើធនាគារ ប្រតិបត្តិករ ឬក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយនៅក្នុងបណ្តាញក្រុមហ៊ុន Thunes ហើយប្រាក់នោះនឹងបានទៅដល់អ្នកទទួលភ្លាមៗ។
ដើម្បីជំរុញបន្ថែមនូវប្រសិទ្ធភាព និងតម្លាភាព ប្រជាពលរដ្ឋក្នុងស្រុក និងជនបរទេសនៅប្រទេសកម្ពុជា ក៏នឹងអាចទទួលបានការផ្ទេរប្រាក់ចូលគណនីធនាគារតាមពេលវេលាជាក់ស្តែងពីបណ្តាញដៃគូផ្ញើប្រាក់ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Thunes ដែលបន្ថែមពីលើការទូទាត់ជាសាច់ប្រាក់ដែលមានស្រាប់តាមរយៈក្រុមហ៊ុន Thunes នោះ។
លោក Andrew Stewart នាយកបណ្តាញសកល ក្រុមហ៊ុន Thunes មានប្រសាសន៍ថា៖ “យើងខ្ញុំមានសេចក្តីរីករាយក្នុងការផ្តល់សេវាទូទាត់តាមពេលវេលាជាក់ស្តែងដែលឈានមុខគេក្នុងទីផ្សារនេះ ដោយគាំទ្រដល់សហគមន៍ក្នុងប្រទេស និងក្រៅប្រទេសពឹងផ្អែកលើការផ្ទេរប្រាក់រហ័ស និងសុវត្ថិភាពសម្រាប់តម្រូវការ និងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន។ ភាពជាដៃគូរបស់យើងជាមួយធនាគារ ABA កត់សម្គាល់ពីជំហានជោគជ័យដ៏សំខាន់មួយ ខណៈពេលដែលក្រុមហ៊ុន Thunes បន្តធ្វើឲ្យប្រសើរឡើងនូវការចូលមកកាន់កម្ពុជាដែលជាប្រទេសមួយក្នុងចំណោមប្រទេសសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតរបស់សកលលោក។”
លោក Zhiger Atchabarov នាយកប្រតិបត្តិការអន្តរជាតិ ធនាគារ ABA មានប្រសាសន៍ថា៖ “នៅធនាគារ ABA យើងខ្ញុំបេ្តជ្ញាចិត្តក្នុងការផ្តល់ឲ្យអតិថិជនអាចចូលប្រើប្រាស់ថវិការបស់ខ្លួនបានដោយងាយស្រួល និងរហ័ស។ ហេតុនេះ យើងខ្ញុំទទួលយកឱកាសនេះដើម្បីប្រើប្រាស់នូវល្បឿន ប្រសិទ្ធភាព និងវិសាលភាពផ្តល់សេវាជាសកលរបស់ក្រុមហ៊ុន Thunes ក្នុងការឆ្លើយតបនឹងតម្រូវការរបស់អតិថិជនរបស់យើងខ្ញុំឲ្យកាន់តែប្រសើរជាងមុន។ ការបង្កើននវានុវត្តន៍ឌីជីថល និងសេវាគុណតម្លៃបន្ថែមដើម្បីផលប្រយោជន៍សហគមន៍កម្ពុជា គឺជាស្នូលនៃចក្ខុវិស័យរបស់ធនាគារ។”
ជាមួយជំនាញច្បាស់លាស់ក្នុងសេដ្ឋកិច្ចកំពុងរីកចម្រើន ភាពជាដៃគូថ្មីបំផុតជាមួយធនាគារ ABA ពង្រឹងនូវការផ្តោតរបស់ក្រុមហ៊ុន Thunes មកលើប្រទេសកម្ពុជាជាទីផ្សារអាស៊ីចម្បងមួយដែលមានសមត្ថភាពអាចដាក់ឲ្យដំណើរការប្រតិបត្តិការបាន នាពេលឆាប់ៗខាងមុខនេះ។
1 ទិន្នន័យធនាគារពិភពលោក ឆ្នាំ 2020។
អំពីក្រុមហ៊ុន Thunes
Thunes ជាក្រុមហ៊ុនអាជីវកម្ម (B2B) ដែលផ្តល់សេវាទូទាត់សម្រាប់អាជីវកម្មដែលរីកចម្រើនលឿនបំផុតរបស់សកលលោក។ គ្រឹះស្ថានសាជីវកម្ម និងហិរញ្ញវត្ថុនានាអាចផ្ទេរប្រាក់បានដោយរលូន សុវត្ថិភាព និងតម្លៃសមរម្យជាមួយបណ្តាញរឹងមាំ ជាទីទុកចិត្ត និងទូលំទូលាយរបស់ក្រុមហ៊ុន Thunes។ ក្រុមហ៊ុន Thunes ត្រូវបានធនាគារ ប្រតិបត្តិករសេវាផ្ទេរប្រាក់ ប្រព័ន្ធ និងអាជីវកម្មផ្សេងៗជាច្រើនទូទាំងសកលលោក ប្រើប្រាស់ដើម្បីធ្វើការទូទាត់ចូលទៅក្នុងគណនីធនាគារ កាបូបអេឡិកត្រូនិក (mobile wallets) និងក្រុមហ៊ុនទទួលសាច់ប្រាក់នៅទូទាំងសកលលោក។ នាពេលបច្ចុប្បន្ន ប្រព័ន្ធរបស់ក្រុមហ៊ុន Thunes តភ្ជាប់ជាមួយដៃគូបណ្តាញ និងអតិថិជនជាង 260 ពីប្រទេស 110 សម្រាប់ផ្ញើ និងទទួលប្រាក់ទូទាំងសកលលោក។ ក្រុមហ៊ុន Thunes មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរីដែលមានការិយាល័យតំបន់នៅទីក្រុងឡុងដ៏ សៀងហៃ ញូវយ៉ក ឌូបៃ និងណៃរ៉ូប៊ី។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.thunes.com